រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

បន្ទាប់ពីយកឈ្នះ លើកីឡាករបារាំង អង់ទ័ន គ្រីស្មាន (Antoine Griezmann) នៅក្នុងការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដល់​ទៅ​ពីរ​ដង​រួច កីឡាករ​អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាន​យក​ឈ្នះ​ជា​ថ្មី​ទៀត សម្រាប់​តំណែង ជា​កីឡាករ​ឆ្នើម​របស់​អ៊ឺរ៉ុប ក្នុង​ឆ្នាំ​នេះ។ ចេញ​ពី​ពិធី​ទទួល​ពាន​រង្វាន់​​នោះ កីឡាករ គ្រីស្ទៀណូ បានថ្លែងឌឺដងដាក់​កីឡាករ អង់ទ័ន ថា«សោកស្ដាយ​ណាស់ ដែល​យក​ឈ្នះ​លើ​អ្នក​ឯង ដល់​ទៅ​ពីរ​ដង នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ»។
រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

ពីឆ្វេងទៅស្ដាំ៖ កីឡាករ អង់ទ័ន គ្រីស្មាន និងកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ។ (រូបថត UEFA)

កំពូលតារាបាល់ទាត់ពិភពលោក នៅតែជាកំពូលតារាបាល់ទាត់! បន្ទាប់ពីឈ្នះជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League» និងក្នុងក្របខណ្ឌ ប្រកួតថ្នាក់ជម្រើសជាតិ «Euro 2016» រួច កីឡាករ​បាល់ទាត់​ជាតិ​ព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានយកឈ្នះជាថ្មីទៀត សម្រាប់​តំណែង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​អ៊ឺរ៉ុប ក្នុងរដូវកាលកន្លងទៅ។

កីឡាកររូបសង្ហា គ្រីស្ទៀណូ រ៉ូណាល់ដូ បានទទួលពិន្ទុច្រើនជាងជាងដៃគូ នៅក្នុងក្រុមរៀលម៉ាឌ្រីត (Real Madrid) ជាមួយគ្នា កីឡាករអន្តរជាតិ ហ្គារេត បែល (Gareth Bale) និងកីឡាករអន្តរជាតិ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ដែលកំពុងទាត់ឲ្យក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid)។

នៅពេលមកទទួល​ពាន​រង្វាន់ សម្រាប់តំណែងមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នៅក្នុងប្រទេសម៉ូណាកូ (Monaco) ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​បារាំង រ៉ូណាល់ដូ កីឡាករព័រទុយហ្គាល់ មិនបានភ្លេចឡើយ ពោល​ពាក្យ​ឌឺដង​ផ្លែផ្កា ដាក់ អង់ទ័ន គ្រីស្មាន កីឡាករ​បារាំង ដែលក្រុមខ្លួន (ក្រុមរៀល និងក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់) បាន​ប្រកួត​យក​ឈ្នះ ក្នុងការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ទាំង​ពីរ នាពេលកន្លងមក។

កីឡាករម្ចាស់បាល់មាសច្រើនជំនាន់ បានបន្លឺជាដំបូងថា៖ «វាពិតហើយ ថាខ្ញុំសប្បាយចិត្តណាស់ នឹងពាន់រង្វាន់ នៃតំណែងថ្មីមួយនេះ។ វាជារដូវកាលដ៏អស្ចារ្យមួយ ហើយកីឡាករពីរនាក់ទៀត ក៏ស័ក្ដិសមនឹងទទួលពាននេះ ដូចគ្នាដែរ។»។

បន្ទាប់មក រ៉ូណាល់ដូ បានថ្លែងឡើងថា៖ «សូមសម្ដែងការសោកស្ដាយផង អង់ទ័ន ដែលបានឈ្នះអ្នកឯង ដល់​ទៅ​ពីរដង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ទាំងក្នុងក្របខណ្ឌ"Champions League" ទាំងក្នុងក្របខណ្ឌ"Euro 2016"។ ហើយក៏សោកស្ដាយណាស់ដែរ សម្រាប់ ហ្គារេត ដែលបានឈ្នះអ្នកឯង នៅក្នុងការ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុងក្របខណ្ឌ"Euro 2016"។»

សូមបញ្ជាក់ដែរថា ពានរង្វាន់ សម្រាប់តំណែងជាកីឡាករឆ្នើម ដែលកីឡាករ រ៉ូណាល់ដូ ទទួលបាននេះ ក៏ជា​ជំហាន​មួយ​សម្រាប់ ឲ្យកីឡាករអាយុ៣១ឆ្នាំរូបនេះ ដើរទៅដណ្ដើមយកបាល់មាស ជាលើកទីបួនទៀត នៅ​ដើម​ឆ្នាំ​ក្រោយ។ បាល់មាស ដែលជាតំណែងដ៏សំខាន់ សម្រាប់កីឡាករឆ្នើមជាងគេ ផ្ដល់ជូនជា​រៀង​រាល់​ឆ្នាំ ដោយ​សមាគម​បាល់​ទាត់​អន្តរជាតិ ហៅថា «Fifa»៕