ខ្លីៗ អំពី​ជំងឺ​អេដស៍ តែ​ខ្លឹម​!!!

ខ្លីៗ អំពី​ជំងឺ​អេដស៍ តែ​ខ្លឹម​!!!

​ជំងឺអេដស៍ បានមក​ពី​ពាក្យ​បច្ចេកទេស Acquired Immune Deficiency Syndrome (AIDS) ដែល​មានន័យថា ជា​ចង្កោម​រោគសញ្ញា ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​មិនមែន​ពី​កំណើត ហើយ​ជំងឺ​នេះដែរ បង្កឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះថា Human Immunodeficiency Virus (HIV) ដែល​ហៅថា​មេរោគ​ហ៊ី​វ នោះឯង​។ ស្ត្រី​ដែល​មាន​ជំងឺអេដស៍ ក៏​អាច​ចម្លងជំងឺ​នេះ​ទៅ​កូន ក្នុងពេល​មាន​ផ្ទៃពោះ សម្រាលកូន ឬ​បំបៅ​ដោះកូន​។

​ភាគច្រើន អ្នក​ដែល​ឆ្លង​មេរោគ​ហ៊ី​វ​រួច ប្រហែលជា​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ រយៈពេល​ច្រើន​ឆ្នាំ ហើយក៏​អាច​ប្រើ​ពេល​រហូតដល់ ១០ ឆ្នាំ​ឡើង​ទៅ​ឯណោះ ទើប​ចេញ​ជា​ជំងឺអេដស៍​កើតឡើង​។ រោគ​សញ្ញា​មួយ​ចំនួន របស់​ជំងឺអេដស៍ មានដូចជា ៖

  • ​អស់កម្លាំង​
  • ​ស្រក​ទម្ងន់​
  • ​ក្តៅខ្លួន​ជាប់​
  • ​បែកញើស​យប់​
  • ​ឡើង​កន្ទួលរ​មាស់​លើ​ស្បែក​
  • ​រាករូស​មិនចេះ​ជា​
  • ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​។​

​នៅពេល​មាន​ជំងឺ​នេះ​យូរៗ​ទៅ វីរុស​នឹង​វាយប្រហារ ឬ​សម្លាប់​អស់​នូវ​ភ្នាក់ងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ក​ជា​ជំងឺអេដស៍​ជាក់ស្តែង មានន័យ​ថា អ្នកជំងឺ​ងាយ​នឹង​ឆ្លង​ជំងឺ​គ្រប់​ប្រភេទ អាច​អាច​នឹង​សម្លាប់ ដោយសារ​តែ​ជំងឺឆ្លង​ទាំងនេះ​វិញ មិន​មែន​ដោយ​វីរុស​ហ៊ី​វ​ឡើយ​។ អ្វី​ដែល​កាន់តែ​អាក្រក់​នោះ​គឺថា វីរុស​ហ៊ី​វ ក៏​ធ្វើឲ្យ​អ្នកជំងឺ ទទួលរង​ភាព​ធ្ងន់ធ្ងរ របស់​ជំងឺ​ផ្សេងៗ​ទាំងនោះ​កាន់តែ​ខ្លាំង ព្រមទាំង​ប្រឈម​នឹង​ជំងឺ​មហារីក​មួយចំនួន​ទៀតផង​។ និយាយ​រួម ជំងឺអេដស៍ ឬ​មេរោគ​ហ៊ី​វ មិន​មែន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ទេ តែ​វា​សម្លាប់​ដោយ​ប្រយោល​។​

​មកដល់​សព្វថ្ងៃនេះ ថ្វីបើ​មាន​ការស្រាវជ្រាវ​ជ្រាវ​ខ្លះៗ​បញ្ជាក់ថា ជំងឺ​អេដស៍​អាច​ព្យាបាល​បាន​ក៏​ដោយ ប៉ុន្តែ មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ​ដែល​បង្ហាញ​ថា អាច​ព្យាបា​ជា​លើ​អ្នក​ជំងឺអេដស៍​ផ្ទាល់​នៅឡើយ​ទេ​។ វា​គឺជា​ជំងឺ​មួយ​ប្រភេទ អាច​សម្លាប់​មនុស្ស​ដោយ​ប្រយោល និង​ស្លាប់ នៅ​ចន្លោះ​រយៈពេល មួយ​ឆ្នាំ​កន្លះ​ទៅ​បី​ឆ្នាំ ក្រោយ​ពី​ចេញ​រោគសញ្ញា ជា​ជំងឺអេដស៍​រួច ដែល​ការស្លាប់​នោះ ច្រើន​តែ​បណ្តាលមកពី​ការឆ្លង​ជំងឺ​ផ្សេង ឬ​មហារីក​។ យ៉ាងណាមិញ ការព្យាបាល​របស់​ជំងឺ​នេះ គ្រាន់តែ​អាច​ពន្យារ​អាយុ និង​ដំណើរការ​ឆ្លង​ជំងឺ​ផ្សេងៗ​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។