២​នាក់​បងប្អូន​បង្កើត​សហការ​គ្នា​លួច​ទូរស័ព្ទ​បាន​៨០​គ្រឿង

ខេត្តកំពត ៖ បុរស​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​នគ​បាល​ស្រុក​កំពង់ត្រាច​​ឃាត់ខ្លួន​​បាន​កាល​ពី​វេលាម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា​បាន​គាស់​តូប​លក់​ទូរស័ព្ទ​លួច​យក​អស់​៨០​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ណុំ ប្រុស​ពៅ អាយុ​១៧​ឆ្នាំ ជាប្អូនប្រុស និង​ម្នាក់​ទៀត​ជា​បងប្រុស​​ឈ្មោះ ណុំ វុ​ទ្ធី អាយុ​២២​ឆ្នាំ ចំណែក​ម្ចាស់​តូប​លក់​ទូរស័ព្ទ​រង​គ្រោះ​ឈ្មោះ យឹ​ម សុ​ភក្តិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ទាំង​ជន​រង​គ្រោះ​ និង​ជនសង្ស័យ​រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ដូច​គ្នា ។

នគរបាល​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ដឹង​ថា បាន​ឡើង​ដំបូល​តូប​ក្នុង​ផ្សារ​កំពង់ត្រាច លួច​គាស់​យក​ទូរស័ព្ទ​ដៃ​អស់​៨០​គឿ​ង និង​សម្ភារ​អស់​មួយ​ចំនួន​ទៀត​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​៨០​គ្រឿង មាន​ចាស់​មាន​ថ្មី ស៊ី​មកា​ត​៦៨​ស៊ី​ម ថ្ម​ទូរស័ព្ទ​៣៨​ដុំ និង​កាស​ទូរស័ព្ទ​៣៩ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕