អ៊ុយក្រែន «ព្រួយបារម្ភខ្លាំងរឿងទឹកដី» ក្រោមឥទ្ធិពលសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្សុី

ភ្លាមៗដោយគ្មានការប្រកាសឲ្យដឹងជាមុន មហាអំណាចរុស្សុីបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិកជាសមាជិករបស់អង្គការ NATO កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ រួមមានកម្លាំងទ័ពជាច្រើនបំពាក់ដោយអាវុធទំនើបៗ ព្រមទាំងមានកងទាហានឆត្រយោងថែមទៀតផង បានបង្កឲ្យប្រទេសអ៊ុយក្រែនដែលកំពុងមានវិវាទតានតឹងជាមួយរុស្សុីនោះ ព្រួយបារម្ភយ៉ាងខ្លាំងក្នុងរឿងបាត់បង់ទឹកដីធ្លាក់ទៅក្នុងកណ្ដាប់ដៃប្រទេសរុស្សុី ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្សុី គឺលោក Sergey Shoigu បានថ្លែងឲ្យដឹងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ថា សកម្មភាពសមយុទ្ធទ្រង់ទ្រាយធំជាបន្ទាន់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ តាមការបង្គាប់បញ្ជារបស់លោកប្រធានាធិបតី Vladimir Putin ។

អ៊ុយក្រែន «ព្រួយបារម្ភខ្លាំងរឿងទឹកដី» ក្រោមឥទ្ធិពលសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្សុី

លោក Sergey Shoigu បានអះអាងថា យុទ្ធសាស្ដ្រក្នុងសមយុទ្ធយោធានេះ គឺជាការត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាមរបស់កម្លាំងប្រដាប់អាវុធ ខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹងសង្គ្រាមទ្រង់ទ្រាយធំ ។
ដោយឡែក លោក Petro Poroshenko ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា ទោះបីអ៊ុយក្រែនទទួលបានឯករាជ្យអស់រយៈពេល២៥ឆ្នាំមកហើយក្ដី ប៉ុន្តែសកម្មភាពគ្រប់យ៉ាងរបស់រុស្សុី គឺដើម្បីចង់បានទឹកដីអ៊ុយក្រែនទាំងមូលឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង ។

អ៊ុយក្រែន «ព្រួយបារម្ភខ្លាំងរឿងទឹកដី» ក្រោមឥទ្ធិពលសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្សុី

ជាកិច្ចឆ្លើយតបទៅនឹងអំពើប៉ុបប៉ងឈ្លានពានរបស់រុស្សុីនេះ កងកម្លាំងទាហានអ៊ុយក្រែនក៏បានដាក់ពង្រាយកាំជ្រួចមីសុីលធុន S-300 ទៅកាន់តំបន់ជាប់ព្រំដែន Crimea ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់ខ្លួន ។
ប្រភពព័ត៌មានពីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែនបានបង្ហាញថា រុស្សុីបានបញ្ជូនសព្វាវុធទំនើបៗជាច្រើនមកកាន់តំបន់ Crimea ដែលគ្រប់គ្រងដោយរុស្សុី រួមមាន រថក្រោះចំនួន៣០គ្រឿង នាវាមុជទឹកចំនួន៣គ្រឿង និងកាំជ្រួចមីសុីលធុន S-400 ចំនួន១៥ដើម ព្រមទាំងមានអាវុធបរមាណូទៀតផង ។

ក្នុងនាមជាប្រទេសសមាជិកមិនអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អ៊ុយក្រែនធ្លាប់បានដាក់សំណើសុំការជួយអន្តរាគមន៍ពី អ.ស.ប ឲ្យដាក់ពង្រាយកងកម្លាំងមួកខៀវរក្សាសន្តិសុខនៅតំបន់បះបោរនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានចម្លើយវិជ្ជមាននៅឡើយ គឺអាចបណ្ដាលមកពីការប្រើប្រាស់សិទ្ធិវេតូ (Veto) របស់មហាអំណាចរុស្សុីដែលជាសមាជិកអចិន្ដ្រៃយ៍ អ.ស.ប ៕

Related