ឈើ​ប្រណីត​ដឹក​ចេញ​ទៅ​លក់​ឲ្យ​យួន​នៅ​ព្រំដែន​ស្រុក​កែវ​សីមា​ដូច​ហែ​កឋិន

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​គ្រប់​ប្រភេទ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជ​ញ្ជួ​ន​ទាំង​យប់​ទាំង​ថ្ងៃ​ពី​ស្រុក​អូរ​រាំង យក​ទៅ​លក់​ឲ្យ​ថៅកែ​យួន​តាម​បន្ទាត់​ព្រំដែន​ស្រុក​កែវ​សីមា និង​ស្រុក​ស្នួល​ខេត្តក្រចេះ ដោយ​មិនឃើញ​មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ខាង​ណា​បង្ក្រាប ឬ​ទប់ស្កាត់​ឡើយ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ព្រៃ​ការពារ ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទៅ​មន្ត្រី​បរិស្ថាន គេ​ស​ង្គេ​ត ឃើញ​ថា សកម្មភាព​ដឹកឈើ​ខុសច្បាប់​មិន​បាន​ថមថយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ហាក់​មានការ​សប្បាយ​ចិត្តជា​ខ្លាំង ព្រោះ​មន្ត្រី​បរិស្ថាន​ដែល​បាន​ផ្លាស់​ប្តូរ​តួនាទី​ទៅ​ប្រចាំការ​ជំនួស​មេព្រៃ បាន​ត្រឹម​សង់​កូន​តូប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ជិត​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ចង​អង្រឹង​ដេកចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​ដក​លុយ​តុង​ប៉ុណ្ណោះ ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​រថយន្ត​នោះ​ទេ​ដែល​ដឹកឈើ​ខុសច្បាប់ សូ​ម្បី​តែ​ម៉ូតូ​កែ​ច្នៃ ក៏​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ ចេញពី​ព្រៃ​ការពារ​រាប់រយ​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ​។ លើស​ពី​នេះ​ទៀត តំបន់​អភិរក្ស​កែវ​សីមា​ក្រោម​ការ​គ្រប់គ្រង​របស់​លោក រដ្ឋ សុវណ្ណ នាយក​ដែនជំរកសត្វព្រៃ​កែវ​សីមា និង​លោក គង់ វី​រៈ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​រាំង ត្រូវ​បាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​អះអាង​ថា បាន​បង់លុយ​ប្រចាំខែ​ដល់​មន្ត្រី​ជំនាញ​ទាំងនោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា មិន​ត្រឹមតែ​នាយក​ដែន​ជំរក​និង​នាយ​ជំរក​សត្វព្រៃ​នោះ​ទេ​ដែល​ពួក​គេ​បាន​បង់លុយ​ឲ្យ នៅ​មាន​មន្ត្រី​ពាក់​ព័​ន្ឋ​ជា​ច្រើន​ដូច​ជា មេ​ប៉ុស្តិ៍​នគរបាល អធិការ​ស្រុក មេ​ប៉េ​អឹ​ម​ស្រុក ចៅហ្វាយស្រុក រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ដែល​មក​ពី​ថ្នាក់​ខេត្ត​និង​ថ្នាក់​ក្រសួង​ផង​ដែរ ។ ឈើ​ប្រណីត​ដែល​ក្រុម​ឈ្មួញ​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន​មាន​ជា​ច្រើន​ប្រភេទ​ដូច​ជា បេង នាងនួន ធ្នង់ និង​ប្រភេទ​ឈើ​សុ​ក្រំ ។

បើ​តាម​ប្រជា​សហគមន៍​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់   ពិបាក​រក​ឈើ​ប្រណីត​ដូច​មុន​ណាស់ ព្រោះតែ​ជំនួញ​ឈើ​ប្រណីត​កក្រើក​ខ្លាំង ធ្វើ​ឲ្យ​មាន​សកម្មភាព​លួច​ចូល​កាប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​សហគមន៍​រាល់ថ្ងៃ ទើប​បានជា​ឈើ​ទាំង​អស់នោះ​ប្រឈម​នឹង​ការ​ផុត​ពួ​ជ ។

សកម្មជន​ព្រៃឈើ​បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ចាត់វិធានការ​ចំពោះ​ឧក្រិដ្ឋជន​ដែល​បាន​កាប់​បំផ្លាញ ជួញដូរ​បទល្មើស​ព្រៃ ឈើ​យក​ទៅ​ដាក់ទោស​តាម​ច្បាប់​ប្រទេស​កម្ពុជា បើ​ពុំនោះសោត​គ្រោះ​មហន្តរាយ​ព្រៃឈើ​នឹង​អាច​កើត​មាន​ក្នុង​ពេល​ឆាប់​ៗ ព្រោះតែ​ការ​បណ្តែតបណ្តោយ​របស់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ៕