លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមទេ

គឺជាលើកទី៣ហើយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មឆ្លើយតបទៅនឹងខាំមិនត៍ឬការចូលរួមយោបល់របស់ពលរដ្ឋវៀតណាមនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោក។ ជាចម្លើយដែលមិនខុសពីការឆ្លើយតបចំនួនពីរលើកមុនទេថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមនោះទេ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំឲ្យមេដឹកនាំវៀតណាម ណែនាំទៅដល់ពលរដ្ឋរបស់ខ្លួន កុំឲ្យមករំខានលោកតទៅទៀត។

នៅក្នុងប្រតិកម្មឆ្លើយតបនេះ ដំបូងឡើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតសរសើរបុរសជនជាតិវៀតណាមរូបនេះថា សរសេរភាសាខ្មែរ អង់គ្លេស និងវៀតណាមបានល្អ និងយល់ពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងថា មិនមែនជាបញ្ហាដែលទាក់ទងនឹងប្រទេសកម្ពុជា និងឡាវនោះទេ។ ដូច្នេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៏របស់វៀតណាមនោះទេ ហើយលោកក៏មិនមែនជាចៅហ្វាយវៀតណាមដែរ។ នេះ គឺជាការឆ្លើយតបទៅនឹងខាំមិនត៏ (Comment) ឬការបញ្ចេញមតិយោបល់របស់ពលរដ្ឋវៀតណាមម្នាក់ឈ្មោះ Nguyen Van Tai នៅក្នុងទំព័រហ្វេសបុកផ្លូវការ (Facebook Page) របស់លោក កាលពីយប់ថ្ងៃទី២៦សីហា ជុំវិញជំហររបស់កម្ពុជានៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “វាជាការប្រសើរហើយ ប្រសិនបើពលរដ្ឋវៀតណាមម្នាក់នេះយល់ថា បញ្ហាសមុទ្រចិនភាគខាងត្បូងមិនគួរត្រូវបានទាក់ទាញកម្ពុជានិងឡាវឲ្យចូលពាក់ព័ន្ឋនោះ។ លោកបានបន្ថែមថា ការជ្រើសរើសរបៀបដោះស្រាយរវាងចិននិងវៀតណាមយ៉ាងណានោះ គឺជាសិទ្ឋិសម្រេចរបស់មេដឹកនាំវៀតណាម ហើយបើពលរដ្ឋវៀតណាមចង់ជ្រើសរើសផ្លូវសង្គ្រាមឬផ្លូវសន្តិភាព គឺជាសិទ្ឋិរបស់វៀតណាមផ្ទាល់។ នេះគឺជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរបញ្ជាក់ថានេះក៏មិនមែនជាលើកទីមួយទេដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មឆ្លើយតបទៅនឹងអ្នកខាំមិនត៏(Comment) ចូលជាពលរដ្ឋវៀតណាមនៅក្នុងទំព័រហ្វេសបុករបស់លោក។គេនៅចាំបានថា កាលពីចុងខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រតិកម្មតបទៅនឹងពលរដ្ឋវៀតណាមម្នាក់ឈ្មោះ Phạm Đức Hiển ដែលបានចូលមកខាំមិនត៏ Comment បន្ទាប់ពីមានការចាប់បញ្ជូនពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ថា “លោកហ៊ុនសែនក្បត់វៀតណាម។ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានចោទជាសំណួរទៅវិញថា «តើហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ?លោកបន្ថែមថា៖ «វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ ហើយកាលពីថ្ងៃពុធដើមខែសីហាកន្លងទៅ លោក ហ៊ុន សែន ក៏បានប្រតិកម្មសាជាថ្មីម្តងទៀត ទៅនឹងអ្នកផ្តល់យោបល់តាមហ្វេសប៊ុកម្នាក់ទៀត ដែលជាជនជាតិវៀតណាម ដែលលោកបានចាត់ទុកថា បានភ្ជាប់រូបលោកទៅនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាម ដែលលោកសំដៅលើបញ្ហាសមុទ្រចិនខាងត្បូង។

គួរជំរាបជូនថា ជាយូមកហើយ ដែលរដ្ឋាភិបាលកម្ពុជាបានរងការរិះគន់ថា បានស្ថិតនៅក្រោមឥទ្ធិពលវៀតណាម ដោយសារវៀតណាមបានជួយរំដោះកម្ពុជាចេញពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាហាក់បានបង្ហាញទំនោរទៅរកទីក្រុងប៉េកាំងប្រទេសចិនច្រើនជាង។សូមបញ្ជាក់ថា នៅក្នុងប្រតិកម្មចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើទៅកាន់មេដឹកនាំនៃប្រទេសវៀតណាមជួយណែនាំទៅដល់ពលរដ្ឋវៀតណាមទាំងអស់ កុំឲ្យមករំខាននៅក្នុងទំព័រហ្វេសបុករបស់លោកតទៅទៀត៕

ប្រភព៖ RFI


លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមទេ

កម្ពុជាស្នើឲ្យវៀតណាមស្វែងរក និងផ្តន្ទាទោសអ្នក «ប្រមាថ» លោក ហ៊ុន សែន តាម Facebook

លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមទេ

គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគាំទ្រឲ្យ Zaman បន្តប្រតិបត្តិការរបស់ខ្លួន