បុរស​ឥណ្ឌា​ម្នាក់​លេប​កាំបិត​៤០ដើម​ចូល​ពោះ

បុរស​ឥណ្ឌា​ម្នាក់​លេប​កាំបិត​៤០ដើម​ចូល​ពោះ



CNN​ កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឥណ្ឌា​អាយុ​៤២​ឆ្នាំ​ម្នាក់ បាន​វះកាត់​យក​កាំបិត​ចំនួន​៤០​ដើម​ចេញពី​ក្នុង​ពោះ ក្រោយ​ពី​លេប​ចូល​ក្នុង​រយៈពេល​២​ខែ​កន្លង​មក ។

លោក​វេជ្ជ​ក​បណ្ឌិត​Jatinder Malhotra ប្រចាំការ​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​Amritsar រដ្ឋ​Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ប្រាប់​PNN​ថា លោក​និង​ក្រុម​គ្រូពេទ្យ រួម​ទាំង​អ្នក​ជំនួយការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​វះកាត់ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០១៦ ព្រោះ​កំហុសឆ្គង​តិចតួច មាន​ន័យ​ថា​បុរស​នោះ​អាច​ស្លាប់​បាត់បង់​ជីវិត ។

វេជ្ជបណ្ឌិត​Malhotra​បញ្ជាក់​ថា ក្នុង អំឡុង​ពេល​បំពេញការងារ​វះកាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក លោក មិន​ធ្លាប់​ជួសជុល​ការ​វះកាត់​បែប​នេះ​ពី​មុន​មក​ទេ ។ នៅ​មុន​ពេល​ចាប់ផ្តើម​វះកាត់ លោក​និង​ក្រុម​គ្រូពេទ្យ​ចំណាយពេល​ប្រហែល​២​ថ្ងៃ វិនិច្ឆ័យ និង​ដាក់​ផែនការ​វះកាត់ ។ អំឡុង​ពេល​វះកាត់​ប្រទះ​ឃើញ​កាំបិត​ប្រវែង​១៧​សង្ទីម៉ែត្រ រួម​ទាំង​កាំបិត​ផ្សេង​ទៀត​សរុប​មាន​ចំនួន​៤០​ដើម ក្នុង​ពោះ​អ្នកជំងឺ​។ អ្នកជំងឺ​នោះ​មាន​អាការ​ខុស​ប្រក្រតី ផ្នែក​ផ្លូវចិត្ត ។

CNN បន្ត​ទៀត​ថា ក្រោយ​ពេល​វះកាត់​ប្រកបដោយ​សុវត្ថិភាព អ្នកជំងឺ​បាន​ទទួល​ការ​ថែទាំ​ពី​ក្រុម​គ្រូពេទ្យ​យ៉ាង​ដិត​ដល់ ខណៈ​ពេល​រូបគេ​សុំ​ទោស​ដល់​ក្រុម​គ្រួសារ រួម​ទាំង​ថ្លែងអំណរគុណ​ដល់​គ្រូពេទ្យ​ដែល​បាន​ជួយ​ជីវិត ៕