មន្ត្រី​អប់រំ​ជាង​១​ម៉ឺន​នាក់​ចាប់​ផ្ដើម​កែ​វិញ្ញាសា​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប

មន្ត្រី​អប់រំ​ជាង ១​ម៉ឺន​នាក់ (១១.៥៦៧​នាក់) នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ ចាប់​ផ្ដើម​កែ​វិញ្ញាសា​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ឲ្យ​ដឹង​ថា ក្រសួង​ចាប់​ផ្ដើម​ធ្វើ​កំណែ​វិញ្ញាសា​ប្រឡង​ទុតិយភូមិ​នេះ គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ សីហា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​បញ្ចប់។

លោក​បញ្ជាក់​ថា កំណែ​នេះ​ធ្វើ​ឡើង​ចំនួន ១០​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ។ លទ្ធផល​ប្រឡង​នេះ នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៣ កញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ហើយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា នឹង​ប្រកាស​នៅ​បណ្ដា​ខេត្ត-ក្រុង​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស។

លោក រស់ សាលីន បាន​បន្ត​ទៀត​ថា សន្លឹក​កិច្ចការ​របស់​សិស្ស​មក​ពី​គ្រប់​ខេត្ត-ក្រុង បាន​ទៅ​ដល់​មណ្ឌល​កំណែ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​ត្រូវ​បាន​ចុះ​លេខ​សម្ងាត់ កាត់​ក្បាល​ឈ្មោះ ហើយ​កែ​នៅ​ក្រោម​ការ​សង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ហ្មត់ចត់។

ទោះ​បី​ជា​អំឡុង​ពេល​នេះ លទ្ធផល​មិន​ទាន់​អាច​ស្ទាបស្ទង់​បាន​នៅ​ឡើយ​ក្ដី តែ​របាយការណ៍​កន្លង​មក​ពី​បណ្ដា​អនុរក្ស បង្ហាញ​ក្តី​សង្ឃឹម​ខ្ពស់​ទៅ​លើ​សមត្ថភាព​របស់​សិស្សានុសិស្ស​ឆ្នាំ​នេះ៖ «មក​ដល់​ដំណាក់​កាល​ធ្វើ​កំណែ​នេះ យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា​ប៉ុន្មាន​ភាគរយ​អាច​ជាប់​បាន​នោះ​ទេ ប៉ុន្តែ​យើង​អាច​ធ្វើ​ការ​វាយ​តម្លៃ​ជា​រួម នៅ​ពេល​ដំណើរ​ការ​សំណេរ​ពីរ​ថ្ងៃយោង​តាម​អនុរក្ស​ឃើញ​ថា​នៅ​ឆ្នាំ​២០១៦ នេះ បេក្ខជន​ក្រោយ​ពី​ជួង​បន្លឺ​ឡើង ម្នាក់ៗ​គឺ​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​តែ​ម្តង ហាក់​ដូចជា​បង្ហាញ​ថា បេក្ខជន​មាន​ការ​ត្រៀម​ទាំង​ចំណេះ​ដឹង ទាំង​ស្មារតី ទាំង​ការ​រៀបចំ​ខ្លួន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។