សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

ក្រសួងសុខាភិបាល របស់ប្រទេសសាំងហ្គាពួរ បានបញ្ជាក់ឲ្យដឹង ពីករណីជំងឺឆ្លង ហ្សីកា (Zika) ដ៏សាហាវ ថា​មាន​ចំនួន​៤១ករណីហើយ មកដល់ពេលនេះ។ បណ្ដា​អ្នក​ជំងឹ​​ដែល​បាន​ឆ្លងរោគ ហ្សីកា បានរស់នៅ ឬបានធ្វើការ នៅក្នុង​សង្កាត់​តែ​មួយដូចគ្នា។
សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

មូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ ហ្សីកា។ (រូបថតឯកសារ)

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ប្រទេសសាំងហ្គាពួរ បានប្រកាសឲ្យដឹង ពីករណី​អ្នកជំងឺ​ចំនួន៤១នាក់ ដែល​បាន​ឆ្លង​ជំងឺ ហ្សីកា (Zika)។ ពីក្នុងចំណោមនោះ អ្នកជំងឺភាគច្រើនគឺជាកម្មករបរទេស ដែលធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់។

នេះជាលើកដំបូងបង្អស់ ដែលប្រទេសនេះបានប្រកាសឲ្យដឹង ពីការឆ្លងរាលដាលនៅ​ក្នុង​ប្រទេស នៃរោគសញ្ញា ហ្សីកា តាមរយៈអ្នកជំងឺជាស្ត្រី​ម្នាក់ ដែលមានដើមកំណើតម៉ាឡេស៊ី អាយុ៤៧ឆ្នាំ។ រីឯអ្នកជំងឺដទៃទៀត ក៏​ត្រូវ​បាន​ក្រសួង​អះអាង​ដែរថា ពួកគេមិនបានធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ។

រោគសញ្ញា ហ្សីកា មុនដំបូងគេ ដែលប្រទេសសាំងហ្គាពួរ​បានរកឃើញ កាលពីខែឧសភាកន្លងមក បានកើត​ឡើង​ទៅ​លើ​បុរស​ម្នាក់ ដែលបានចេញទៅស្នាក់នៅ អស់រយៈពេល១ខែ ក្នុងប្រទេសប្រេស៊ីល ប្រទេសដែល​​មាន​ការ​រាត​ត្បាត ដោយជំងឺនេះ​ខ្លាំងជាងគេ លើពិភពលោក កាលពីប៉ុន្មានខែមុន។

មេរោគ ហ្សីកា ដ៏សហាវ ដែលចម្លងជាទូទៅ តាមរយៈសត្វមូសនោះ បានបង្កគ្រោះធ្ងន់ធ្ងរ ទៅដល់មនុស្ស​ចាស់​ក្មេង ជាពិសេសទៅដល់ទារក ឬទារិកាដែលទើបនឹងកើត ដោយអាចបង្កធ្វើឲ្យពិការ ទៅ​លើការរីករលូត​លាស់នៃឆ្អឹងក្បាល និងប្រព័ន្ធប្រសាទ៕

សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី