បើសុំស្នេហ៍នាងមិនបាន អ្នកណាក៏មិនអាចយកបានដែរ

បើសុំស្នេហ៍នាងមិនបាន អ្នកណាក៏មិនអាចយកបានដែរ



ខេត្តកំពង់ស្ពឺ ៖ បុរសជាជាងរថយន្តម្នាក់ ព្រោះតែព្យាយាមតាមស្រលាញ់នារីជាងកាត់ដេរមិនបាន ក៏បែកគំនិតដ៏អាក្រក់ ចាក់ប្រហារផ្ដាច់ផ្ដិលជីវិតពេលនាងកំពុងអង្គុយដេរ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់គ្រាន់តែធ្លាយពោះវៀនចេញមកក្រៅគួរឱ្យញាក់
សាច់តែប៉ុណ្ណោះ ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទី ព្រឹកថ្ងៃទី២៨ សីហា នៅផ្សារឧដុង្គ ស្រុកឧដុង្គ ។ នារីរងគ្រោះឈ្មោះ ណែម ចន្ឋូ អាយុ២៤ឆ្នាំ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ។ ចំណែកបុរសដៃដល់ដែលតាមសុំស្នេហ៍នាងមិនបានឈ្មោះ ស៊ឺម ម៉ូត អាយុ៣២ឆ្នាំ មុខរបរជាងតោននិងបាញ់ថ្នាំរថយន្ត មានទីលំនៅភូមតាជាល ឃុំព្រះស្រែ ស្រុកឧដុង្គ ។

ប្រភពពីសមត្ថកិច្ចដែលស្រង់សំដីពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា «មុនពេលកើតហេតុនារីរងគ្រោះកំពុងតែអង្គុយដេរខោអាវនៅកន្លែងកាត់ដេររបស់ខ្លួន ស្រាប់តែបុរសខកស្នេហ៍នេះ បានមកចាប់ក្រៀកនាង ហើយធ្វើសកម្មភាពចាក់ប្រហារលើនាងជាច្រើនកាំបិត បណ្តាលអោយត្រដរខ្យល់ដួលដេកក្នុងថ្លុកឈាមយ៉ាងអណោចអធម៌បំផុត ហើយក៏ធ្វើអត្តឃាតដោយចាក់សម្លាប់ខ្លួនឯងវិញ បណ្តាលអោយធ្លាយពោះវៀនចេញមកក្រៅ ដួលដេកគួរអោយញាក់សាច់ ។ ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកជិតខាងបញ្ជូនទៅសង្គ្រោះជីវិត តែអកុសលនាងបានស្លាប់បាត់បង់ជីវិតពាក់កណ្តាលផ្លូវ» ។

ប្រភពព័ត៌មាននានា នៅកន្លែងកើតហេតុបានបង្ហើបឱ្យដឹងពីមូលហេតុនៃការសម្លាប់នេះថា ជនដៃដល់បានតាមសុំស្នេហ៍ពីនារីរងគ្រោះច្រើនខែមកហើយតែនាងមិនព្រម ។ គាប់ជួនបងរបស់នារីរងគ្រោះមានបំណងយកប្អូនស្រីទៅរស់នៅបរទេស ដែលជាបំណងមិនចង់អោយជនដៃដល់ចេះតែមកចង់បង្កើតទំនាក់ទំនងរំខានជាមួយប្អូនស្រី ។ មិនយូរប៉ុន្មានដំណឹងនេះ ក៏ដឹងដល់ជនដៃដល់ ធ្វើអោយជននេះមានការខឹងសម្បារជាខ្លាំង ហើយបាននិយាយថា បើខ្លួនមិនបាននាងក៏មិនអាចបានទៅបុរសណាផ្សេងដែរ ហើយបើបងរបស់នាងនៅតែមានៈបំបែកនាងចេញពីខ្លួនទៀត ជំរើសចុងក្រោយខ្លួននឹងសម្លាប់នាងមិនអោយមានជីវិតទេ ហើយក៏សម្លាប់ខ្លួនឯងអោយស្លាប់ជាមួយគ្នាដែរ ។

ការសច្ចាដែលធ្វើបែបនេះ ខ្លួនឯងគ្រាន់តែធ្លាយពោះវៀនមួយទ្រេលមកក្រៅប៉ុណ្ណោះ ត្រូវសមត្ថកិច្ចបញ្ជូនតាមរថយន្តសង្គ្រោះ ដើម្បីបញ្ជូនបន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញព្យាបាលរបួស មុននឹងចាត់វិធានការច្បាប់តាមក្រោយ ។

ទាក់ទងនឹងករណីនេះដែរ បើទោះជាមានការលើកឡើងបែបនេះក្តី ក៏មិនទាន់អាចសន្និដ្ឋានថា ជារឿងពិតឡើយ ព្រោះពុំមានក្រុមគ្រួសារនារីរងគ្រោះណាម្នាក់ ចេញមុខមកអះអាងទេ គ្រាន់តែជាការលើកឡើងរបស់អ្នកនៅក្បែរកន្លែងនារីរងគ្រោះនិយាយតៗគ្នាតែប៉ុណ្ណោះ ៕