ទាស់​ពាក្យ​សម្តី​គ្នា យក​កាំបិត​ផ្គាក់​កាប់​ជា​ច្រើន​កាំបិត

ខេត្តសៀមរាប ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដើម្បី​សួរនាំ​នៅ​អធិការ​ស្រុក​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រវាង​ស្ត្រី​និង​ស្ត្រី ខណៈ​ពេល​នោះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្ទុះ​ទៅ​កាប់​ដៃគូ​ជម្លោះ​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ា​រិ​ន ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ដៃ​ឆៅ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ស្រែ​ណូ​យ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​ចំណុះ​ឱ្យ​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​បាន​យក​កាំបិត​ផ្កា​ក់កាប់​ទៅ​លើ​ដៃគូ​ទំនាស់​បណ្តាល​ឱ្យ​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ អោ អៀង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​មាន​ទីលំនៅ​ភួ​មិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ  ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ដោយសារ មូលហេតុ​ទំនាស់​ពាក្យ​សំដី​គ្នា ទើប​ស្ត្រី​ជា​ជនសង្ស័យ​យក​កាំបិត​ផ្គាក់​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​របួសធ្ងន់​តែ​ម្តង ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស៊​ត់ វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ ក្នុងភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ដែរ ៕