ក្លាយ​ជា​អ្នក​មាន​នៅ​វ័យ​២០​ឆ្នាំ​ និង​៣០​ឆ្នាំ​ ជាមួយ​និង​អាថ៌កំបាំង​ទាំង​៧​យ៉ាង​នេះ​

ក្លាយ​ជា​អ្នក​មាន​នៅ​វ័យ​២០​ឆ្នាំ​ និង​៣០​ឆ្នាំ​ ជាមួយ​និង​អាថ៌កំបាំង​ទាំង​៧​យ៉ាង​នេះ​

មនុស្សគ្រប់គ្នាតែងតែមានក្ដីប្រាថ្នាចង់ក្លាយជាអ្នកមាន ហើយភាគច្រើនមានក្ដីស្រមៃវែងឆ្ងាយជាងនេះដោយចង់ក្លាយជាសេដ្ឋីដោយខ្លួនឯងបាន។ ប៉ុន្តែការក្លាយជាអ្នកមាន មិនមែនត្រឹមតែមានក្ដីសង្ឃឹមនោះទេ ពោលគឺអ្នកត្រូវប្រឹងប្រែងយ៉ាងខ្លាំង។

ម្យ៉ាងទៀតអ្នកត្រូវចាំថា វាមិនយឺតពេលទេដែលអ្នកអាចក្លាយជាអ្នកមានបាន គ្រាន់តែថា ប្រសិនបើអ្នកព្យាយាមចាប់តាំងពីខ្លួននៅក្មេងនោះ អ្នកនឹងមានសក្ដានុពលច្រើនក្នុងការកសាងអនាគតជាអ្នកមានរបស់អ្នក។ ទោះជាបែបនេះក៏ដោយ បញ្ហាគឺត្រង់ថា នៅក្នុងវ័យ២០ឆ្នាំ និង៣០ឆ្នាំអ្នកនឹងត្រូវប្រឈមជាមួយនិងបញ្ហាជាច្រើនទាំងការងារ ការសិក្សា ជីវិត និងបញ្ហាផ្សេងទៀត ដែលរាំងស្ទះដល់ដំណើរឆ្ពោះទៅកាន់ភាពជាអ្នកមានរបស់អ្នក។ ទោះបីគ្មានវិធីជាក់លាក់ណាដែលធានាថាអ្នកនឹងក្លាយជាអ្នកមាន ក៏ប៉ុន្តែអាថ៌កំបាំងទាំង៧យ៉ាងនេះ អាចនឹងជួយអ្នកបានច្រើន។

១. ឈប់ពន្យារពេលតទៅទៀត

ភាពខុសឆ្គងរបស់មនុស្សក្នុងយុវភាព គឺពួកគេតែងតែគិតថា ពួកគេនៅពេលច្រើនទៀតសម្រាប់គ្រប់យ៉ាង។ ពួកគេតែងគិតថា ការកសាងទ្រព្យធន គឺជាពេលបន្ទាប់នៅក្នុងជីវិត ហើយខ្វល់ខ្វាយតែចំពោះបច្ចុប្បន្នភាព។ ពួកគេតែងលើកឡើងថា គួរធ្វើនៅខែក្រោយ ខែក្រោយបន្ទាប់ទៀត រហូតបណ្ដោយពេលវេលាឲ្យកន្លងផុតទៅជាយូរហើយទើបនឹកថា ពេលវេលាកន្លងទៅដោយមិនបានធ្វើអ្វី។ ដូចនេះ អ្វីដែលអ្នកត្រូវធ្វើគឺឈប់ពន្យារពេលតទៅទៀត ត្រូវចាប់ផ្ដើមធ្វើអ្វីដែលគួរធ្វើដូចជា ការសន្សំលុយកាក់ ការវិនិយោគជាដើម។ ប្រសិនបើអ្នកនៅតែបន្តពន្យារពេលនោះ អ្នកនឹងមានឱកាសតិចតួចប៉ុណ្ណោះក្នុងការក្លាយជាអ្នកមានបាន។

២. ត្រូវដឹងថាគ្មានវេទមន្តធានាថាក្លាយជាអ្នកមាននោះទេ

ដូចបានលើកឡើងពីខាងលើ គ្មានវិធីណាមួយអាចធានាបានថា អ្នកនឹងក្លាយជាអ្នកមាននោះទេ សូម្បីតែវិធីដែលលើកឡើងក្នុងអត្ថបទនេះ ពោលគឺគ្មានវេទមន្តធានាថានឹងក្លាយជាអ្នកមាននោះទេ ប៉ុន្តែមានត្រឹមវិធីដែលអាចជួយអ្នកបាន។ ចំណុចចម្បងក្នុងទីនេះគឺ អ្នកត្រូវតែរកឲ្យបានច្រើនជាងការចំណាយរបស់អ្នក ហើយប្រើលុយដែលនៅសល់ធ្វើការវិនិយោគ។ អ្នកអាចវិនិយោគតាមវិធីផ្សេងៗ ប៉ុន្តែត្រូវប្រាកដថាវាមានលទ្ធភាពខ្ពស់ដែលអាចជួយឲ្យអ្នករកលុយបានច្រើនក្នុងពេលអនាគត។ ជារួមគឺ រកលុយឲ្យបានច្រើន ចំណាយឲ្យតិច ហើយវិនិយោគឲ្យបានច្រើន។

៣. វិនិយោគលើខ្លួនឯង

គោលដៅបន្ទាប់របស់អ្នកគឺ វិនិយោគលើខ្លួនឯង ព្រោះថាខ្លួនអ្នកផ្ទាល់គឺជាប្រភពដ៏សំខាន់ក្នុងការបង្កើតនូវទ្រព្យសម្បត្តិ។ វិនិយោគលើខ្លួនឯង មានន័យថា ចំណាយឲ្យបានច្រើនលើការសិក្សាអប់រំរបស់ខ្លួន ការធ្វើឲ្យប្រសើរឡើងនូវចំណេះជំនាញ និងការចេញជួបជាមួយមនុស្សខាងក្រៅដែលអាចជួយឲ្យអ្នកសម្រេចបាននូវគោលដៅរបស់អ្នក។ បើអ្នកមានចំណេះដឹង ជំនាញ បទពិសោធន៍ និងទំនាក់ទំនងកាន់តែច្រើន នោះអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានប្រាក់ខែខ្ពស់ ជម្រើសច្រើនក្នុងផ្លូវដើរ ដែលនេះនឹងជួយឲ្យអ្នកកសាងបាននូវមូលដ្ឋានហិរញ្ញវត្ថុកាន់តែរឹងមាំ។

៤. បង្កើតកញ្ចប់ថវិកា

នៅក្នុងចំណុចនេះ ក្ដោបលើការចំណាយ ថាត្រូវធ្វើបែបណាឲ្យចំណាយត្រឹមត្រូវ។ អ្នកត្រូវបង្កើតនូវកញ្ចប់ថវិកាយ៉ាងលំអិតមួយដែលផ្អែកលើប្រាក់ចំណូលដែលអ្នកមាន និងការចំណាយរបស់អ្នកនាបច្ចុប្បន្ន។ បន្ទាប់មកកំណត់ព្រំដែនយ៉ាងរឹងមាំលើការចំណាយរបស់អ្នក ហើយយកចិត្តទុកដាក់លើផ្នែកដែលខ្លួនចំណាយលើច្រើន។ បន្ទាប់ពីអ្នកអាចកំណត់បានហើយ នោះអ្នកអាចធ្វើឲ្យកញ្ចប់ថវិការបស់អ្នកប្រសើរឡើង ដោយចំណាយតិចបំផុតតាមដែលអាចធ្វើបាន ហើយអ្វីដែលនៅសល់ដាក់សន្សំ និងធ្វើការវិនិយោគ។

៥. ដោះបំណុលរបស់អ្នក

មុនពេលដែលអ្នកចាប់ផ្ដើមធ្វើការសន្សំ និងវិនិយោគ វាជារឿងល្អដែលអ្នកគួរដោះបំណុលរបស់អ្នកជាមុនសិន។ បំណុលមួយចំនួន ដូចជា បំណុលក្រេឌីតកាត បំណុលកម្ចីទិញរថយន្ត ផ្ទះជាដើម អាចមានអត្រាការប្រាក់ខ្ពស់ ដែលអាចធ្វើឲ្យអ្នកធ្លាក់ចុះ ព្រោះតែត្រូវបង់សងបន្តិចម្ដងៗរាល់ខែ ធ្វើឲ្យបាត់ប្រាក់ចំណូលរបស់អ្នក ហើយពេលខ្លះអាចមានការកើនឡើងនូវការប្រាក់ ឬមានការផាកពិន័យផ្សេងៗទៀតផងដែរ។ ដូចនេះ អ្នកមិនគួរឲ្យចំណុចទាំងអស់នេះ រាំងស្ទះដល់ឱកាសក្លាយជាអ្នកក្នុងពេលអនាគតរបស់អ្នកនោះទេ ពោលគឺអ្នកត្រូវដោះខ្លួនពីបំណុលឲ្យបានឆាប់តាមដែលអាចធ្វើបាន។

៦. ហ៊ានប្រថុយនិងហានិភ័យ

អ្នកនៅក្មេង និងនៅមានពេលច្រើនទៀត ដូច្នេះអ្នកគួរតែចាប់ផ្ដើមហ៊ានប្រថុយនិងហានិភ័យពីពេលឥលូវនេះ។ អ្នកអាចវិនិយោគក្នុងកិច្ចការដែលមានការប្រថុយប្រថានខ្ពស់បាន ដើម្បីទទួលបានផលតបស្នងមកវិញខ្ពស់ដែរ។ អ្នកអាចពិចារណាអំពីការបោះបង់ការងារ ហើយមកចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន ប្រសិនបើមានឱកាសល្អមកដល់។ ដោយសារអ្នកនៅក្មេង ដូចនេះប្រសិនបើអ្វីៗដំណើរការមិនសូវបានល្អដូចការគិត អ្នកអាចមានពេលវេលាច្រើនដើម្បីគិតគូរ និងធ្វើឡើងវិញ។ បើអ្នកសួរទៅកាន់អ្នកមានភាគច្រើន នោះអ្នកនឹងដឹងថា គន្លឹះនៃភាពជោគជ័យរបស់ពួកគេគឺការហ៊ានប្រថុយនិងហានិភ័យ ដែលនេះខុសប្លែកពីមនុស្សភាគច្រើនដែលគិត និងធ្វើអ្វីដែលខ្លួនយល់ថាមានសុវត្ថិភាព មិនប្រថុយប្រថាន។

៧. ធ្វើអ្វីៗឲ្យមានភាពខុសប្លែកគ្នាច្រើន

ស្របគ្នានិងការប្រថុយនឹងហានិភ័យ ការប្រឹងប្រែងរបស់អ្នកក៏គួរតែមានច្រើន និងផ្សេងៗពីគ្នាផងដែរ។ អ្នកគួរមានជំនាញ និងទំនាក់ទំនងឲ្យបានច្រើន កុំពឹងផ្អែកលើការវិនិយោគតែមួយប្រភេទ កុំយកលុយដែលអ្នកសន្សំបានទាំងអស់ទៅធ្វើលើកិច្ចការតែមួយ។ អ្នកត្រូវរៀបចំឲ្យមានប្រភពចំណូលឲ្យបានច្រើន រៀបចំផែនការបម្រុងសម្រាប់គោលដៅ និងជំនួញរបស់អ្នកឲ្យបានច្រើន ព្រមទាំងស្វែងរកនូវឱកាសថ្មីៗផ្សេងៗគ្នាឲ្យបានច្រើនគ្រប់ទីកន្លែង។ ចំណុចទាំងនេះ ជួយការពារអ្នកពីភាពមហន្តរាយ និងបង្កើនឱកាសទទួលបានជោគជ័យក្នុងកិច្ចការរបស់អ្នក។ឪ

ប្រភព ៖ cambomag

  • ក្លាយ​ជា​អ្នក​មាន​នៅ​វ័យ​២០​ឆ្នាំ​ និង​៣០​ឆ្នាំ​ ជាមួយ​និង​អាថ៌កំបាំង​ទាំង​៧​យ៉ាង​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: