ខ្មែរ4នាក់ចូលកាប់គ្រញូងក្នុងដីថៃ ដូចស្ថិតក្នុងចង្កូមខ្លា

ខ្មែរ4នាក់ចូលកាប់គ្រញូងក្នុងដីថៃ ដូចស្ថិតក្នុងចង្កូមខ្លា



ខេត្តបាត់ដំបង ៖ ក្រុមទាហានឈុតខ្មៅថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ៤នាក់ ក្នុងចំណោម៥នាក់ កាលពីរសៀលថ្ងៃទី២៦ សីហា ពេលដែលពួកគេលួចឆ្លងដែនចូលទៅលួចកាប់ឈើគ្រញូងដោយខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំខៅស្មីង ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ប្រឈមនិងស្រុកវាលវែង ខេត្តពោធិសាត់ ហើយភាគីថៃនឹងបញ្ជូនខ្មែរទាំង៤នាក់នោះ ត្រឡប់មកស្រុកវិញ នៅសប្ដាហ៏ក្រោយនេះ ។ នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃ ប្រចាំច្រក «៤០០» នៅស្រុកសំឡូត ។

លោក ស៊ីវ វាសនា ប្រធានក្រុមការងារទំនាក់ទំនងខ្មែរ-ថៃ ប្រចាំច្រក្រ«៤០០» ស្រុកសំឡូត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ សីហា ថា ពលរដ្ធខ្មែរទាំង៤នាក់នោះ ត្រូវក្រុមទាហានថៃ ចាប់ខ្លួនពេលពួកគេកំពុងលួចកាប់ឈើនៅក្នុងទឹកដីនៃប្រទេសថៃ ។

លោកថា បើតាមការផ្ដល់ព័ត៌មានពីភាគីថៃ ពលរដ្ធខ្មែរទាំងនោះ បានលួចឆ្លងដែនចូលដីថៃ ត្រង់ចំណុចច្រករបៀង «ពាមតា» ក្នុងភូមិសាស្ត្រឃុំតាតោក ស្រុកសំឡូត  ប៉ុន្តែទីតាំងដែលពួកគេចូលកាប់ឈើក្នុងទឹកដីថៃ គឺឈមនឹងស្រុកវាលវែង ខេត្តពោធិសាត់ ។

ពួកគេត្រូវទាហានថៃឡោមព័ទ្ធចាប់ខ្លួន ពេលកំពុងស្ពាយកំណាត់ឈើគ្រញូង ប៉ុន្តែមិនមានការបាញ់ប្រហារទៅលើពួកគេទេ គ្រាន់តែចាប់ចងស្លាបសេក ទុកម្ដុំនៅក្នុងព្រៃ ប៉ុន្តែមានខ្មែរម្នាក់បានរត់រួច ។

លោក ឈឹម យុន នាយប៉ុស្ដ៏នគរបាលឃុំតាតោក បានប្រាប់កោះសន្តិភាពថា ពលរដ្ឋដែលលួចចូលទៅកាប់ឈើរក្នុងទឹកដីថៃនោះ មានគ្នា៥នាក់ តែត្រូវទាហានថៃចាប់បាន៤នាក់ និងរត់រួចម្នាក់ ។ លោកបានបញ្ជាក់ថា ពលរដ្ឋទាំង៤នាក់ ដែលទាហា៊ានថៃចាប់ខ្លួន ១-ឈ្មោះ ធូក លីអូ អាយុ១៦ឆ្នាំ ២-ឈ្មោះ អ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ៣-ឈ្មោះ អ៊ុន វីន អាយុ២៣ឆ្នាំ និង៤-ឈ្មោះ ឡាំ ដែន អាយុ២២ឆ្នាំ និងម្នាក់ដែលរត់រួចឈ្មោះ យក្ស តែក្រុមគ្រួសារនៅមិនទាន់ដឹងដំណឹងអំពីឈ្មោះ យក្ស នេះ នៅឡើយទេ ។ ពួកគេរស់នៅជាមួយគ្នា នៅក្នុងភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ។

លោក ស៊ីវ វាសនា ប្រធានក្រុមទំនាក់ទំនងព្រំដែនខ្មែរ-ថៃ បានប្រាប់ថា ក្រោយពីចាប់ខ្លួនពលរដ្ឋខ្មែរ ភាគីថៃបានផ្ដល់ដំណឹងមកលោកភ្លាមៗដែរ ។ លោកថា ភាគីថៃបានអះអាងថា ក្រុមទាហានថៃមិនបានផ្ទុះអាវុធទេ ពេលចុះបង្ក្រាបនោះ ។ ពួកគេបានបញ្ជូនពលរដ្ធខ្មែរទាំង៤នាក់ភ្លាមៗ ទៅកាន់ខេត្តត្រាត ដើម្បីសួរនាំ ប៉ុន្តែមិនបានវាយដំ ឬធ្វើទារុណកម្មទៅលើពលរដ្ធខ្មែរនោះទេ ។ ប្រធានក្រុមទំនាក់ទំនងព្រំដែនរូបនេះ បានបញ្ជាក់ដែរថា ភាគីថៃនឹងបញ្ជូនពលរដ្ធខ្មែរទាំង៤នាក់នោះ ត្រឡប់មកស្រុកវិញ នៅសប្ដាហ៏ក្រោយនេះ តាមច្រកទ្វា «៤០០» ក្នុងស្រុកសំឡូត  ដែលពេលនេះអាជ្ញាធរថៃគេកំពុងសួរនាំអំពីដំណើររឿងនៅឡើយ ។

ឃើញក្នុងរូបនេះ គួរឱ្យញាក់សាច់ណាស់។ ខ្មែរ៤នាក់ នៅមួយកំណាត់ឈើគ្រញូង៤-៥ដុំ ម្នាក់ចងជាសម្ពាយអង្គុយរួញខ្លួន ចំពោះមុខទាហានឈុតខ្មៅថៃ ប្រៀបដូចស្ថិតក្នុងចង្កូមខ្លា ។ ប៉ុន្តែសំណាងល្អឡើងវិញ ទាហានថៃអត់បាញ់អត់ជាន់កដកស្លាបដូចពីអតីតកាលទេ ។
អាស្រ័យអាជ្ញាធរកម្ពុជាតាមព្រំដែន មានកិច្ចសហការល្អ ទើបពួកគេបានរួចខ្លួនពីទារុណកម្ម។

  • អាជ្ញាធរថៃដោះលែងអ្នកទោសខ្មែរ8នាក់

ខេត្តឧត្ដរមានជ័យ ៖ អ្នកទោសខ្មែរចំនួន៨នាក់ ដែលក្រុមអាជ្ញាធរថៃចោទពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា រួចបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

អ្នកទោសខ្មែរម្នាក់ឈ្មោះ រី រ៉ាវី ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត និយាយថា  នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥  មានពលរដ្ឋជាច្រើនក្រុមបានឡើងភ្នំដងរែកឆ្លងដែនចូលទៅក្នុងទឹកដីថៃ គោលបំណងកាប់ឈើគ្រញួង ។ ពេលនោះ ត្រូវក្រុមទាហានថៃបាញ់រះមកលើ តែមិនបានដឹងថាមានអ្នកណាខ្លះរងរបួសឬស្លាប់នោះទេ  ដោយឡែកពួកខ្លួនត្រូវក្រុមទាហានថៃចាប់បាននាំទៅដាក់ពន្ធនាគាខេត្តស៊ីសាកេត  ប្រទេសថៃ ។

មន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិជាំឱ្យដឹងថា អ្នកទោសខ្មែរដែលត្រូវអាជ្ញាធរថៃដោះលែងជាបន្តបន្ទាប់នាំមកប្រគល់ឳ្យអាជ្ញាធរកម្ពុជាតាមច្រកទ្វារជាំ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែសីហា មានចំនួន៣នាក់គឺ១-ឈ្មោះ មាស ពៅ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ស្មាស នន ភេទប្រុស អាយុ២១ឆ្នាំ ៣-ឈ្មោះ យូ លី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣នាក់នេះ រស់នៅភូមិឫស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

មន្ត្រីដដែលបន្តថា ដោយឡែកនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៧ ខែសីហា  អាជ្ញាធរថៃបានបញ្ជូនមកចំនួន៥នាក់ទៀតមាន ១-ឈ្មោះ ហ៊ីម ថាត ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះ ខ្លឹង រិន ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះ ស៊ុន សិលា ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ ស៊ុន ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ និង៥-ឈ្មោះ រី រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ  ទាំង៥នាក់នេះរស់នៅស្រុកដងទង់  ខេត្តកំពត ។
ពលរដ្ឋខ្មែរទាំង៨នាក់ ត្រូវបានអប់រំនិងឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕