អ៊ីរ៉ង់​៖ ​ចង់​កម្ទេច​ភេរវករ​អន្តរជាតិ​ គឺត្រូវ​បង្ក្រាប​ពួក​ផ្គត់ផ្គង់​

មន្រ្តី​ជាន់​ខ្ពស់​អ៊ីរ៉ង់​បាន​ប្រកាស​ក្ដែងៗ​ដោយ​មិនញញើត​មាត់​ប្រាប់​ពិភពលោក​ថា​៖ ​សព្វថ្ងៃនេះ ​ពិភពលោក​របស់យើង​គឺ​កំពុង​ឈានដល់​ដំណាក់កាល​អន្តរាយ​មួយ​ដែល​ទទួល​រងការ​គម្រាម​កំហែង​ផ្លូវ​សន្តិសុខ​ និង​សន្តិភាព​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​ ឬក្រុម​ប្រឆាំង​ក្រៅ​សាសនា​ ជាពិសេស​នោះ​គឺ​នៅប៉ែក​មជ្ឈឹម​បូព៌ា​ហ្នឹងតែម្ដង​, ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​ គឺលោក​បាន​អំពាវ​នាវ​ដល់​បណ្ដា​រដ្ឋ​នៅក្នុង​ពិភពលោក​ទាំងអស់​ឱ្យងាក​ទៅមើល​ និង​ងើប​ឡើង​មកប្រឆាំង​នឹងក្រុម​បណ្ដា​ប្រទេសធំៗ​មួយចំនួន​ដែលជា​ប្រភព​ផ្គត់ផ្គង់​មធ្យោបាយ​ទៅឱ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំងអស់នោះ​ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ នេះ​បើយោង​តាម​សារពត៌មាន​ Press TV ​។​
កាល​ពីថ្ងៃ​សុក្រ​ ទី២៦​ ខែសីហា​កន្លងទៅ ​លោក​ Ali ​S​h​a​m​k​h​a​n​i​ រដ្ឋលេខា​ធិការ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិអ៊ីរ៉ង់ ​បានអញ្ជើញ​ទៅធ្វើ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​មួយ​ក្នុងទឹក​ដីឥណ្ឌា ​។ ​ក្នុងដំណើរ​ទស្សន​កិច្ចនោះ ​លោក ​S​h​a​​m​k​h​a​l​i​ ​បានជួប​ពិភា​ក្សា​ជាមួយ​ប្រមុខ​រដ្ឋឥណ្ឌា ​គឺលោក​ នរិន្ទ្រ ​ម៉ូឌី ​និង​ទីប្រឹក្សា​ជាន់ខ្ពស់​នៃភ្នាក់ងារ​សន្តិសុខ​ជាតិ​ឥណ្ឌា​លើផែន​ការណ៍​ថែរក្សា​សន្តិភាព​ និង​ស្ថេរភាព​ជូន​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ និងជជែក​គ្នា​អំពី​កិច្ចសហ​ប្រតិបត្តិការ​វិស័យ​យោធា​រវាង​ប្រទេស​ខ្លាំង​គ្រាក់ៗ​ខាង​វិស័យ​សព្វាវុធ​ទាំងពីរផង​ ។​ ក្នុងនោះដែរ​ អ៊ីរ៉ង់ ​និង​ឥណ្ឌា​ក៏បាន​ព្រមព្រៀង​គ្នាក្នុងការ​ពួតចាប់ដៃ​សហការ​គ្នាជាមួយ​នឹងសហព័ន្ធរុស្ស៊ី ​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​រាល់បញ្ហា​នយោបាយ​ និងបញ្ហា​ដ៏ស្មុគស្មាញ​ជាច្រើន​ជំពូកទៀត​ ដែល​កំពុង​កើត​មាន​នៅក្នុង​ដែន​មជ្ឈឹម​បូព៌ា​នាពេល​សព្វថ្ងៃនេះ ​។ ​លើសពី​នេះទៅទៀត ​ប្រទេស​ទាំងបី​ក៏គ្រោង​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ទីផ្សារ​ដោះដូរ​ទំនិញ​រួម​គ្នាមួយ​ ដើម្បី​បង្កើន​ល្បឿន​សេដ្ឋកិច្ច​ផងដែរ​ ដែល​ការណ៍​នេះ​បានធ្វើ​ឱ្យមហា​អំណាច​សេដ្ឋកិច្ច​ និងសព្វាវុធ​ដូចយ៉ាងចិន ​និងសហរដ្ឋអាមេរិក​ ហាក់បី​ដូចជា​មិនសប្បយចិត្ត​ទាល់តែសោះ ​ដែលឥណ្ឌា ​និងអ៊ីរ៉ង់​ប្រុងលួច​ដើរ​ផ្លូវ​កាត់​ ៕​

អ៊ីរ៉ង់​៖ ​ចង់​កម្ទេច​ភេរវករ​អន្តរជាតិ​ គឺត្រូវ​បង្ក្រាប​ពួក​ផ្គត់ផ្គង់​ដោយ៖ ឈូក ស
ប្រភព៖ Presstv