ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

អ្នកបើកបរយន្ដហោះពីររូប របស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines» ត្រូវបានឃាត់ខ្លួន កាល​ពីថ្ងៃ​សៅរ៍​នេះ ក្នុង​ព្រលាន​យន្ដហោះ «Glasgow (ភាគខាងជើងអង់គ្លេស)» បន្ទាប់ពីអាជ្ញាធរបានសង្ស័យថា ពួកគេ​បាន​ផឹក​ស្រា​​ស្រវឹង នៅ​មុនការ​ហោះហើរ។
ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines»។ (រូបថតក្រុមហ៊ុន)

ជើងហោះហើររបស់យន្ដហោះ «United Airlines» ដែលត្រូវចេញដំណើរ នៅម៉ោង៩ព្រឹក កាលពីថ្ងៃសៅរ៍ ត្រូវ​បាន​ពន្យា​រហូត​យប់ឡើង ទើបមានអ្នកបើកបរថ្មី បានចូលមកជំនួស អ្នកបើកបរពីរនាក់ ដែលត្រូវបានអាជ្ញាធ​រឃាត់​ខ្លួន ពី​បទ​សង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង នៅមុនការហោះហើរ។

អ្នកបើកបរយន្ដហោះ ដែលរងការសង្ស័យទាំងពីរនាក់ អាយុ៣៥ឆ្នាំ និង៤៥ឆ្នាំ ត្រូវបញ្ជាយន្ដហោះនេះ ជាមួយ​នឹងអ្នកដំណើរ១៤១នាក់ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ «Newark» ក្បែរក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានឆ្លងការការត្រួតពិនិត្យ និងត្រូវបានរកឃើញ មានជាតិ​អាកុល​ច្រើន​ហួស នៅក្នុងឈាម។

នគរបាលតំបន់ របស់ប្រទេសអង់គ្លេស បានថ្លែងឲ្យដឹងថា អ្នកបើកបរប្រមឹកទាំងពីររូប នឹងត្រូវបានឡើង​សវនាការ​បថម​មួយ នៅថ្ងៃចន្ទស្អែកនេះ ក្នុងតុលាការក្រុង «Paisley» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលាន​យន្ដហោះ។

ចំណែកឯអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines» វិញ បានប្រកាសថា៖ «អ្នក​បើកបរ​យន្ដហោះ​ទាំង​ពីរ ត្រូវបានព្យួរ​ពីការងារ ជាបណ្ដោះអាសន្ន រហូតលុះត្រាការស៊ើបអង្កេត របស់អាជ្ញាធរ និង​ការ​វិន្និច្ឆ័យ​របស់​តុលាការ បានសម្រេចជាស្ថាពរ»។

ករណីអ្នកបើកបរយន្ដហោះស្រវឹង នៅមុនការហោះហើរ នៅក្នុងព្រលានយន្ដហោះមួយនេះ មិនមែន​ទើប​តែ​កើត ជាលើកទីមួយនោះទេ។ កាលពីខែកក្កដាកន្លងទៅ អ្នកបើកបរយន្ដហោះ​ពីរនាក់ផ្សេង របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ឈ្មោះ «Air Transat» មកពីប្រទេសកាណាដា ក៏ត្រូវបានអាជ្ញាធរ​នៃ​​ព្រលាន​យន្ដហោះ​ចាប់ដាក់​ខ្នោះ បន្ទាប់ពីរងការសង្ស័យ ថាបានផឹក​ស្រវឹងនៅ​មុន​ការហោះហើរ ឆ្ពោះទៅកាន់ក្រុង តូរ៉ុងតូ (Toronto ប្រទេសកាណាដា)៕