លាន់​ដូច​រន្ទះ​ទាំង​កណ្ដាល​អា​ធ្រា​ត្រ រត់​ចេញ​មក​មើល​ស្លាប់​ម្នាក់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ប្រជាពលរដ្ឋ​កំពុង​និទ្ទ្រា​លក់​ស្កប់ស្កល់ ស្រាប់តែ​មាន​សំឡេងលាន់​ដូច​រន្ទះ ​បង្ក​ការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ម៉ូតូ Duke និង​ម៉ូតូ Icon បុក​គ្នា បណ្តាល​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ចំណែក​៣​នាក់​ទៀត​រង​របួសធ្ងន់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៣ មុខ​វត្ត​ជន្លង់ម្លូ  ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ហោ​ប៉ាវ​អ្នក​ស្លាប់មាន​អត្ត​សញ្ញាប័ណ្ណ​មួយ​សន្លឹក មានឈ្មោះ ជ័យ ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ផ្ទះ​លេខ ២៣៧ ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ ម៉ូតូ​ម៉ាក Icon ។ ចំណែក​៣​ទៀត ១-​ឈ្មោះ ម៉ុ​ន ធី អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ២-​ឈ្មោះ ម៉ុ​ន ថន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​៣-​ឈ្មោះ រើ​ន ភា​ង៉ែត អាយុ​១៨​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ ទាំង​៣​នាក់​រង​របួសធ្ងន់ ហើយ​ស្នាក់​នៅ​ភូមិ​ព្រះ​និ​ពាន ឃុំ​ចំការ​ស្បូវ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ ម៉ាក Duke ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Duke ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-1251 ជិះ​ឌុ​ប​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​ម៉ាក Icon ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-4313 ជិះ​ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​បុរស​ម្ចាស់​ម៉ូតូ Icon ស្លាប់​ភ្លាម​ៗ  ចំណែក​បុរស​៣​នាក់​ទៀត ជិះ​ម៉ូតូ Duk របួស​ដេក​ដួល​ពេញ​ផ្លូវ​ធ្ងន់ ។

ក្រោយ​កើតហេតុ​បន្តិច​គេ​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​អង្គភាព​៧១១ ដឹក​បុរស​ម្នាក់​ទៀត​នៅ​ពេទ្យ​ព្រះ​កុសុមៈ និង​២​នាក់​ទៀត រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ឯកជន​ជា​អ្នក​ដឹក​ទៅ​សង្គ្រោះ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ដឹក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ចំណែក​សព​កំពុង​រង់ចាំ​សាច់ញាតិ​មក​ទទួល​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕