សហគមន៍​បឹងកក់​នឹង​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដោយ​ធ្វើ​សន្និសីទ​សារព័ត៌មាន

សហគមន៍​បឹងកក់​គ្រោង​រៀបចំ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​២៩ សីហា បើ​ទោះ​ជា​អាជ្ញាធរ​ព្យាយាម​រារាំង​យ៉ាង​ណា​ក៏ដោយ។ សហគមន៍​បឹងកក់​នឹង​ធ្វើ​យុទ្ធនាការ​នេះ ផ្លាស់​មក​ធ្វើ​ជា​សន្និសីទ​សារព័ត៌មាន​ដោយ​ការ​ស្លៀក​ពាក់​ខ្មៅ​វិញ។

សមាជិក​សហគមន៍​ជម្លោះ​ដីធ្លី​ប្រមាណ ៥០​នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​បឹងកក់ ដោយ​មាន​កាន់​រូប​ទង់​ជាតិ ផ្កា​ឈូក​ផង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី​របស់ គ..ប ១​រូប សមាជិក​បឹងកក់ ១​រូប អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង ទាមទារ​ឲ្យ​ស្វែងរក​ឃាតក​ពិត​ប្រាកដ​ដែល​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា ដែល​ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​នៅ​ថ្ងៃ​ទី​២២ សីហា ក្រោយ​ពេល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពេល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​កាល​ពី​សប្ដាហ៍​មុន​នោះ អ្នកស្រី​មាន​ប្រសាសន៍​ថា យុទ្ធនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ សីហា នេះ នឹង​ថ្លែង​សារ​ជូន​អាជ្ញាធរ និង​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អ្នក​ចូលរួម​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ថា​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

អ្នកស្រី​ថ្លែង​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ ជា​ការ​លាប​ពណ៌​សហគមន៍​អ្នកស្រី ដើម្បី​ចាប់​ចង​បំបិទ​សំឡេង​មិន​ឲ្យ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៖ «»

កាល​ពី​ថ្ងៃ​ទី​២២ សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី បូវ សោភា និង​អ្នកស្រី ទេព វន្នី ដែល​ជា​សកម្មជន​ដីធ្លី​លេចធ្លោ ពី​បទ​ប្រមាថ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៨​ម៉ឺន​រៀល។ តុលាការ​បាន​ប្ដូរ​បទ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស បន្ទាប់​ពី​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បាន​ហៅ​ការ​កាត់​សេចក្ដី​នេះ ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កូន​ក្ដី ដ្បិត​កូន​ក្តី​មិន​ត្រូវ​បាន​ផ្តល់​ពេលវេលា​ការពារ​ខ្លួន​នៅ​ពេល​តុលាការ​ប្ដូរ​បទ​ចោទ។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី ទេព វន្នី បន្ត​នៅ​ក្នុង​ពន្ធនាគារ​ដោយ​មិន​ត្រូវ​បាន​គេ​ដោះលែង​ជាមួយ​អ្នកស្រី បូវ សោភា នោះ​ទេ ដ្បិត​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី មួយ​ករណី​ដាច់​ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ជិត​ផ្ទះ​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ កាល​ពី​ឆ្នាំ​២០១៣។ ករណី​នេះ ត្រូវ​បាន​អ្នកស្រី ទេព វន្នី សហគមន៍​បឹងកក់ និង​អ្នក​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​ច្រាន​ចោល។ តុលាការ​កំណត់​ពេល​សវនាការ​ករណី​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាង​មុខ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ សីហា បាន​ទេ​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទាក់ទង​នឹង​គម្រោង​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» របស់​សហគមន៍​បឹងកក់ ដោយ​ទូរស័ព្ទ​មិន​ចូល។

ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​តែងតែ​បង្ក្រាប​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ពី​មុខ​ពន្ធនាគារ​ព្រៃ​ស ដល់​សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា ដែល​ពលរដ្ឋ​អះអាង​ថា ត្រូវ​ក្រុមហ៊ុន​ឯកជន​រំលោភ​យក​ដី​ដើម្បី​អភិវឌ្ឍ​ទីក្រុង។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ សីហា ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» មិន​មែន​ជា​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក អំ សំអាត ហៅ​ថា​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ចំពោះ​ការ​រៀបចំ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» របស់​ប្រជាពលរដ្ឋ​នេះ ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៖ «»

លោក​បន្ត​ទៀត​ថា ការ​ព្យាយាម​ចាប់​ឃុំ​ពលរដ្ឋ​នេះ គឺ​អាជ្ញាធរ​កំពុង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​បន្ថែម​ពី​លើ​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​អសោចិ៍​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។