ទាហានថៃ​ចាប់​ពល​រដ្ឋ​ខ្មែរ​៤​នាក់

ខេត្តបាត់ដំបង ៖ ក្រុម​ទាហាន​ថៃ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់ ក្នុង​ចំណោម​៥​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ពេល​ដែល​ពួក​គេ​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ឃុំ​ខៅ​ស្មី​ង ស្រុក​មឿង ខេត្ត​ត្រា​ត ប្រទេស​ថៃ ឈម​នឹង​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ហើយ​ភាគី​ថៃ​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​នោះ ត្រឡប់​មក​ស្រុក​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ប្រចាំ​ច្រក «៤០០» នៅ​ស្រុក​សំឡូត​។

លោក ឈឹ​ម យុន នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​តា​តោក បាន​ប្រាប់​កោះសន្តិភាព​ថា ពលរដ្ឋ​ដែល​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​នោះ​មាន​គ្នា​៥​នាក់ តែ​ត្រូវ​ទាហាន​ថៃ​ចាប់​បាន​៤​នាក់ និង​រត់​រួច​ម្នាក់​។ លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​៤​នាក់ ដែល​ទាហាន​ថៃ​ចាប់ខ្លួន ១-​ឈ្មោះ ធូ​ក លី​អូ អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ អ៊ុ​ន ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ អ៊ុ​ន អ៊ុ​ន​វី​ន អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ ឡាំ ដែន អាយុ​២២​ឆ្នាំ និង​ម្នាក់​ដែល​រត់​រួច​ឈ្មោះ​យក្ស តែ​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​ដឹង​ដំណឹង​អំពី​ឈ្មោះ​យក្ស​នេះ​នៅឡើយ​ទេ​។ ពួក​គេ​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។