ក្រុមសូហ្វតិន្នីសកម្ពុជា ឈ្នះមេដាយសំរឹទ្ធកម្រិតពិភពលោកនៅកូរ៉េខាងត្បូង

ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា បានបង្កើតនូវស្នាដៃថ្មីមួយទៀត តាមរយៈការឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជាក្រុម ក្នុងការប្រកួត 2016 Incheon Korea Cup Soft Tennis Tournament ដែលទើបបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
mm3

លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាប្រតិភូដឹកនាំទៅចូលរួមប្រកួតនេះ បានចាត់ទុកព្រឹត្តិការណ៍ 2016 Incheon Korea Cup Soft Tennis Tournament នេះជាការប្រកួតកម្រិតពិភពលោក លើប្រភេទកីឡាសូហ្វតិន្នីស ព្រោះប្រទេសខ្លាំងៗផ្នែកកីឡានេះ សុទ្ធតែបានចូលរួមប្រកួតក្នុងការប្រកួតនេះ ពិសេសក្រុមម្ចាស់ផ្ទះកូរ៉េ និងជប៉ុនតែម្តង។

mm2

ចំណែកប្រទេសថៃ និងហ្វីលីពីន ដែលជាប្រទេសខ្លាំងខាងកីឡាសូហ្វតិន្នីសនៅកម្ពុជាតំបន់អាស៊ាន ក៏ចូលរួមដែរ ក្រៅពីនោះមានប្រទេសចិន ប៉ូឡូញ ឥណ្ឌា ម៉ុងហ្គោលី វៀតណាម ឡាវ និងកម្ពុជា។

mm1

លោក ជា ប៊ុនហេង បានថ្លែងថា៖ការដែលខ្ញុំបានចាត់ទុកការប្រកួតនេះ ជាការប្រកួតកម្រិតពិភពលោក ដោយសារប្រទេសខ្លាំងៗខាងកីឡាសូហ្វតិន្នីស សុទ្ធតែបានចូលរួមក្នុងការប្រកួតនេះ ពិសេសកូរ៉េ និងជប៉ុន ដែលខ្លាំងជាងគេនោះ បានដាក់ក្រុមអត្តពលិកចូលរួម៤ក្រុមធំៗដូចគ្នា ហេតុនេះការឈ្នះបានមេដាយសំរឹទ្ធពីការប្រកួតនេះ វាជារឿងដ៏គួររំភើប និងមានមោទនៈភាពបំផុតចំពោះកម្ពុជាយើង»។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា រួមមាន កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ,ប៉ិល វណ្ណី និង ឌិម សម្បត្តិ បានយកឈ្នះក្រុមដែលមានការដាក់បញ្ចូលគ្នារវាងកីឡាករមកពីប្រទេសម៉ុងហ្គោលី វៀតណាម និងឡាវ ក្នុងលទ្ធផល ២-០ និងបានបន្តឈ្នះក្រុមហ្វីលីពីន ២-០ តែបានចាញ់ក្រុមថៃ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យកម្ពុជា បានឈ្នះមេដាយសំរឹទ្ធស្ទួនជាមួយក្រុមជប៉ុន ព្រោះជប៉ុន ក៏បានចាញ់ក្រុមកូរ៉េ នៅវគ្គ១/២ផ្តាច់ព្រ័ត្រដែរ ប៉ុន្តែក្រុមថៃ បានទៅចាញ់ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែកការប្រកួតឯកត្តជនបុរស(កម្ពុជាមានកីឡាករ៨នាក់) និងការប្រកួតជាគូបុរស(កម្ពុជាមាន៤គូ)នោះ គឺកម្ពុជា បានឆ្លងផុតវគ្គជម្រុះ១៦នាក់ឬគូដូចគ្នា តែបានធ្លាក់នៅវគ្គ៨នាក់ឬគូដូចគ្នា ដែលលោក ជា ប៊ុនហេង បានចាត់ទុកថា ជាលទ្ធផលដ៏ល្អផងដែរ ព្រោះមានឈ្នះមានចាញ់ ខណៈគ្រប់វិញ្ញាសាសុទ្ធតែមានជប៉ុន និងកូរ៉េ បានចូលរួម។

ចំពោះការប្រកួតជាក្រុមនារីវិញ កីឡាការិនីទាំង២នាក់របស់កម្ពុជា ត្រូវដាក់បញ្ចូលគ្នាជាមួយកីឡាការិនី៤នាក់ផ្សេងទៀតរបស់ម៉ុងហ្គោលី និងប៉ូឡូញ ហើយជាលទ្ធផលក្រុមមួយនេះបានចាញ់ក្រុមហ្វីលីពីន ២-១ និងបន្តចាញ់ក្រុមជប៉ុន ២-០។ រីឯការប្រកួតវាយគូនារី និងឯកត្តជននារី គឺកម្ពុជា បានចាញ់ពេលប្រកួតបើកឆាកដូចគ្នាទាំងអស់។

គួរបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន១០នាក់ និងថ្នាក់ដឹកនាំ៤នាក់ ទៅចូលរួមការប្រកួត 2016 Incheon Korea Cup Soft Tennis Tournament តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦តាមការអញ្ជើញពីសហព័ន្ធកីឡាសូហ្វតិន្នីសកូរ៉េ ហើយប្រតិភូកម្ពុជាមួយក្រុមនេះ នឹងវិលមកដល់ប្រទេសកម្ពុជា វិញនាថ្ងៃទី៣០ ខែសីហា។

យ៉ាងណាក៏ដោយ លោក ជា ប៊ុនហេង បានឲ្យដឹងថា កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ, និង ឌិម សម្បត្តិ នឹងនៅបន្តហាត់ជាមួយក្រុមជម្រើសជាតិកូរ៉េរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីប្រធានសហព័ន្ធកីឡាសូហ្វតិន្នីកូរ៉េ បានផ្តល់ការអនុញ្ញាតឲ្យកម្ពុជាយើងនោះ ហើយក្រុមកីឡាករវៀតណាម និងថៃ ក៏ទទួលបានឱកាសហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាសូហ្វតិន្នីសជម្រើសជាតិកូរ៉េ នោះដែរ៕
រូបថតគេផ្តល់ឲ្យ

The post ក្រុមសូហ្វតិន្នីសកម្ពុជា ឈ្នះមេដាយសំរឹទ្ធកម្រិតពិភពលោកនៅកូរ៉េខាងត្បូង appeared first on CamboSport.