ដើម​ពោធិ៍ និង​ភាពទ្រុឌទ្រោម​កំពុង​យាយីប្រាសាទព្រៃ​ដើម​ស្រុក

ខេត្តព្រៃវែង​៖ ប្រាសាទ «​ព្រៃ​ដើម​ស្រុក​» គឺជា​ប្រាសាទបុរាណ​មួយ​កំពុង​ទ្រាំទ្រ​ទម្ងន់​សង្កត់​របស់​ដើម​ពោធិ៍​ដ៏​ធំ​មួយ ។ ដើមឈើ ធំ​ៗ​ជា​ច្រើន ដុះ​ព​ទ្ធ័​ជុំវិញ​ប្រាសាទ​ផ្តល់​ម្លប់​យ៉ាង​ត្រជាក់ ជា​ប្រាសាទ​ដែល​ស្ថិត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទទឹង ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ ឆ្លងកាត់​ពេលវេលា​រាប់រយ​ឆ្នាំ តួ​ប្រាសាទ​ទាំងមូល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ។

អ្នក​ភូមិ​រស់នៅ​ក្បែរ​ប្រាសាទព្រៃ​ដើម​ស្រុក​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាម​ការ​តំណាល ត​ៗ​គ្នា ប្រាសាទ​នោះ​ពី​ដើម​ឡើយ​មាន​បារមី​ព្រះ​គោ​ព្រះ​កែវ សណ្ឋិត​នៅ​ចាំ​ថែរក្សា ។ បារមី​នោះ​សក្តិ​សិទ្ធិ​ណាស់ អ្នក​ដែល​មាន​ជំងឺ​ឈឺ​ថ្កាត់ ខុស​គ្រូ ឬ​ត្រូវ​អំពើ​គេ​ជាដើម ឱ្យ​តែ​ទៅ​បន់ស្រន់​នៅ​ទីទួល​ប្រាសាទ​សុទ្ធតែ​បានជា​ធូរស្រាល​ទាំងអស់ ។ អ្នក​ភូមិ​ក្បែរ​ប្រាសាទ​ពេល​មាន​រវល់​ការកូន ឬ​ធ្វើ​ពិធី ផ្សេង​ៗ​ដែល​ត្រូវការ​ចាន ឆ្នាំង សម្ភារ​ប្រើប្រាស់ ផ្សេង​ៗ អាច​បន់ស្រន់​សុំ​ខ្ចី​ពី​បារមី​បាន ។ ក្រៅពី​នេះ​មាន​សត្វ​ស្លាប សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ប្រាសាទ យ៉ាង​ណែនណាន់តាន់តាប់ ។

នៅ​ក្នុង​សម័យ​ខ្មែរក្រហម ពួក​គេ​បាន​កាប់​ដើមឈើ ធំ​ៗ​ដុះ​នៅ​ជុំវិញ​ប្រាសាទ ក្នុង​បំណង​ឱ្យ​រលំ​សង្កត់​លើ​តួ​ប្រាសាទ ប៉ុន្តែ​កើត​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ គឺ​ដើមឈើ​ដែល​រលំ​ហាក់ដូចជា​មាន​អ្វីមួយ​ទាញ​ចេញ​វិញ មិន​ឱ្យ​រលំ​ត្រូវ​តួ​ប្រាសាទ​ទេ ។ ដូច្នេះ​ហើយ​ពួក​ទាហាន​ខ្មែរក្រហម​ទាំងនោះ​ខ្លបខ្លាច​លែង​ហ៊ាន​ធ្វើ​អ្វី​ទៅ​លើ​ប្រាសាទ​ទៀត ។ ការ​កាប់​ផ្តួលរំលំ​ដើមឈើ ធំ​ៗ​ចោល​អស់ ធ្វើ​ឱ្យ​ពពួកសត្វ​ទាំងឡាយ​ដែល​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ​បាត់បង់​ទីជម្រក​ហើយ​នាំ​គ្នា​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​អស់ ។

បើ​តាម​ការ​រៀបរាប់​ពី​ព្រឹទ្ធាចារ្យ​ម្នាក់​នៅ​ក្នុងភូមិ និង​ជា​មន្ត្រី​ជាប់កិច្ចសន្យា​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​មាន​តួនាទី​នៅ​ចាំ​ថែទាំ និង​ការពារ​ប្រាសាទព្រៃ​ដើម​ស្រុក​ឱ្យ​ដឹង​ថា ចំណេរ​កាល​ក្រោយមក​រហូត​ដល់​សព្វ​ថ្ងៃនេះ មិន​ត្រឹមតែ​សត្វ​ទាំងឡាយ​នាំ​គ្នា​ចាកចេញ​ទៅ​អស់​ទេ សូ​ម្បី​តែ​បារមី​សក្តិ​សិទ្ធិ​ដែល​នៅ​ចាំ​ថែរក្សា​ប្រាសាទ​ក៏​សាបរលាប​អស់​ដែរ ដោយសារ​តែ​វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវ​ជន​ទុច្ចរិត​នា​លួច​យក​ទៅ​អស់ ។ ចំណែក​ចានឆ្នាំង​ដែល​អ្នកស្រុក​ធ្លាប់តែ​បន់​សុំ​ខ្ចី​បាន​នោះ ក៏​លែង​បាន​ទៀត​ដែរ ព្រោះ​ខ្ចី​ទៅ​ហើយ​សង​វិញ​មិន​ដែល​គ្រប់​ចំនួន ឯ​អ្នកខ្លះ​ទៀត​មិន​យក​ទៅ​សង​វិញ ។ ក្រៅពី​នេះ​គូស្នេហ៍​យុវវ័យ​មួយ​ចំនួន​តែងតែ​ណាត់​ទៅ​ឱប​ថើប​គ្នា​នៅ​តាម​គុ​ម្ពោ​ធ​ព្រៃ​ក្នុង​បរិវេណ​ជុំវិញ​ប្រាសាទ​ជា​រៀងរាល់ថ្ងៃ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​បារមី​សាបរលាប​ដែរ ។

ដោយសារ​តែ​កត្តា​ពេលវេលា អាកាសធាតុ និង​កត្តា​ធម្មជាតិ​មាន​ដើម​ពោធិ៍ធំ​មួយ​ដុះ​សង្កត់ និង​ចាក់​ឫស​ស្រោប​តួ​ប្រាសាទ​ទាំងមូល​ផង​នោះ ព្រឹទ្ធាចារ្យ​ថា​វា​ធ្វើ​ឱ្យ​តួ​ប្រាសាទ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ។ ប្រាសាទ​នោះ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ទេ ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ហើយ​ផ្លូវ​ចូល​ពិបាក​ថែម​ទៀត​។ អ្នក​ធ្លាប់​ចូល​ទៅ​លេង ឬ​បន់ស្រន់​នៅ​ទួល​ប្រាសាទព្រៃ​ដើម​ស្រុក​បាន​ហៅ​ទីតាំង​នោះ​តាម​គ្នា ខ្លះ​ហៅ​«​ទួល​ព្រះ​ធាតុ​» ខ្លះ​ហៅ​«​ប្រាសាទ​ដើម​ស្រុក​» ឯ​ខ្លះ​ទៀត​ហៅ​«​ប្រាសាទ​ស្រះ​៥» ដោយសារ​មាន​ស្រះ​ទឹក​ចំនួន​៥​នៅ​ពីមុខ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បើ​តាម​ព្រឹទ្ធាចារ្យ​ឱ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​បាន​ចូល​ទៅ​ជីក​បំផ្លាញ​ដី​ទួល នៅ​ខាង​មុខ​ប្រាសាទ​ដោយ​អះអាង​ថា ជីក​យក​អាចម៍ដី​ទៅ​ចាក់​ធ្វើ​ផ្លូវ​អភិវឌ្ឍ​មូលដ្ឋាន ប៉ុន្តែ​ការ​ជីក​នោះ​តាមតែ​ទំនើងចិត្ត​ពាល​វាល​ពាស​កាល​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​នៃ​ភូមិសាស្ត្រ​ប្រាសាទ និង​ប៉ះពាល់​ដល់​ផ្លូវ​បុរាណ​ដែល​នៅ​ខាង​មុខ​ប្រាសាទ​ថែម​ទៀត​ផង​។ មើលឃើញ​សកម្មភាព​បែប​នេះ ប្រជាពលរដ្ឋ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ទៅ​ហាមឃាត់​ឱ្យ​បញ្ឈប់​សកម្មភាព ។ ប៉ុន្តែ​ពេល​មន្ត្រី​ជំនាញ​ចេញ​ផុត គេ​យក​គ្រឿងចក្រ​ទៅ​ដាក់​វិញ​ដដែល គ្រាន់តែ​មិន​ទាន់​ធ្វើ​សកម្មភាព​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ថា នៅ​ពេល​ខាង​មុខ បើ​គេ​ចរចា​គ្នា​ត្រូវ​នោះ សកម្មភាព​ជីក​យក​អាចម៍ដី​អាច​នឹង​បន្ត​ជា​ថ្មី ។ ក្នុង​ស្ថានភាព​បែប​នេះ​អ្នក​ភូមិ​បាន​សំណូមពរ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​ទប់ស្កាត់​ផង ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង​លោក​ហ៊ុន ហៃ មិនដឹង​ពី​រចនាបថ​ប្រាសាទ និង​អ្នក​កសាង​ប្រាសាទ​នោះ​ទេ ហើយ​ថា គឺ​ទាល់តែ​ខាង​បុរាណវិទ្យា​របស់​ក្រសួង​​វប្បធម៌​ទើប​អាច​បញ្ជាក់​បាន ។

ចំពោះ​ការ​យក​គ្រឿងចក្រ​ជីក​យក​អាចម៍ដី​ក្នុង​បរិវេណ​ប្រាសាទ​នោះ លោក​ហ៊ុន ហៃ ចាត់​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ទៅ​ទប់ស្កាត់​ហើយ ។ តាម​គោលការណ៍​លោក​ថា ទីតាំង​ដែល​ជីក​រួច​ហើយ​កន្លែង​ណា​ដែល​ប៉ះពាល់​តម្រូវ​ឱ្យ​យក​ដី​ចាក់​លុប​វិញ ហើយ​ត្រូវ​ជីក​ស្តារ​ស្រះ​ដែល​មាន​ស្រាប់​ឱ្យ​ជ្រៅ ដើម្បី​បាន​ទឹក​សម្រាប់​អ្នកស្រុក​ប្រើ​ប្រាស់ ៕