អាជីវករ​ផ្សារ​ទន្លេ​បិទ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​ជួសជុល​ដំបូល​ទ្រុឌទ្រោម

ខេត្ត​ត្បូងឃ្មុំ ៖  ផ្សារ​ទន្លេ​បិទ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ  ស្រុក​ត្បូងឃ្មុំ  អាច​ត្រូវ​បាន​ចាត់ទុកជា​ផ្សារ​តែ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ជាងគេ និង​ដំបូល​ក្បឿង​ខាងលើ​ក៏​ពុក​ផុយ​ដែរ ។ នៅ​ពេល​ណា​ដែល​មាន​ភ្លៀង​ខ្យល់​ម្តង​ៗ​នោះ ក្បឿង​បាន​ធ្លាក់​ចុះ​មក​ដី ពេល​ខ្លះ​ត្រូវ​ចំ​ក្បាលមនុស្ស​ដែល​ចូល​មក​ទិញ​ម្ហូ​ម​អាហារ បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​។ ក្រុម​អាជីវករ​លក់ដូរ​ទ​ទួ​ច​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​វិធានការ​ជួយ​ជួសជុល ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ហើយ​ផ្សារ​នេះ​ក៏​ខ្វះ​អនាម័យ​ផង​ដែរ ។ អាជីវករ​លក់ដូរ​ម្នាក់​ឈ្មោះ ផាត់ ឡុ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦​ថា គាត់​បាន​ចាប់ផ្តើម​លក់ដូរ​គ្រឿងទេស​នៅ​ក្នុង​ផ្សារ​ទន្លេ​បិទ​នេះ ចាប់​ទាំង​ពី​ចន្លោះ​ឆ្នាំ​១៩៨៤-១៩៨៥  ដោយ​កាល​ណោះ​មាន​លក់​តែ​នៅ​ក្នុង​ផ្សារ​ទេ  ហើយ​សាឡា​ង​បាន​ឆ្លង​ទៅ​វិញ​ទៅ​មក​ពី​កំពង់ចាម​-​ទន្លេ​បិទ អ្នក​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ និង​សម្បូរ​មនុស្ស​ថែម​ទៀត គឺ​លក់ដាច់​គ្រាន់បើ​ដែរ ។

អាជីវករ​ឈ្មោះ ផាត់ ឡុ​ង ប្រាប់​បន្ត​ថា ក្រោយ​ពី​ស្ពាន​គី​ហ្ស៊ុ​ណា សាងសង់​កាត់​ទន្លេមេគង្គ​ហើយ​នោះ មនុស្ស​ក៏​ស្ងាត់ ហើយ​ការ​លក់ដូរ​មិន​ដាច់​ដូច​មុន​ទៀត​ទេ ម្យា​ង​ទៀត​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​មួយ​ចំនួន​បាន​រើ​ទំនិញ​យក​ទៅ​លក់​នៅ​ខាងក្រៅ​ផ្សារ ។ ចំណែក​គាត់​វិញ​មិន​បាន​រើ​ទៅ​លក់​ដូច​គេ​ទេ គឺ​ដោយសារ​តែ​ទំនិញ​ច្រើន​ចេះ តែ​អង្គុយ​លក់​ក្នុង​ផ្សារ​ជាមួយ​ប្រពន្ធ​ទៅ ក្នុង​១​ថ្ងៃ​អាច​លក់ដូរ​បាន​ពី​២០​ទៅ​៣០​ម៉ឺន​រៀល ហើយ​ក៏​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ការ​លក់ដូរ​នេះ​ដែរ ។ នៅ​ពេល​ដែល​កំពុង​តែ​លក់​ជួន​មេឃ​ខ្មៅ​ងងឹត​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ក្បឿង​ដែល​ប្រក់​នៅ​ជាន់​លើ​មាន​សភាព​ពុក​ផុយ​ត្រូវ​បាក់​ធ្លាក់​ចុះ​មក​ដី មាន​ពេល​មួយ​ត្រូវ​ក្បាល​តា​ម្នាក់ បណ្តាល​ឲ្យ​ហូរ​ឈាម  ។ អាជីវករ​ឈ្មោះ កៅ ពុ​ទ្ធី  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ពេល​ដែល​ផ្សារ​មាន​សភាព​អ៊ូអរ​ដំបូង​ៗ លក់ដូរ​ក្នុង​១​ថ្ងៃ​អាច​រក​ចំណូល​បាន​ពី​៦០​ទៅ​៧០​ម៉ឺន​រៀល បាន​ធ្វើ​ឲ្យ​អាជីវ​ភាព​ធូរស្រាល​គ្រាន់បើ  តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ផ្សារ​ទន្លេ​បិទ​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដំបូល​ក្បឿង​រខេករខាក​ឲ្យ​តែ​មាន​ភ្លៀង  ក្បឿង​ត្រូវ​ជ្រុះ​ធ្លាក់​មក​ដី ការ​លក់ដូរ​១​ថ្ងៃ​រកបាន​តែ​ជាង​១០​ម៉ឺន​រៀល​ទេ ដោយ​គ្រាន់តែ​ដោះស្រាយ​ឆ្នាំងបាយ​តែ​ប៉ុណ្ណោះ​។ ជាងកាត់ដេរ​ឈ្មោះ ម៉ៅ ចិន្តា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ប្រាប់​ថា គាត់​បាន​បើក​របរ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​ផ្សារ​ទន្លេ​បិទ​នេះ​១៥​ឆ្នាំ​ហើយ  ថែម​ទាំង​មាន​ម៉ូយ​កាត់​ខោអាវ​នៅ​ទី​ជិត​ទីផ្សារ​មក​កំ​ម្មង់​ឲ្យ​កាត់​ហូរហែ​។ ម្យា​ង​ទៀត​ដំបូល​ផ្សារ​ចាស់​ទ្រុឌទ្រោម សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មេត្តា​ជួយ​ជួសជុល​កែ​លំអរ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ផង ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​បន្ត​ទៀត ។

អាជីវករ​ឈ្មោះ ស៊ីវ ហ្គេ​ក  ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​បើក​ផ្សារ​ទន្លេ​បិទ​គាត់​បាន​ចាប់ផ្តើម​លក់​ខោអាវ ដោយ​រុញ​តាម​រទេះ​លក់ ជួន​ពេល​ខ្លះ​បាក់រទេះ​ក៏​មាន តែ​រាល់​ថ្ងៃនេះ​លក់ដូរ​មិន​ដាច់​ដូច​មុន​ទេ  គឺ​លក់​បាន​យ៉ាងច្រើន​ជាង​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ មាន​ពេល​ខ្លះ​មាន​ក្មេង​បាន​ឡើង​តាម​ជណ្តើរថ្ម​ទៅ​ជុះនោម​នៅ​ជាន់​ទី​១ បើ​ឃើញ​ទៅ​ប្រាប់​កុំ​ឲ្យ​ក្មេង​ធ្វើ​បែប​នេះ​នាំ​ឲ្យ​ឆ្អេះឆ្អាប​ជិះ​ក្លិន​មក​លើ​អ្នក​លក់ដូរ​នៅ​ជាន់​ក្រោម ។ ចំណែក​លោក​ប្រាជ្ញ ចន្ទ  អភិបាលខេត្ត​ត្បូងឃ្មុំ​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា នេះ​ថា រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្សារ​ទន្លេ​បិទ​ឃើញ​ពី​ដំបូល​ផ្សារ​ចាស់​ទ្រុឌទ្រោម  និង​បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​សិក្សា ដើម្បី​ធ្វើការ​វាយតម្លៃ និង​ជួសជុល​កែ​លំអរ​ផ្សារ​ទន្លេ​បិទ​ឡើង​វិញ ៕