មន្ត្រី​ត្រូវ​បម្រើ​រដ្ឋ និង​រាស្ត្រ គឺ​មិនមែន​បម្រើ​មេ​កើយ​ទេ​! ​ និពន្ធដោយ : រ៉ឹម ភារី       August-28-2016, 8:19 pm         1269

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មន្ត្រី​ត្រូវ​បម្រើ​រដ្ឋ និង​រាស្ត្រ គឺ​មិនមែន​បម្រើ​មេ​កើយ​ទេ​! ​ភ្នំពេញ​៖ មន្ត្រី​រដ្ឋ​ទទួល​បៀវត្ស​ពី​ប្រជាជន​តាមរយៈ​ការបង់ពន្ធ​របស់​ពល​រដ្ឋ​។ តែ​កន្លងមក ពលរដ្ឋ​ជាច្រើន​បាន​រិះគន់​មន្ត្រី​មួយចំនួន​ថា ពួកគេ​បាន​ប្រើ​តួនាទី​របស់ខ្លួន​ទៅ​បម្រើ​បុគ្គល និង​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ​។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​?
  
នគរបាល និង​កងរាជអាវុធហត្ថ គឺជា​មន្ត្រី​រដ្ឋ​មាន​តួនាទី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​នៅក្នុង​ប្រទេស ខណៈ​កងទ័ព​មាន​តួនាទី​ការពារ​ព្រំដែន ដើម្បី​រក្សា​សន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ដោយ​មិន​ឲ្យ​ប្រទេស​ដទៃទៀត មក​ឈ្លានពាន​កម្ពុជា​។ ដោយឡែក គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ​ផ្សេងទៀត គឺមាន​តួនាទី​ផ្តល់​សេវា​ជូន​ពលរដ្ឋ ដូចជា វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​សេវាសាធារណៈ​នានា​។​

តើ​មូល​ហេតុអ្វី​បានជា​មន្ត្រី​រដ្ឋ​ត្រូវ​បម្រើ​ពលរដ្ឋ​?
ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​ទូទៅ បាន​បង់ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ដើម្បី​ឲ្យ​រដ្ឋ​មានលទ្ធភាព​យក​ថវិកា​ទាំងនេះ ទៅ​ចាត់ចែង​ការងារ​ទាំងឡាយ ដូចជា កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ និង​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រី​របស់​រដ្ឋ​គ្រប់រូប​។ ប្រសិនបើ ពលរដ្ឋ​ទូទាំងប្រទេស​ឈប់​បង់ពន្ធ នោះ ដំណើរការ​របស់​រដ្ឋ​នឹងគាំង​ភ្លាម ពោល គឺ​មន្ត្រីរាជការ​គ្មាន​ប្រាក់បៀវត្ស គ្មាន​ថវិកា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ដំណើរ​សេវាសាធារណៈ​ទាំងអស់ ប្រាកដជា​ត្រូវ​ផ្អាក​ទាំងអស់​។

ហេតុផល​នេះហើយ ទើប​មន្ត្រី​រដ្ឋ ត្រូវ​បម្រើ​ពលរដ្ឋ​ទៅតាម​វិស័យ​របស់ខ្លួន​។ ប៉ុន្តែ​គេ​សង្កេតឃើញ មាន​មន្ត្រី​រដ្ឋ​មួយចំនួន ត្រូវ​ពលរដ្ឋ​ទូទៅ​រិះគន់ថា ពួកគេ​មិនបាន​យក​តួនាទី មក​បម្រើប្រជាជន​ពិតប្រាកដ​នោះឡើយ​។  មន្ត្រី​មួយចំនួន ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ជារឿយៗ​ថា បាន​យក​តួនាទី​របស់ខ្លួន​ទៅ​ការពារ​ការជួញដូរ​ឈើ​ខុសច្បាប់ លក់​គ្រឿងញៀន បើក​មុខរបរ​ខុសច្បាប់ និង​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​បុគ្គល​មានអំណាច​ជាដើម​។

ដោយឡែក គ្រូពេទ្យ​មួយចំនួន​វិញ ត្រូវគេ​រិះគន់ថា ចូល​បម្រើ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​យកកេរ្តិ៍ឈ្មោះ​ទៅ​បើក​គ្លីនិក​ផ្ទាល់ខ្លួន​។ ជាក់ស្តែង គេ​ឃើញ​មាន​វេជ្ជបណ្ឌិត​ខ្លះ ក្រោយពី​ចេញ​វេជ្ជបញ្ជារ​នៅក្នុង​ពេទ្យ​រដ្ឋ តែ​បង្ហាញ​អ្នកជំងឺ​ឲ្យ​ទិញ​ថ្នាំពេទ្យ​នៅ​គ្លីនិក​របស់ខ្លួន ឬ​គ្លីនិក​បងប្អូន​សាច់ញាតិ​របស់ខ្លួន​ទៅវិញ​។ ចំណែក មន្ត្រី​ផ្តល់​សេវាសាធារណៈ​មួយចំនួនទៀត បាន​យក​តួនាទី​ទៅ​ប្រកប​របរ​ផ្ទាល់ខ្លួន ដូចជា រត់ការ​ធ្វើលិខិត​ស្នាម​ផ្សេងៗ​។ មួយវិញទៀត មនុស្ស​មួយចំនួនទៀត ខំ​ប្រឡង​ជា​ធ្វើជា​មន្ត្រី​រដ្ឋ មិនមែន​ពួកគេ​ប្រាថ្នា​បម្រើ​ពលរដ្ឋ​ដោយស្មោះ​ត្រង់​នោះទេ តែ​ផ្ទុយទៅវិញ ពួកគេ​ចង់យក​តួនាទី​ជាម​ន្ត្រី ដើម្បី​ងាយស្រួល​ប្រកប​របរ​ទី​ពីរ​ទៀត​។ ការលើកឡើង​នេះ មិនមែន​មន្ត្រី​ទាំងអស់​សុទ្ធតែ យក​តួនាទី​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ ក៏មាន​មន្ត្រីរាជការ​ជាច្រើន​ដែរ ដែល​ខិតខំ​បម្រើ​ដល់​ពលរដ្ឋ​ពិតប្រាកដ​។

នៅពេល​មន្ត្រី​រដ្ឋ មិន​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​នោះ វា​នឹងធ្វើ​ឲ្យ​ការងារ​រដ្ឋ មិនសូវមាន​ភាព​សក​ម្ម និង​គ្មាន​ប្រសិទ្ធភាព​។ ជាងនេះទៅទៀត ចរន្ត​នេះ នឹង​បង្កើតជា​អំពើ​បក្សពួកនិយម និង​គ្រួសារនិយម​(Nepotism) ដែល​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ​ចាក់​ឬ​ស​ជ្រៅ​ក្នុង​ជួរ​មន្ត្រី​រដ្ឋ​។ ដោយឡែក ពលរដ្ឋ​ឯនេះ​វិញ ពួកគេ​លែង​ទុកចិត្ត​មន្ត្រី​រដ្ឋ និង​ចាត់ទុក​មន្ត្រី​ទាំងនោះ ជា​ឈ្លើង​ជញ្ជក់​ឈាម​ពួកគេ​ទៀតផង​។ មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​ធុញទ្រាន់​នឹង​មន្ត្រី​ដែល​មិន​ទទួលខុសត្រូវ និង​ផ្តល់​សេវា​យឺតយ៉ាវ​នោះ តែ​អ្នកវិនិយោគ និង​អ្នកជំនួញ​ល្អៗ ក៏មាន​ការរារែក​ចិត្ត​នៅក្នុង​ការដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​ផងដែរ​។

មាន​មូលហេតុ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​មាន​និន្នាការ​ខាងលើនេះ​។ មូលហេតុ​ទីមួយ គឺ​បណ្តាលមកពី​មន្ត្រី​អ្នកមានអំណាច​មួយចំនួន ដែល​ចូលចិត្ត​សកម្មភាព​អែបអប និង​សកម្មភាព​បម្រើ​របស់​មន្ត្រី​ថ្នាក់ក្រោម ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​យ៉ាង​ដូច្នេះ​រហូតដល់​ពួកគេ មាន​អំនួត និង​មិន​ខ្វល់​នឹង​ភារកិច្ច​ស្នូល​របស់​ពួកគេ​។ មន្ត្រី​ខ្លះ មួយខែៗ ពួកគេ​ស្ទើរតែ​មិន​ទៅ​ការិយាល័យ​ការងារ​នោះទេ តែ​បែរជា​ពួកគេ​ទៅផ្ទះ​មេ​របស់ខ្លួន​ច្រើនជាង​។​

មូលហេតុ​ទី​ពីរ គឺ​បណ្តាលមកពី​ទម្លាប់​នៃ​ការគោរព​ថ្នាក់លើ​ជាជាង​ច្បាប់​របស់​ប្រទេស និង​មូលហេតុ​ទី​បី គឺអាច​មកពី​ជីវភាព​របស់​មន្ត្រីរាជកា​រ នៅមាន​ភាពទន់ខ្សោយ ដែល​មិនអាច​ផ្តោតលើ​ការងារ​មន្ត្រី​តែមួយ​មុខ​បាន​។

ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ រដ្ឋ​គួរ​ពង្រឹង​មន្ត្រី​រដ្ឋ​ទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ជំនាញ ដើម្បី​ពង្រឹង​ការងារ​របស់​ពួកគេ ឲ្យ​មាន​ប្រសិទ្ធភាព​។ លើសពីនេះ រដ្ឋ​គួរ​បង្កើន​ប្រាក់បៀវត្ស​មន្ត្រីរាជការ ដើម្បី​ឲ្យ​ពួកគេ​មាន​ជីវភាព​ប្រសើរ ចៀសវាង​បង្ខំចិត្ត​បង្កើត​មុខរបរ​ទី​ពីរ​ទៀត ដែល​ធ្វើ​ឲ្យ​គុណភាព​ការងារ​រដ្ឋ​ថយចុះ​។ ចំណែក​មន្ត្រី​ខ្លួនឯង គួរតែមាន​មនសិការ​ផ្ទាល់ខ្លួន​ដោយ​ខំ​ខិត​បម្រើ​ពលរដ្ឋ​ទៅតាម​វិស័យ​រៀងៗ​ខ្លួន ដើម្បី​ពង្រឹង​សេវាសាធារណៈ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។ មន្ត្រី​យក​បៀវត្ស​ដែលជា​ញើស​ឈាម​របស់​ពលរដ្ឋ គឺ​ត្រូវតែ​បម្រើ​ពលរដ្ឋ​វិញ​៕