នារី​វ័យក្មេង​២​នាក់​ចុះ​ពី​ឡាន​ទាំង​ភ័យ​ស្លន់ស្លោ រួច​រត់​ចេញ​ឆ្ងាយ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ស​មួយ​គ្រឿង​បាន​រេ​ចង្កូត​ម្តង​ទៅ​ស្តាំ​ម្តង​ទៅ​ឆ្វេង ចុង​ក្រោយ​ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​សួនច្បារ​ក្តាន់​២ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​សំដី​សាក្សី​អង្គុយ​លេង​នៅ​សួនច្បារ​ក្តាន់​ពីរ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស គ្មាន​ស្លាក​លេខ បើក​ដោយ​យុវជន​ម្នាក់ ព្រមទាំង​មាន​ដឹក​នារី​វ័យក្មេង​២​នាក់​ទៀត ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ល្មម​មិនសូវ​ជា​លឿន​ណាស់ណា​ទេ ។ ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ស្រាប់តែ​រេ​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្តាំ ហើយ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង មិន​អាច​ធ្វើ​ដំណើរ​តទៅ​ទៀត​បាន ចំណែក​ក្បាល​នាគ​គ្រាន់តែ​វៀច​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បុក​ភ្លាម​នោះ​គេ​ឃើញ​នារី​វ័យក្មេង​ទាំង​២​នាក់​ចុះ​ពីលើ​រថយន្ត​ទាំង​អាកា​រៈ​ភ័យ​ស្លន់ស្លោ រួច​រត់​ចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ទៅ​ឈរ​ចាំ​យុវជន​អ្នក​បើករថយន្ត មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ដឹក​អ្នក​ទាំង​៣​គេចខ្លួន​បាត់​ស្រមោល ។

ចំណែក​សាក្សី​ម្នាក់​ទៀត​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បុក​ក្បាល​នាគ​នេះ គឺ​ដោយសារ​តែ​ពួកក្មេង​ៗ​ទាំងនោះ​រវល់​តែ​ប្រលែង​គ្នា​ពេល​កំពុង​បើកបរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ រួច ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី​ដើម្បី រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ ៕