​ហេតុអ្វី​បានជា​ស្ត្រី​ឈឺចាប់ ក្នុង​ពេល​មក​រដូវ​អញ្ចឹង​?

​ហេតុអ្វី​បានជា​ស្ត្រី​ឈឺចាប់ ក្នុង​ពេល​មក​រដូវ​អញ្ចឹង​?

​ស្ត្រី​ភាគច្រើន តែង​ជួប​បញ្ហា​ឈឺចាប់ បែបរ​មួល​ភ្លាមៗ​មុន ឬ​ក្នុង​ពេល​មក​រដូវ​ម្តងៗ​។ រឿង​នេះ​ត្រូវបាន​គេ​ហៅថា Dysmenorrhea​។ តែ​ស្ត្រី​ខ្លះទៀត ការឈឺចាប់​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ រហូត​ដល់​មិន​អាច​ធ្វើ​អ្វី បាន​ទាល់តែ​សោះ​តែ​ម្តង​។

​ជាធម្មតា ការឈឺចាប់​ក្នុង​ពេល​មក​រដូវ ត្រូវ​បាន​ចែកចេញ​ជា​ពីរ​ប្រភេទ ៖ Primary Dysmenorrhea និង Secondary Dysmenorrhea​។ ប្រភេទ Primary Dysmenorrhea គឺជា​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​មួយ ដោយសារ​តែ​ការកើនឡើង នូវ​អ័រម៉ូន​ដូចជា Prostaglandin ក្នុង​ឈាម​ច្រើន ដែល​ជាហេតុ​នាំឲ្យ​មាន​ការ​កន្ត្រាក់ ដល់​ជញ្ជាំង​ស្បូន ទើប​បង្ក​ជា​ការឈឺចាប់​បែប​រមួល រមាស់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ឬ​ខ្ន ដែល​មាន​លក្ខណៈ​ចាប់ពី​តិចតួច រហូត​ដល់​ធ្ងន់ធ្ងរ​។ រឿង​នេះ​ច្រើនតែ​ចាប់ផ្តើម រយៈពេល​ខ្លី មុនពេល ឬ​ក្នុង​ពេល​ចាប់ផ្តើម​មក​រដូវ ហើយ​អាច​យូរ​បំផុត ចាប់​ពី​មួយ​ទៅ​បី​ថ្ងៃ​ឯណោះ​។ ការឈឺចាប់​បែបនេះ ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង នៅ​ពេល​ស្ត្រី​អាយុ​កាន់តែច្រើន ឬ​សម្រាលកូន​ដំបូង​រួច​។

ប្រភេទ Secondary Dysmenorrhea គឺជា​ការឈឺចាប់​ពេល​មក​រដូវ​មួយ ដែល​កើតឡើង​ដោយសារ មូលហេតុ​ណា​ផ្សេង​ពី​ខាងលើ ហើយ​ភាគច្រើន គឺ​ទាក់ទងនឹង​បញ្ហា​ទៅលើ​សរីរាង្គ​បន្ត​ពូជ​ស្ត្រី​តែម្តង ដូចជា ដុំ​សាច់​ក្នុង​ស្បូន ជំងឺ​រលាក​ក្នុង​អាង​ត្រគាក និង​ជំងឺ Endometriosis​។ វា​ក៏​អាច​បណ្តាលមកពី ការប្រើប្រាស់​កង​ដាក់​ក្នុង​ស្បូន​ដែរ ជាពិសេស នៅ​ប៉ុន្មាន​ខែ​ដំបូង​ក្រោយ​ពី​ដាក់​រួច​។ ការឈឺចាប់​នៃ​ការ​មក​រដូវ​ប្រភេទ​នេះ ច្រើន​តែ​ចាប់ផ្តើម​មុន​មក​រដូវ និង​មាន​រយៈពេល​យូរ​ជាង ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ខាងលើ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។