​ខំធ្វើស្តាយ​អ្នកដំណើរជិះម៉ូតូឌុប ​នៅតែស្គាល់…

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជា​ចោរ​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់ ដែល​ធ្វើ​ដំណើរ​ឆ្លងខេត្ត (​ខេត្តបាត់ដំបង និង​ខេត្ត បន្ទាយ​​​មាន​ជ័យ​) មក​លួច​កាច់​សោ​.​ក​ម៉ូតូ ទីបំផុត​ត្រូវ​អស់លក្ខណ៍ ដោយ​ត្រូវ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បង្ក្រាប​បាន​ម្នាក់ ក្នុង​ចំណោម​បក្ស​៣​នាក់ (​ស្រី​ម្នាក់​) កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ស្ពាន​ទី​១ ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​យ៉ែ​ម សាត រស់នៅ​ភូមិ​ព្រែក​គរ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក ប្រសព្វ ខេត្តក្រចេះ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ សីហា បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ឌ្រី​មធុ​ន​សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1j-3231 ដែល​ម្ចាស់​ឈ្មោះ​សេន គឹ​ម​ស៊ា​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​ម្ចាស់​ជិះ​ម៉ូតូ​ត្រឡប់​មកពីផ្សារ​ទៅ​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ដោយ​មិន​បាន​ដក​សោ​ចេញ ។

ឆ្លង​តាម​ការ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ​រុករក​មុខសញ្ញា រហូត​ដល់​យប់​ថ្ងៃ​ទី​២៦​សីហា ឆ្នាំ​២០១៦ ទើប​ប្រទះ​ឃើញ​មុខសញ្ញា​២​នាក់ ជិះ​ម៉ូតូ​ដែល​មាន​ភិន​ភាក​ដូច​រូបថត​ក្នុង​កាមេរ៉ា ក៏​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ដេញ​តាម​ប្រផាប់​ប្រ​ភីង ប៉ុន្តែ​គេចខ្លួន​បាត់ ទើប​ឃើញ​ម្នាក់​ដែល​គេ​ប្តូរ​រូបភាព​ជិះ​ម៉ូតូឌុប តែ​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​តាម​ចាប់​បាន​ដដែល កាល​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ សីហា​ឆ្នាំ​២០១៦ យក​កាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។