ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ខ្លាច​បាត់បង់​ធនធាន​ត្រី​ដោយសារ​ការ​នេសាទ​យក​កូន​ត្រី

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជីរោទិ៍២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ចំពោះ​ការ​បាត់បង់​ពូជ​ត្រី​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​សកម្មភាព​នេសាទ​ខុស​ច្បាប់ ដើម្បី​យក​កូន​ត្រី​តូចៗ​យ៉ាងច្រើន​ជា​រៀង​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ពួក​គេ​នឹង​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ​ករណី​នេះ ហើយ​រាយការណ៍​ព័ត៌មាន​ស្ដីពី​ការ​នេសាទ​ខុស​ច្បាប់​ទៅ​មន្ត្រី​ពាក់ព័ន្ធ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីរោទ៍២ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​នេសាទ​កើត​ឡើង​បន្ត​ទៀត និង​ជួយ​ការពារ​ធនធាន​មច្ឆជាតិ​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ​ឲ្យ​បាន​គង់វង្ស។ ការ​ស្នើសុំ​នេះ ក្រោយ​ពេល​ពលរដ្ឋ​ឃើញ​សកម្មភាព​នេសាទ​យក​កូន​ត្រី​តូចៗ​ក្នុង​មួយ​ថ្ងៃៗ​រាប់​រយ​គីឡូក្រាម​នៅ​តំបន់​បឹង​ក្រចាប់។

ពលរដ្ឋ​នៅ​ឃុំ​ជីរោទ៍២ មួយ​រូប​សុំ​លាក់​អត្តសញ្ញាណ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ កូន​ត្រី​តូចៗ​ចម្រុះ​គ្នា​ត្រូវ​បាន​អ្នក​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​ខុស​ច្បាប់ ចាប់​យក​ចេញ​មក​ពី​ក្នុង​បឹង លក់​ឲ្យ​ម៉ូយ​របស់​ពួក​គេ គឺ​មិន​ក្រោម​ពី ១​តោន​ឡើយ។ លោក​បន្ត​ថា មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី គឺ​មិន​ឃើញ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ហើយ​បើ​ក្រុម​មន្ត្រី​ជលផល​ចុះ​ទៅ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ បទល្មើស​នេសាទ​កើត​មាន​ដដែល។ លោក​បន្ត​ថា នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ទៅ​ម្តងៗ ផ្ទៃ​បឹង​ស្ងប់ស្ងាត់ ដោយ​ក្រុម​ជន​ល្មើស​ដឹង​មុន ហើយ​ជាន់​ពន្លិច​លូ​ស្បៃ​មុង​របស់​ខ្លួន​ចូល​ក្នុង​ទឹក ជាដើម៖ «ភ័យ​បារម្ភ​ខ្លាច​ថ្ងៃ​ក្រោយ​ទៅ វា​ដាច់​ពូជ​ម៉ង​ហ្នឹង! វា​បាន​អី​ហូប​ត​ទៅ​ទៀត។ រាល់​ថ្ងៃ​កំពុង​ហូប​ត្រី​ចិញ្ចឹម ត្រី​ឆ្ដោ ត្រី​ប្រា ដែល​នាំ​ចូល​ទី​យួន មក​ហ្នឹង»

បទល្មើស​លូ​ស្បៃ​មុង គឺ​ដាក់​នៅ​ក្នុង​បឹង​ក្រចាប់​ជាច្រើន​វង់ ហើយ​មួយ​វង់ៗ​អាច​មាន​ប្រវែង​ពី ១០​ម៉ែត្រ​ទៅ ៥០​ម៉ែត្រ ឬ​លើស​ពី​នេះ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​និយាយ​ថា ដោយសារ​ការ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ច្រើន ធ្វើ​ឲ្យ​ទិន្នផល​ត្រី​កាន់​តែ​ហិនហោច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិសេស​នៅ​តំបន់​បឹង​ក្រចាប់​ដែល​លោក​រស់នៅ។ ប្រភព​ដដែល​និយាយ​ថា ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ពូជ​ត្រី​នៅ​តំបន់​បឹង​មួយ​នេះ នឹង​ប្រឈម​ក្តី​វិនាស​មិន​ខាន៖ «ខ្ញុំ​ឃើញ​បទល្មើស​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ! ឃើញ​ច្រើន​ពាសពេញ​តែ​ម្តង»

បឹង​ក្រចាប់​មាន​ទីតាំង​នៅ​ឃុំ​ជីរោទ៍២ ហើយ​បឹង​នេះ​នៅ​រដូវ​ទឹក​ឡើង​មាន​ទំហំ​ប្រមាណ ៦ ទៅ ៧​គីឡូម៉ែត្រ ប៉ុន្តែ​នៅ​រដូវ​ទឹក​ស្រក ផ្ទៃ​បឹង​អាច​មាន​ទំហំ ១០ ទៅ ២០​ហិកតារ។ ឃុំ​ជីរោទ៍២ មាន​ភូមិ​ចំនួន ១២​ភូមិ ហើយ​ភូមិ​ដែល​មាន​ពលរដ្ឋ​រស់​ពឹង​លើ​របរ​នេសាទ​ច្រើន​ជាង​គេ គឺ​មាន​ចំនួន ៣​ភូមិ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជីរោទ៍២ លោក ជា ប៊ុនពៅ មាន​ប្រសាសន៍​ថា នៅ​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ ខាង​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​បទល្មើស​នេសាទ​ឡើយ ប៉ុន្តែ​កន្លង​មក ធ្លាប់​មាន​មន្ត្រី​ជលផល​ចុះ​បង្ក្រាប​បទល្មើស​តំបន់​បឹង​ក្រចាប់​ដែរ។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​នឹង​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ ហើយ​នឹង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ព្រម​ទាំង​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ៖ «អ៊ីចឹង​ខ្ញុំ​នឹង​រៀបចំ​គណៈកម្មការ ហើយ​នឹង​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល អាច​ចុះ​ធ្វើ​សកម្មភាព ហើយ​នឹង​ទំនាក់ទំនង​ទៅ​មន្ត្រី​ពាក់ព័ន្ធ»

មេ​ឃុំ​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក អាជ្ញាធរ​ធ្លាប់​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​អំពី​ផល​ប៉ះពាល់​នៃ​ការ​នេសាទ​ខុស​ច្បាប់ ហើយ​នឹង​បន្ត​អប់រំ​អ្នក​ភូមិ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​កាន់​តែ​យល់​ច្បាស់​អំពី​ផល​វិបាក​នៃ​ការ​នេសាទ​ខុស​ច្បាប់​ទាំងនោះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជីរោទ៍២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ខុម មើល​ឃើញ​ថា ដោយសារ​ទិន្នផល​ត្រី​កាន់​តែ​ថយ​ចុះ ម្យ៉ាង​ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​រលុង ព្រម​ទាំង​មាន​អំពើ​ពុក​រលួយ​ខ្លះ​ផង ជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន​ឡើង។ លោក​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព ក្រសួង​កសិកម្ម ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​តាម​ភូមិ​នីមួយៗ​ដែល​រស់នៅ​ជាប់​បឹង​ទាំងឡាយ ធ្វើ​សកម្មភាព​ការពារ​ធនធាន​មច្ឆជាតិ​ដោយ​ខ្លួន​ឯង។ លោក​កត់​សម្គាល់​ថា ទិន្នផល​ត្រី​កាន់​តែ​ហិនហោច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​ប្រជា​នេសាទ​កាន់​តែ​ច្រើន​ជំពាក់​បំណុល​គេ ហើយ​ចំណាក​ស្រុក​ក៏​កាន់​តែ​កើត​មាន​ច្រើន​ឡើង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។