ក្តៅៗ ! ចាប់​បាន​ខ្មាន់កាំភ្លើង​បាញ់​រះ​នៅ​ស្រុក​សំបូ​រហើយ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ករណី​ខ្មាន់កាំភ្លើង​បាញ់​រះ​ប្រជា​នេសាទ​តាម​ដង​ទន្លេមេគង្គ​នៅ​ស្រុក​សំបូរ ខណៈ​ជិះទូក​ទៅ​លើក​លប​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រង់​ចង្កេះ ពេល​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ ។

លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច អធិការរង​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះជា​អ្នកនេសាទ​ក្រោយ​ពី​កើតហេតុ​បាន​២​ថ្ងៃ ។

បើ​ទោះជា​បែប​ណា ក៏​នគរបាល​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នេះ​នៅឡើយ​ទេ ដោយ​បាន​បញ្ជាក់​ថា នគរបាល​កំពុង​តែ​សាកសួរ និង​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា អំពើ​បាញ់ប្រហារ​មួយ​ត្រូវ​គេ​រាយការណ៍​ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦​សីហា នៅ​ក្បែរ​កោះ​មួយ​កណ្តាលទន្លេ​មេគង្គ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ខណៈ​ប្រជា​នេសាទ​កំពុង​ជិះទូក​ត្រឡប់​មក​ពីលើ​កលប​វិញ ។ ជន​រង​គ្រោះ​ដែល​រង​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​នេះ​ឈ្មោះ ឃឹម សុ​ខន រស់នៅ​ភូមិ​កំពង់​រទេះ ឃុំ​បឹង​ចារ ស្រុក​សំបូរ បាន​រង​របួសធ្ងន់​ត្រង់​ចង្កេះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត ។

បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ដែល​រង​គ្រោះ និង​ពលរដ្ឋ​ដែល​ជួប​ហេតុការណ៍​បាន​ប្រាប់​នគរបាល​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង និង​អ្នក​ភូមិ​២​នាក់​ទៀត​បាន​ចេញពី​លើក​លប​ជិះទូក​ចុះ​ទឹក​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​២​នាក់​ស្លាក​ពាក់​ស៊ី​វិល​បាន​ជិះទូក​អេ​វ​១​គ្រឿង​មក​អែបទូក​របស់​ជន​រង​គ្រោះ​ចម្ងាយ​ជាង​១០០​មែ​ត្រ ហើយ​ក៏​បាន​បាញ់កាំភ្លើង​អាកា​រះ​មក​លើ​ទូក​ជន​រង​គ្រោះ​ចំនួន​៧​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​របួស​ម្នាក់  ភ្លាម​ៗ​បន្ទាប់​ពី​បាន​បាញ់​រួច ទូក​របស់​ជន​នោះ​ក៏​បាន​បត់​ឡើង​ទៅ​លើ​វិញ​បាត់ ។

ទោះជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ ជន​រង​គ្រោះ​ក៏​ដូច​ជា​ពលរដ្ឋ​ដែល​នៅ​លើ​ទូក​នោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ទាំងនោះ​ទេ ដោយសារ​តែ​ទូក​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​ពួក​គាត់​មាន​ភាព​ភិតភ័យ​មិន​បាន​ចាប់អារម្មណ៍ និង​សម្គាល់​មនុស្ស តែ​សំណាងល្អ ដោយសារ​តែ​ទឹក​រលក ហើយ​ទឹក​ហូរ​ខ្លាំង​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់​រះ​មិន​ចំ​គោលដៅ ។

មានការ​កត់​សម្គាល់ថា ការ​ទៅ​ធ្វើ​នេសាទ​របស់​ពលរដ្ឋ​រង​គ្រោះ​គឺ​ធ្វើ​នៅ​ក្នុង​ឡូត៍​សហគមន៍​នេសាទ​ស្រុក​សំបូរ ហើយ​កន្លង​ក៏​ធ្លាប់​បានការ​បាញ់ប្រហារ​ជា​បន្តបន្ទាប់​របស់​មន្ត្រី​សហគមន៍​ទៅ​លើ​ទូក​នេសាទ​ដែល​ទៅ​នេសាទ​ក្នុង​តំបន់​នោះ និង​ក៏​ឈាន​ឲ្យ​មានការ​ចាប់​បង្ក្រាប​បាន​ទូក​នេសាទ​បាន​ចំនួន​២​គ្រឿង​ផង​ដែរ ៕