សង្គ្រាម​៥២ឆ្នាំ​ត្រូវ​បញ្ចប់ ក្រោយ​ក្រុម​ឧទ្ទាម​កូឡុំប៊ី «Farc» ប្រកាស​បទ​ឈប់​បាញ់

ក្រុម​ឧទ្ទាម​ឆ្វេង​និយម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី «Farc» បាន​បញ្ជា​ឲ្យ​យុទ្ធជន​របស់​ខ្លួន​ទាំង​អស់​បញ្ឈប់​ការ​បាញ់​គ្នា ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ នេះ​ត​ទៅ។ បទ​ឈប់​បាញ់​គ្នា​នេះ បាន​នាំ​មក​នូវ​ការ​បញ្ចប់​នៃ​សង្គ្រាម អាយុ​កាល ៥២​ឆ្នាំ ដែល​ជា​កុបកម្ម​យូរ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​មាន​ការ​ចរចា​ដោយ​សន្តិភាព រយៈ​ពេល ៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​គុយបា។ កិច្ច​ព្រមព្រៀង​សន្តិភាព​ចុង​ក្រោយ​បង្អស់ នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

 

សង្គ្រាម​៥២ឆ្នាំ​ត្រូវ​បញ្ចប់ ក្រោយ​ក្រុម​ឧទ្ទាម​កូឡុំប៊ី «Farc» ប្រកាស​បទ​ឈប់​បាញ់

មេដឹកនាំក្រុមឧទ្ទាម Farc លោក Rodrigo Londono

 

មេ​ដឹក​នាំ​ក្រុម «Farc» លោក Rodrigo Londono ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Timoleon Jimenez ឬ Timochenko បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បាញ់​គ្នា​នេះ។ «ខ្ញុំ​បញ្ជា​ឲ្យ​មេ​បញ្ជាការ កង​កម្លាំង និង​យុទ្ធជន​ទាំង​អស់​របស់​យើង បញ្ឈប់​ការ​បាញ់​គ្នា និង​ប្រឆាំង​ទៅ​លើ​រដ្ឋ​កូឡុំប៊ី ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ​នេះ​ត​ទៅ»។ លោក Timochenko បាន​និយាយ​យ៉ាង​ដូច្នេះ។

 

ប្រធានាធិបតី​កូឡុំប៊ី លោក Juan Manuel Santos ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ផ្អាក​ប្រតិបត្តិការ​យោធា​ប្រឆាំង​ទៅ​នឹង ក្រុម Farc ផង​ដែរ។ លោក​បាន​និយាយ​ថា «ទី​បញ្ចប់​នៃ​ជម្លោះ​នេះ​បាន​មក​ដល់​ហើយ!»៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC