ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​មួយ​ចំនួន​ខក​ចិត្ត​នឹង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន

ពលរដ្ឋ​ខ្លះ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឧត្តរ យល់​ថា ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នោះ គឺ​មិន​អាច​រក​ឃើញ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ហើយ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពិត​ប្រាកដ​ទេ។

ការ​អះអាង​ដូច​នេះ ដោយសារ​តែ​គេ​យល់​ថា រាល់​ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ គឺ​ចុះ​ទៅ​តាម​តែ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ទុក ចំណែក​កន្លែង​ដែល​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ស្មុគស្មាញ គឺ​អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​រៀបចំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​ទៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រៀបចំ​កម្លាំង​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ពលរដ្ឋ​បាន​ជួប​នាយក​រដ្ឋមន្ត្រី​ទៀត​ផង។

តើ​ការ​អះអាង​របស់​ពលរដ្ឋ​បែប​នេះ​ជា​ការ​ពិត ឬ​ក៏​យ៉ាង​ណា?

តំណាង​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ចំនួន​៥ របស់​សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ប្រមាណ​ជិត ៣០​នាក់ សម្ដែង​ការ​ខក​ចិត្ត ដោយសារ​តែ​ពួក​គេ​បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ដើម្បី​ស្កាត់​រក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​មិន​បាន​សម្រេច។

ការ​ខក​ចិត្ត បាន​ស្ដែង​ចេញ​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​នៅ​តាម​តំបន់​ជាច្រើន​របស់​ខេត្ត​ឧត្តរមានជ័យ ក៏ប៉ុន្តែ​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​ជួប​ដើម្បី​សម្ដែង​កង្វល់ និង​ស្វែងរក​ដំណោះស្រាយ​ទេ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ដែល​បាត់បង់​ដីធ្លី​ជាង ២០០​គ្រួសារ គឺ​លោកស្រី ហួយ ម៉ៃ។ លោកស្រី​អះអាង​ថា គាត់​បាន​ប្រឹងប្រែង​ពេញ​មួយ​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយ​ធ្វើ​ដំណើរ​ចម្ងាយ​ដី​ជាង ២០​គីឡូម៉ែត្រ បំណង​ស្កាត់​ជួប​មុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ លោកស្រី​ខំ​រៀបចំ​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អង្គរ ស៊ូហ្គើ (Angkor Sugar) រយៈពេល ៧​ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ទុក​ប្រគល់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​បំណង​របស់​លោកស្រី​បែរ​ជា​ខក​ចិត្ត ពីព្រោះ​តែ​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​រារាំង ព្រម​ទាំង​បញ្ជូន​ពួក​គាត់​ទៅ​សាកសួរ​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ផង​នោះ៖ «ខ្ញុំ​ទៅ​នោះ​ខ្ញុំ​មាន​បំណង​ល្អ ដើម្បី​ចង់​ជួប​សម្ដេច ពីព្រោះ​ខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​គាត់​ផ្ទាល់​ផង។ ទី​២ ខ្ញុំ​ក៏​ចង់​ឲ្យ​សម្ដេច​ជួយ​ជំរុញ​ចៅហ្វាយ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ដី​នៅ​ភូមិ​អូរបាត់មាន់ មក​ឲ្យ​ពួក​ខ្ញុំ​វិញ»

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​នគរបាល​ក្រុង​សំរោង និង​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថា​យ៉ាង​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា។

ហ៊ុន សែន កែប ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា​ខ្មៅ) ពេល​ចុះ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​ផ្សារ​ក្ដាម ក្នុង​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo: Prime Minister Hun Sen's Facebook

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មិន​ជឿ​ថា អ្នក​ភូមិ​អូរបាត់មាន់ ជាង ២០០​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អង្គរ ស៊ូហ្គើ (Angkor Sugar) រយៈពេល ៧​ឆ្នាំ​មក​ហើយ​នោះ អាច​លើក​គ្នា​មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ទេ ពីព្រោះ​កាល​ពី​សប្ដាហ៍​មុន លោក​បាន​ជួប​អ្នក​ភូមិ​ទីនោះ ព្រម​ទាំង​សន្យា​ថា នឹង​ដោះស្រាយ​ដីធ្លី​ជូន​វិញ​ផង។ លោក ស ថាវី បដិសេធ​ថា ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា គឺ​មិន​មាន​សមត្ថកិច្ច​ណា​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ជួប​នោះ​ឡើយ ពីព្រោះ​តែ​ប្រមុខ​រដ្ឋាភិបាល​ដែល​ខំ​ចំណាយ​ពេល​ជាច្រើន​មក​កាន់​ខេត្ត​ជាប់​ជាយដែន​ខ្មែរ-ថៃ ក៏​ដោយសារ​តែ​ចង់​ជួប​ពលរដ្ឋ​គ្រប់​រូប៖ «ហ្នឹង​ខ្ញុំ​បាន​ណែនាំ​ជាមួយ​អ្នក​ភូមិ​អូរបាត់មាន់ បាន​យល់​គ្នា​ហើយ គឺ​មិន​មាន​អ្នក​ភូមិ​អូរបាត់មាន់ ណា​មក​តវ៉ា​ទៀត​ទេ។ ខ្ញុំ​មិន​ដឹង​ថា អ្នក​ភូមិ​មក​ពី​ខាង​ណា​ទៀត ដែល​ចង់​ជួប​សម្ដេច គឺ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​អ្នក​ភូមិ​អូរបាត់មាន់ ម្នាក់​ទៀត លោក គន់ សំរិទ្ធ នៅ​តែ​អះអាង​ថា រូប​លោក ព្រម​ទាំង​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ច្រើន​ភូមិ​ទៀត ពិត​ជា​បាន​លើក​គ្នា​ទៅ​ស្កាត់​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ត្រូវ​បាន​ប៉ូលិស​រារាំង​មែន។ លោក គន់ សំរិទ្ធ បញ្ជាក់​ថា ពេញ​មួយ​ថ្ងៃ​ទី​២៦ ខែ​សីហា រូប​លោក ព្រម​ទាំង​តំណាង​អ្នក​ភូមិ​តាម៉ាន ភូមិ​ត្រពាំងវែង ភូមិ​បុស្ស និង​ភូមិ​ឈូកមាស ដែល​សុទ្ធតែ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៣០​នាក់ បាន​ធ្វើ​ដំណើរ​តាម​គោយន្ត​ទៅ​ស្កាត់​រក​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ដល់​ក្រុង​សំរោង។ នៅ​ពេល​ដែល​ប៉ូលិស​រារាំង គឺ​ពួក​លោក​បាន​បំបែក​គ្នា ៦​នាក់​ខំ​ស្កាត់​តាម​រក​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ទៀត រហូត​ដល់​បំបែក​នៅ​សល់​គ្នា ៣​នាក់ តែ​ទីបំផុត​បាន​ត្រឹម​តែ​ប៉ូលិស​នៃ​អធិការដ្ឋាន​ក្រុង​សំរោង ហៅ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ដើម្បី​សាកសួរ៖ «សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប គឺ​មាន​ការ​ខក​ចិត្ត ពីព្រោះ​គ្រាន់​តែ​ចង់​ជួប​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​រឿង​ជម្លោះ​ដីធ្លី បែរ​ជា​គ្មាន​សិទ្ធិ​ជួប»

មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ឧត្តរមានជ័យ ប៉ុណ្ណោះ​ទេ ដែល​ខក​ចិត្ត​ក្នុង​ការ​ស្កាត់​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ដែល​ចុះ​សួរ​សុខ​ទុក្ខ​នៅ​តាម​បណ្ដា​ខេត្ត​នោះ សូម្បី​តែ​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ដូច​គ្នា​ដែរ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ខេត្ត​ព្រះវិហារ។ នៅ​ក្នុង​ពេល​ដែល​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​ខេត្ត​នោះ គឺ​សហគមន៍​ទំនាស់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន ព្រម​ទាំង​សហគមន៍​ឃុំ​សង្កែ២ ស្រុក​ឆែប ក៏​ខក​ចិត្ត​ដែរ ពីព្រោះ​មិន​បាន​ជួប​នាយក​រដ្ឋមន្ត្រី​ទេ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លង​ទៅ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចុះ​សួរ​សុខ​ទុក្ខ​ដែរ។ កាល​ណោះ​មាន​សហគមន៍​ចុង​កៅស៊ូ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​ជាច្រើន​នាក់ បាន​លើក​គ្នា​ស្កាត់​រក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ពីព្រោះ​អាជ្ញាធរ​បាន​ទៅ​បន្ទច់បង្អាក់ ហើយ​ចរចា​ថា​ថ្នាក់​ខេត្ត​នឹង​ប្រឹងប្រែង​ដោះស្រាយ​ជូន។

ក្រុម​សង្គម​ស៊ីវិល បាន​វិភាគ​ថា បច្ចុប្បន្ន បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រឹងប្រែង​តាម​រយៈ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​សួរ​សុខ​ទុក្ខ និង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ក៏ដោយ ក៏​វា​មិន​ប្រាកដ​ជា​បាន​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ពិត​ទាំងអស់​ទេ ពីព្រោះ​តែ​កន្លែង​ខ្លះ គឺ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​លាក់​បាំង ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ពិត​ប្រាកដ បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ដោយ​សុឆន្ទៈ​ពិត​ប្រាកដ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។