ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម ! ១៦​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ឱ្យ​ស្នងការ​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​១៦​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។

ហេតុ​ការ​ណ៍ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥, ២៦ និង​២៧ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​បន្ទប់​ជួល និង​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ច្បាស់​រួច​មក កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន​១៦​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៦​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​គ្រើម (​ម៉ា​ទឹកកក​) ចំនួន​១៦​កញ្ចប់ ស្មើ​ទម្ងន់​៣,៧​ក្រាម​, ទូរស័ព្ទ​៧​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​១៦​នាក់ (​ក្នុង​នោះ​៧​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែ​ប្រៃ​) ចំណែក​ជនសង្ស័យ​ចំនួន​៩​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕