​ភ្លៀងរហូតក្លាយជាទឹកជំនន់

ខេត្តឧត្តរ​មានជ័យ ៖ ខេត្ត​ឧត្តរ​មា​នេ​ជ័យត្រូវជំនន់​ទឹកភ្លៀង​បាន​លិច​ផ្លូវ ស្ពាន​ ​លំនៅ​ឋាន​ពលរដ្ឋ ស្ថិត​ត្រង់នៅ​ចំណុច​អូរ​អំបិល ក្នុង​ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់វែង ​ស្រុក​អន្លង់​វែង​ ​បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវជាតិ​លេខ៦៧B អស់​រយៈពេល​​ជាង៣​ម៉ោង (ចាប់ពី​ម៉ោង២​យប់ថ្ងៃ​ទី​២៨ ​សីហា ​២០១៦) ​។

​សេចក្តីរាយការណ៍​ពី​​ពលរដ្ឋ​​​ថា ដោយ​មាន​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល៣​ម៉ោង ចាប់ពី​ម៉ោង១​យប់ រហូត​ដល់​ម៉ោង៣ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ​សីហា ដែល​​បង្ក​ឱ្យទៅជា​ទឹកជំនន់​លិច​ផ្ទះសម្បែង​​ប្រជាពលរដ្ឋទាំងស្រុង​ចំនួន៤​ខ្នង និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​យើង​នៅ​មិន​ទាន់​បាន​របាយ​ជាក់លាក់​ពី​អាជ្ញាធរនៅឡើយ​នោះ​ទេ​។

​​ក្រៅពី​នោះ ក៏​នៅ​មាន​ដីស្រែ​ចំការ ផលដំណាំ របស់​ប្រជាពលរដ្ឋ ក៏​ទទួល​រង​ការ​លិចលង់​​ ដូច​ជាដំណាំ​ចេក ដំឡូង និង​ដំណាំ​ផ្សេង​ៗ​ទៀត នៅ​ចំណុច​អូរ​អំបិល​នេះ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ ឬ​សត្វពាហនៈ គោក្របី នោះ​ដែរ​។

​ទោះបី​យ៉ាងណា​​ក៏​ដោយ គ្រោះ​ទឹកជំនន់​នៃ​ទឹកភ្លៀង​នេះ ដែល​បាន​លិច​ផ្លូវ និង​ស្ពាន បាន​ធ្វើ​ឱ្យ​ស្ទះ​ចរាចរ​អស់​រយៈពេល​ជាង៣​ម៉ោង ទើប​ទឹក​ស្រក់​អស់​ទៅ​វិញ ហើយ​បាន​បញ្ចៀស​ការ​ស្ទះ​ចរាចរ​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផង​ផ្លូវ បានជា​ធម្មតា​ឡើង​វិញ​។ តែ​អ្វី​ដែល​​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ គឺ​ផលដំណាំ​ស្រែ​ចំការរបស់​ប្រជាពលរដ្ឋ នៅ​បន្ត​ការ​លិចលង់​ដដែល ហើយ​គេ​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍ ណាមួយ ដែល​បញ្ជាក់​ពី​ផល​ប៉ះពាល់ នៃ​ភ្លៀង​ទឹកជំនន់​ដែល​បាន​កើតឡើង​នៅ​យប់មិញ​នេះ​ដែរ​។

យោង​តាម​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋបាន​លើក​ឡើង​ថា បើសិនជា​អាកាសធាតុ​មេឃ នៅ​តែ​ធ្លាក់​ភ្លៀង​ខ្លាំង​បន្ត​ទៀត ការ​លិច លង់​ផ្ទះសម្បែង អាច​នឹង​កើត​មាន​តទៅ​ទៀត ​។ ហើយ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ក៏​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នោះ​ដែរ​ ៕