ធី សុវណ្ណ​ថា បន្ត​ទាមទារ​ឲ្យ​ដក​មន្ត្រី​ខិលខូច​និង​រិះគន់​មេ​បក្ស​ប្រឆាំង

ខេត្តតាកែវ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​បន្ត​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​អង្កេត​ស្វែងរក​មន្ត្រី​ខិលខូច​មួយ​ចំនួន​តូច​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​មិន​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ព្រមទាំង​ដក​តំណែង​មន្ត្រី​ទាំងនោះ​ផង ។

នៅ​ក្នុង​វេទិកាសាធារណៈ​លើក​ទី​៣០ ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​១៦០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០១៦ កញ្ញា ធី សុវណ្ណ​ថា ក៍បាន​បន្ត​និយាយ​រិះគន់​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ថា​ជា​មេដឹកនាំ​កំសាក​និង​មិន​ទទួលខុសត្រូវ​នោះ​ផង​ដែរ ។

បើ​តាម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ផ្លូវការ​របស់​ខ្លួន នៅ​ក្នុង​វេទិកាសាធារណៈ​នៅ​ស្រុក​ព្រៃកប្បាស​ខាងលើ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចូលរួម​វេទិកា​បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​(​ប្រជាពលរដ្ឋ​) នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះ​ទើប​ស្គាល់​ចរិត​ប្រធាន និង​អនុប្រធាន​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ។

មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​និង​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២៥ នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា​នេះ ៕