មាន់​កសិកម្ម​៤០០​ក្បាល សង្ស័យ​លោតឆ័ត្រ​ឆ្លង​ដែន​អត់​ប៉ា​ស្ព័​រ

ខេត្តបាត់ដំបង ៖ សត្វ​មាន់​កសិកម្ម​យ៉ាងតិច​៤០០​ក្បាល ត្រូវ​គេ​សង្ស័យ​ថា ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់ ដែល​បន្លំ​ដឹក​តាម​រទេះ​បម្រុង​វាយលុក​ចូល​ទីផ្សារ​នានា​ក្នុង​ក្រុង​បាត់ដំបង តែ​ត្រូវ​មន្ត្រី​ពេទ្យសត្វ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ស្ទាក់​ចាប់​បាន​នៅ​ម៉ោង​ជិត​៤​ទាប​ភ្លឺ ថ្ងៃ​ទី​២៨​ខែសីហា​នេះ នៅ​ចំណុច​ខាង​មុខ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា មន្ត្រី​ពេទ្យសត្វ បាន​ស្នើ​សុំ​កម្លាំង​របស់​លោក​ជួយ​សហ​ការណ៍​ស្ទាក់​ចាប់​រ៉ឺ​ម៉ក​ដឹក​មាន់​កសិកម្ម ដែល​សង្ស័យ​ថា មាន​ភាព​មិន​ក្រ​តី ទើប​កម្លាំង​លោក​ចេញ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ នៅ​ខាង​មុខ​ប៉ុស្ដិ៍​អូរ​ចា​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​បង្ក្រាប​បាន​លោក ក៏​បាន​ប្រគល់​រ៉ឺ​ម៉ក​ដឹក​សត្វ​មាន់​សំពីងសំពោង​នោះ ឲ្យ​ទៅ​មន្ត្រី​ពេទ្យសត្វ​ចាត់វិធានការ​បន្ត ដែល​មាន​ទាំង​ក្រុម​កម្មករ​ដឹក​ជញ្ជូន​មាន់​ប៉ុន្មាន​នាក់​ផង តែ​លោក​មិនដឹង​ថា មាន់​នោះ​ដឹក​ពី​ខាង​ណា​មក​នោះ​ទេ​។ ភ្លាម​ៗ​នោះ គេ​នូវ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ក្រុម​កម្មករ​ដឹក​មាន់​ទាំងនោះ​នៅឡើយ​ទេ តែ​ពួក​គេ​និយាយ​ថា សត្វ​មាន់​ចំនួន​៤០​ទ្រុង​នោះ​ដឹក​ពី​ស្រុក​ថ្មគោល បម្រុង​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ក្បែរ​ក្បាលស្ពាន​វត្ត​គរ ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ក្រុម​កម្មករ​នេះ​បាន​បដិសេធ​មិន​ព្រម​ប្រាប់​ឈ្មោះ​ថៅកែ​របស់​ខ្លួន​ទេ បើ​ទោះជា​មន្ត្រី​ពេទ្យសត្វ​ជជីក​សួរ​ដេញដោល​យ៉ាងណា​ក្ដី​។

ពួក​គេ​បែរជា​ប្រាប់​ថា ពួក​គេ​ជា​អ្នក​រកស៊ី​ហ៊ុន​គ្នា​ផ្ទាល់ ក្នុង​មុខ​ជំនួញ​នេះ​។ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​មាន់​កសិកម្ម​ខាងលើ​នេះ បើ​តាម​មន្ត្រី​ពេទ្យសត្វ​បាន​ប្រាប់​ថា ក្រុម​នេះ​បាន​ឆ្លើយ​កុហក តែ​ធាតុ​ពិត​ពួក​គេ​មាន​ថៅកែ​ត្រឹមត្រូវ ជា​អ្នកបញ្ជា​ឲ្យ​ដឹក​មាន់​ដែល​គ្មាន​ច្បាប់ទម្លាប់​នេះ ចូល​ទីផ្សារ​ក្នុង​ក្រុង​បាត់ដំបង​។

មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា មាន់​កសិកម្ម​នោះ​ត្រូវ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​នានា ដោយ​ខុសច្បាប់​ក្នុង​ពេល​យប់ លុះ​ដឹក​ដល់​ស្រុក​ថ្មគោល ទើប​ពួក​គេ​បំបែក​រូបភាព ដឹក​ជញ្ជូន​តាម​រ៉ឺ​ម៉ក​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​តាម​ទីផ្សារ​នានា ក្នុង​ក្រុង​បាត់ដំបង​។

មន្ត្រី​ពេទ្យសត្វ​បាន​បញ្ជាក់​ថា ក្រុម​ជន​ទុច្ចរិត​រត់ពន្ធ​សត្វ​មាន់​បំពាន​ច្បាប់​ខាងលើ​នេះ ធ្លាប់​ត្រូវ​មន្ត្រី​ពេទ្យសត្វ​បង្ក្រាប​ម្ដង​ហើយ នា​ពេល​កន្លង​មកនេះ តែ​កាលនោះ​មាន​ភ្នាក់ងារ​ទូរទស្សន៍​ដ៏​ល្បី​ខាង​ខូច​ម្នាក់​(​សុំ​លាក់​ឈ្មោះ​) បាន​ចេញ​មុខ​កាង​បទល្មើស​នេះ ថែម​ទាំង​បាន​អន្តរាគមន៍​សុំ​ឲ្យ​ការិយាល័យ​បសុពេទ្យ​លើកលែង​ទៀត​ផង​។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ដោយសារ​មានការ​យោគយល់​​ ភ្នាក់ងារ​ទូរទស្សន​ន៍​ដែល​ល្បី​ខាង​កាង​បទល្មើស​ម្នាក់​នោះ ទើប​មន្ត្រី​ការិយាល័យ​បសុពេទ្យ សុំ​គោលការណ៍​ថ្នាក់លើ គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​ក្រុម​នេះ​ប​ញ្ឍ​ប់​សកម្មភាព​រកស៊ី​មុខរបរ​ល្មើសច្បាប់​។

ប៉ុន្តែ​ក្រុម​នេះ​មិន​ត្រឹម តែ​មិន​គោរព​ច្បាប់ ឬ​គោរព​កិច្ចសន្យា​នោះ​ទេ ថែម​ទាំង​បង្កើន​សកម្មភាព​ល្មើសច្បាប់​ របស់​ខ្លួន​ទ្វេ​ដង ផ្គើន​នឹង​មន្ត្រី​ជំនាញ​ទៀត​។ ប៉ុន្តែ​ការ​ចាប់​លើក​នេះ​គេ​នូវ​មិន​ទាន់​ឃើញ​ភ្នាក់ងារ​ទូរទស្សន៍​ដ៏​ល្បី​ខាង​ខូច​នោះ ចេញ​មុខ​អន្តរាគមន៍​ដូច​មុន​ៗ​នោះ​ទេ ខណៈ​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​លើ​ករណី​នេះ​។

គួរ​រំលឹក​ថា ពាក់ព័ន្ធ​នឹង​ការ​នាំ​មាន់​កសិកម្ម​ចូល​ពី​ប្រទេស​ថៃ​នេះ​ដែរ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គេ​សង្កេត​ឃើញ​បច្ចុប្បន្ន​នេះ ក្រុម​ឈ្មួញ​៣​នាក់​បាន និង​កំពុង​សម្រុក​យ៉ាង​ខ្លាំង ក្នុង​ការ​នាំ​ចូល​សត្វ​មាន់ ពី​ប្រទេស​ថៃ តាម​ច្រករបៀង​«​ភ្នំ​ព្រះពុទ្ធ​»​ហៅ​ច្រក​«​បឹង​ឆ្នាំង​» ស្ថិត​ក្នុងស្រុក​កំ​រៀង​។

ឈ្មួញ​ដែល​មាន​សិទ្ធ​នាំ​ចូល​សត្វ​មាន់​ពី​ប្រទេស​ថៃ សព្វថ្ងៃ​តាម​ច្រករបៀង​«​ភ្នំ​ព្រះពុទ្ធ​»​នេះ គឺ​មាន​ថៅកែ​ធំ​ៗ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ទាំង​ក្រុម​គ្រួសារ​លោក​អភិបាលរង​ខេត្តបាត់ដំបង មួយ​រូប​ផង ដែល​កំពុង​សកម្ម​បំផុត​។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សត្វ​មាន់​ជា​ទូទៅ​ត្រូវធ្វើ​ឡើង​ពេល​យប់​ជ្រៅ ខណៈ​ពលរដ្ឋ​ដេក​លក់​ស្ងាត់​អស់​។ ហើយ​ការ​នាំ​ចូល​សត្វ​មាន់​នេះ ត្រូវ​គេ​សង្ស័យ​ថា ជាង​ពាក់កណ្ដាល នៃ​សត្វ​មាន់​ដែល​នាំ​ចូល គឺ​មិន​ស្របច្បាប់ បើ​ទោះជា​ក្រុម​ឈ្មួញ​ទាំងនោះ មានច្បាប់​ពី​ក្រសួង​សាមី​ត្រឹមត្រូវ​ក្ដី​។ ប៉ុន្តែ​ជុំវិញ​ការ​នាំ​ចូល​មាន់​មិន​ស្របច្បាប់ ឬ លើស​ច្បាប់​កំណត់​នេះ ឈ្មួញ​មាន់​ម្នាក់​ទ​ទូល​ស្គាល់​ថា​«​ពិតជា​មាន​មែន​»​។

ថៅកែ​មាន់​រូប​នេះ​ បាន​លើក​ហេតុផល​ដូច្នេះ​ថា នៅ​សម័យនេះ​ការ​ប្រកប​មុខរប​អ្វី​ក៏​ដោយ បើ​ស្មោះត្រង់ និង​ច្បាប់​ពេក មិន​អាច​សល់​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ ព្រោះ​ត្រូវ​បង់​ច្រើន​ស្ថាប័ន​ពេក តែ​បង់​ស្របច្បាប់ តិច​ជាង​បង់​ក្រៅច្បាប់​។ លោក​ថៅកែ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​មាន​ជាង​២០​ស្ថាប័ន ដែល​ត្រូវ​បង់លុយ​ក្រៅ​ប្រព័ន្ធ​ច្បាប់ រាប់​ទាំង​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ផង​។

ដូច្នេះ​អ្នក​រកស៊ី​នាំ​ចូល​ទំនិញ​ ពី​ប្រទេស​ថៃ ទាំងអស់​គ្មាន​ឈ្មួញ​ណា​ម្នាក់ ដែល​មាន​ភាព​ស្មោះត្រង់ និង​ច្បាស់​ពេក​ទេ ដាច់ខាត​ត្រូវ​តែ​បំពាន​ច្បាប់​ខ្លះ​ហើយ បើ​មិន​ចឹ​ង​ទេ​ប្រពន្ធ​កូន​ប្រាកដជា​ ដាច់​អង្ករ​ច្រក​ឆ្នាំង​ជា​មិន​ខាន​៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មាន់​កសិកម្ម​៤០០​ក្បាល សង្ស័យ​លោតឆ័ត្រ​ឆ្លង​ដែន​អត់​ប៉ា​ស្ព័​រ

មាន់​កសិកម្ម​៤០០​ក្បាល សង្ស័យ​លោតឆ័ត្រ​ឆ្លង​ដែន​អត់​ប៉ា​ស្ព័​រ

មាន់​កសិកម្ម​៤០០​ក្បាល សង្ស័យ​លោតឆ័ត្រ​ឆ្លង​ដែន​អត់​ប៉ា​ស្ព័​រ