ស្របពេល​ប្រទេស​ស៊ី​រី​មាន​សង្គ្រាមស៊ីវិល​ដ៏​ស្មុគស្មាញ ជនជាតិ Kurd រីករាយ​នឹង​សេរីភាព​ថ្មី​នៃ​ការប្រើ​ភាសា​ និពន្ធដោយ : VOA       August-28-2016, 9:19 am         211

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្របពេល​ប្រទេស​ស៊ី​រី​មាន​សង្គ្រាមស៊ីវិល​ដ៏​ស្មុគស្មាញ ជនជាតិ Kurd រីករាយ​នឹង​សេរីភាព​ថ្មី​នៃ​ការប្រើ​ភាសា​​ដោយ VOA
អា​មូ​ដ (​ស៊ី​រី​)៖ សង្គ្រាមស៊ីវិល​ក្នុងប្រទេស​ស៊ី​រី និង​ការ​ងើប​បះបោរ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បានធ្វើ​ឲ្យ​ជនជាតិ​ស៊ី​រី​ដើមកំណើត Kurd មានឱកាស​គ្រប់គ្រង​តំបន់​របស់ខ្លួន​នៅ​ប៉ែក​ខាងជើង និង​ប៉ែក​ឦសាន​នៃ​ប្រទេស ដែល​រង​ការ​ហែកហួរ​ដោយ​សង្គ្រាម​។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​ជនជាតិ Kurd អាច​ប្រតិបត្តិ​វប្បធម៌​របស់ខ្លួន​ដែល​ធ្លាប់​ត្រូវ​ហាមប្រាម​ពីមុនមក ដោយ​សេរី​។​

​សេរីភាព​ដែល​ទើប​កើត​ថ្មី​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ជនជាតិ​Kurd នេះ គឺ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ភាសា​ជនជាតិ Kurd ដែល​ត្រូវបាន​ហាមប្រាម​ជាច្រើន​ទសវត្សរ៍​ក្នុង​របប​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី Bashar al-Assad និង​ក្រោម​អតីត​ឪពុក​របស់លោក គឺ​លោក Hafez al-Assad ។​

ក្រុម​ជនជាតិ Kurd និយាយថា ពួកគេ​មាន​សេរីភាព​ក្នុង​ការរៀន និង​បង្រៀន​ភាសា​របស់​ពួកគេ​ដល់​កូនចៅ​ជំនាន់​ក្រោយ ដោយសារ​មិនសូវ​ឃើញ​មាន​កងកម្លាំង​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី​ក្នុង​តំបន់​របស់​ពួកគេ​ទាល់តែសោះ​។​

លោក Ismael Omar គ្រូបង្រៀន​ភាសា Kurd របស់​សហគមន៍​ឯកជន​មួយ ក្នុង​ទីក្រុង Amude និយាយថា​៖ «​រឿង​ដែល​កំពុង​កើតមានឡើង​នៅពេលនេះ វា​គឺជា​រឿង​មួយ​ដ៏​ល្អ​បំផុត​»​។​
​លោក​ប្រាប់ VOA ថា​៖ «​យើង​បាន​បណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការសិក្សា​ចំនួន​៣១​រូប ហើយ​យើង​បានធ្វើ​កិច្ចការ​នេះ​ចាប់តាំងពី​ដើមដំបូង​នៃ​បដិវត្តន៍​ស៊ី​រី​មកម្ល៉េះ​»​។​

មុនពេល​មាន​បដិវត្តន៍​ស៊ី​រី ឆ្នាំ​២០១១ ប្រព័ន្ធ​អប់រំ​ទាំងមូល​ក្នុង​តំបន់​ដែលមាន​ជនជាតិ Kurd រស់នៅ ប្រើ​ភាសា​អារ៉ាប់​តែមួយគត់​។ ទោះបីជា​ជនជាតិ Kurd អាច​អភិរក្ស​ការប្រើ​ភាសា​របស់ខ្លួន​នៅតាម​ផ្ទះ​ក៏ដោយ ក៏​ជនជាតិ​ស៊ី​រី​ដើមកំណើត Kurd មិនដែល​មានឱកាស​បាន​សិក្សា​រៀនសូត្រ​ភាសា Kurd នៅតាម​សាលារៀន​ឡើយ​។​

លោកស្រី Samira Hajji Ali ប្រធាន​គណៈកម្មាធិការ​អប់រំ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ជនជាតិ Kurd ក្នុង​ទីក្រុង Qamishli និយាយថា នេះ​ជា​ពេលវេលា​សម្រាប់​ជនជាតិ Kurd យក​ភាសា​របស់​ពួកគេ​ទៅប្រើ​ប្រាស់​ឡើងវិញ និង​បង្ហាត់បង្រៀន​ដល់​កូនចៅ​។ លោកស្រី​ប្រាប់ VOA ថា​៖ «​ភាសា​របស់​ពួកយើង​ត្រូវបាន​រដ្ឋាភិបាល Baath ហាមឃាត់ អស់​រយៈពេល​ជាច្រើន​
ទសវត្សរ៍​មកហើយ ប៉ុន្តែ បច្ចុប្បន្ននេះ​កូនចៅ​របស់​យើង​អាច​ទទួលបាន​ការអប់រំ​ជា​ភាសា​កំណើត​របស់​ពួកគេ​»​។​

លោកស្រី បាន​បន្តថា ក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ ភាសា Kurd គឺជា​ភាសាផ្លូវការ ដូចនឹង​ភាសា​អារ៉ាប់ និង​ភាសា​ស៊ី​រី​។​ រដ្ឋបាល​ថ្នាក់​តំបន់​របស់​ជនជាតិ Kurd ដែល​ធ្វើ​ប្រតិបត្តិការ​ស្វ័យភាព បាន​បង្កើត​កម្មវិធីសិក្សា​ដែល​មិន​ត្រឹមតែ​មានមុខ​វិជ្ជា​ភាសា Kurd ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ផ្តល់​សៀវភៅ​សិក្សា​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​អ្វីដែល​ធ្លាប់បាន​បង្រៀន​នៅក្នុង​សាលារៀន​រដ្ឋ​របស់​ស៊ី​រី​។​

​លោក Abdulselam Mohamad គ្រូបង្រៀន​នៅ​សាលារៀន​រដ្ឋ ក្នុង​តំបន់ Qamishli និយាយថា​៖ «​នៅ​ឆ្នាំ​សិក្សា​ខាង​មុននេះ យើង​នឹងមាន​សៀវភៅ​សិក្សា​ដែល​រៀបចំ​សម្រាប់​ថ្នាក់​បឋម​។ គ្រប់​សៀវភៅ​សិក្សា​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ទាំងអស់ សរសេរ​ជា​ភាសា Kurd»​។​

​លោក​ប្រាប់ VOA ថា គ្រូៗ​នឹងត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ដើម្បី​អាច​ប្រើប្រាស់​ភាសា Kurd ក្នុងការ​បង្រៀន​។​ ប៉ុន្តែ ប្រជាជន​ជាច្រើន មានការ​រិះគន់​ចំពោះ​ប្រព័ន្ធ​អប់រំ​ថ្មី​នេះ​។ ពួកគេ​និយាយថា ទោះបីជា​ការបង្រៀន​ជា​ភាសា Kurd ជា​រឿង​មួយ​ល្អ និង​អាច​បន្ត​ភាសា​នេះ​ដល់​កូនចៅ​ក៏ដោយ ក៏​កម្មវិធីសិក្សា​ថ្មី​ដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ មិនបាន​គិតគូរ​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​ដែល​សិស្ស​មិនទាន់បាន​រៀបចំខ្លួន​រួចរាល់ ក្នុង​ការទទួល​ការអប់រំ​ជា​ភាសា Kurd ទាំងស្រុង​បែបនេះ​នៅឡើយ​។

​លោកស្រី Nesrin Malla ម្តាយ​របស់​កូនសិស្ស​បី​រូប ដែល​ចូលរៀន​នៅ​សាលា​ឯកជន​ដែល​ឧបត្ថម្ភ​ដោយ​ព្រះវិហារ​សាសនា​គ្រិស្ត និយាយថា​៖ «​ពួកយើង​មិន​ជំទាស់​នឹង​ការបង្រៀន​កូនៗ​របស់​យើង​ជា​ភាសា​Kurd​នោះទេ​»​។​

លោកស្រី ប្រាប់​VOA ថា​៖ «​ភាសា Kurd ជា​ភាសា​កំណើត​របស់​យើង ហើយ​យើង​ស្រឡាញ់​ភាសា​នេះ ប៉ុន្តែ ការ​សម្រុក​ដាក់​គ្រប់​សៀវភៅ​សិក្សា​ជា​ភាសា Kurd​ឲ្យ​កូនសិស្ស​ក្នុងពេល​តែមួយ គឺជា​ការធ្វើ​ឲ្យ​ខូចប្រយោជន៍​»​។​

សាលារៀន​ឯកជន ដែល​នៅតែ​បន្ត​បង្រៀន​ជា​ភាសា​អារ៉ាប់ មិនមែនជា​ជម្រើស​សម្រាប់​មាតាបិតា​សិស្ស​ទាំងអស់​ឡើយ​។ ដោយសារតែ​តម្លៃ​សិក្សា​នៅតាម​សាលារៀន​ឯកជន
មានតម្លៃ​ថ្លៃ ប្រជាជន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​រៀន​នៅតាម​សាលារៀន​រដ្ឋ ដែល​បង្រៀន​ជា​ភាសា​Kurd នោះទេ​។​

ក្រុម​អ្នកជំនាញ​ខាង​ភាសា សម្តែង​នូវ​ក្តីបារម្ភ​ស្រដៀង​គ្នា​នេះដែរ ដែលថា​ការដាក់បញ្ចូល​ភាសា​Kurd​ឲ្យ​សិស្ស​សិក្សា អាច​នឹង​រំខាន​ដល់​ទម្លាប់​នៃ​ការសិក្សា​របស់​ពួកគេ​។​
​លោកគ្រូ​បង្រៀន​ម្នាក់ ឈ្មោះ Omar គិតថា​៖ «​វា​ត្រូវតែមាន​ដំណើរការ​តាម​លំដាប់លំដោយ​មួយ​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​ភាសា Kurd សម្រាប់​កូនសិស្ស​តាម​ជំហាន​បន្តិច​ម្តងៗ​។ យើង​មិនអាច​ចេះតែ​បង្រៀន​ពួកគេ​នូវ​ភាសា​មួយ​ដែល​ពួកគេ​មិន​ធ្លាប់​ឃើញ​ក្នុងការ​អប់រំ​របស់​ពួកគេ ហើយ​យើង​បែរជា​រំពឹង​ឲ្យ​ពួកគេ​មាន​ភាពជោគជ័យ​ក្នុងការ​សិក្សា​ឡើយ​»​។​

ក្រុម​អ្នកជំនាញ​គិតថា ឧបសគ្គ​មួយទៀត​សម្រាប់​កូនសិស្ស គឺ​ភាពខុសគ្នា​នៃ​អក្សរ​ភាសា Kurd និង​ភាសា​អារ៉ាប់​។ ភាសា Kurd ស្ថិតក្នុង​អំបូរ​ភាសា​ឥណ្ឌា​-​អឺរ៉ុប ដែល​ប្រើ​អក្សរ​ឡាតាំង​សម្រាប់​សំណេរ ចំណែក​សិស្ស​ធ្លាប់តែ​ប្រើ​អក្សរ​អារ៉ាប់​ដែល​សរសេរ​ពី​ស្តាប់ទៅ​ឆ្វេង​។​

លោកគ្រូ Omar និយាយថា​៖ «​ករណីនេះ​មើលទៅ​ហាក់បីដូចជា​បញ្ហា​តូចតាច ប៉ុន្តែ ជាក់ស្តែង​វា​ជា​រឿង​ដែល​ពិបាក​ដោះស្រាយ ដោយសារតែ​សិស្ស​ត្រូវតែ​ប្តូរ​ទម្លាប់​ទាំងអស់ ទៅជា​សំណេរ​អក្សរ​ឡាតាំង​វិញ​»​។​

លោក​បាន​បន្តថា វា​នឹងត្រូវ​ចំណាយពេល​ច្រើន មុននឹង​សិស្ស​អាច​ស៊ាំ​នឹង​ការប្រើប្រាស់​អក្សរ​ថ្មី​។​ ថ្មីៗ​នេះ សកល​វិទ្យាល័យ​ដែល​ទើប​បង្កើត​ថ្មី​មួយ មានកម្ម​វិធី​អប់រំ​ទៅលើ​បួន​មុខជំនាញ រួមមាន អក្សរសាស្ត្រ​Kurd វិទ្យាសាស្ត្រ វិស្វកម្ម និង​វេជ្ជសាស្ត្រ​។​

​ទោះបី​ជាមាន​ភាពលំបាក​ផ្នែក​បច្ចេកទេស​ទាំងនេះ​ក៏ដោយ ក៏​ក្រុម​ជនជាតិ Kurd នៅ​ថ្នាក់មូលដ្ឋាន​នានា បាន​និយាយថា ក្នុងពេលដែល​ពួកគេ​កំពុងតែ​ទទួលបាន​សិទ្ធិអំណាច​កាន់តែច្រើន ពួកគេ​បាន​តាំងចិត្ត​នឹង​បន្ត​ជំរុញ​ភាសា​របស់​ពួកគេ​ឲ្យ​មានការ​ទទួលស្គាល់​ពី​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​រស់នៅ​៕

​ប្រែ​សម្រួល​ដោយ កោះ សុគ​ន្ធី​