ក្មេង​ៗ​ទៅ​ជាមួយ​រត់​បណ្ដើរ​យំ​បណ្ដើរ​ទៅ​ប្រាប់​ឪពុក​ម្តាយ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​៤-៥​នាក់​បាន​នាំ​គ្នា​មុជទឹក​ស្រះ​លេង​យ៉ាង​សប្បាយ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​បាន​ប្រកាច់​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​ក្រ​ពាំង​ខ្ទម ខាងត្បូង​ភូមិ​តា​គល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ភួយ សាក់ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​តា​គាល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​និង​មិត្តភក្តិ​៤-៥​នាក់​បាន​នាំ​គ្នា​ទៅ​មុជទឹក​ស្រះ​មុខ​ផ្ទះ ពេល​កំពុង​មុជ​លេង​យ៉ាង​សប្បាយ​ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​មាន​ជំងឺ​ស្ក​ន់​ជាន់​​រើ​ឡើង​ក៏​ប្រកាច់​ក្នុង​ទឹក ពេល​នោះ​មិត្តភក្តិ​ព្យាយាម​ជួយ​ដែរ​តែ​ជួយ​មិន​ទាន់​សោះ​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ ក្មេង​ៗ​ដែល​ទៅ​មុជទឹក​ជាមួយ​បាន​រត់​បណ្ដើរ​យំ​បណ្ដើរ​ទៅ​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ឲ្យ​មក​ចុះ​រាវរក​សព មួយសន្ទុះ​ក្រោយ​ទើប​រាវរក​ឃើញ រួច​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សម្លេង​ទួញ​សោក​យ៉ាង​ក្រៃ​លែង ៕