ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

កាល​ពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ​នេះ ធនាគារ មេយប៊ែង កម្ពុជា ប្រកាស​ថា​នឹង​បន្ត​ធ្វើ​ជា​ដៃ​គូ​រយៈ​ពេល​វែង​ជាមួយ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (People Improvement Organization – PIO) ដើម្បី​ឧបត្ថម្ភ​រយៈ​ពេល​មួយ​ឆ្នាំ​បន្ថែម​ទៀត​ដល់​សិស្ស​ក្រីក្រ ៥០ នាក់។

 

ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ធនាគារ មេយប៊ែង បាន​ឧបត្ថម្ភ​កុមារ​ក្រីក្រ​ ២០ នាក់ ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ទទួល​បាន​ចំណេះ​ដឹង​ដែល​ជា​វិថី​មួយ​ជៀស​ឆ្ងាយ​ពី​ភាព​ក្រីក្រ។ កម្មវិធី​ឧបត្ថម្ភ​នេះ​ រួម​មាន ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​សម្រាប់​ចំណាយ​លើ​អាហារ​ប្រចាំ​ថ្ងៃ និង​ការ​សិក្សា​របស់​ពួក​គេ ព្រម​ទាំង​ការ​ជួប​ជាមួយ​បុគ្គលិក​ធនាគារ មេយប៊ែង ជា​ប្រចាំ។

 

ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

 

បុគ្គលិក និង​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ធនាគារ មេយប៊ែង បាន​រៀបចំ​ឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​​នេះ​ឡើង ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត និង​បង្កើត​ជា​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សិស្សានុសិស្ស​ទាំង​នោះ។ គំនិត​ផ្ដួចផ្ដើម​ទាំង​អស់​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​របស់​បុគ្គលិក​ធនាគារ មេយប៊ែង អំពី​ការ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​មាន​អត្ថន័យ​មួយ​ដល់​សហគមន៍ និង​ដើម្បី​បង្ហាត់​បង្រៀន បណ្ដុះបណ្ដាល​អភិវឌ្ឍ​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​ជា​ដៃគូ​នៅ​ក្នុង​សហគមន៍។

 

លើស​ពី​ការ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ក្រីក្រ ធនាគារ មេយប៊ែង កម្ពុជា ក៏​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ក្រោម​ទម្រង់​ផ្សេងៗ​ដល់​សិស្ស​កំពុង​សិក្សា​នៅ​សាលា PIO ស្ទឹង​មាន​ជ័យ ផង​ដែរ។ PIO គឺ​ជា​អង្គការ​មួយ​ដែល​មាន​សាលា​ចំនួន ៣ កំពុង​ដំណើរការ​ និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​សម្រាប់​កុមារ​ដែល​រស់​នៅ​គំនរ​សំរាម​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ។ អង្គការ​នេះ​ក៏​បាន​ជួយ​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ និង​ឱកាស​សិក្សា​អប់រំ​ផង​ដែរ។

 

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ ​មេយប៊ែង ដាតូ ចូហាន់ អារីហ្វីន ថ្លែង​ថា៖ “កម្មវិធី​នេះ​ជួយ​ពង្រឹង​បេសកកម្ម​របស់​យើង​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​អារ្យធម៌​ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​បេះដូង​នៃ​សហគមន៍។ កម្មវិធី​ឧបត្ថម្ភ​កុមារ​របស់​ធនាគារ មេយប៊ែង បង្ហាញ​ពី​តួនាទី​របស់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម។ មក​ទល់​ពេល​នេះ ជា​ឆ្នាំ​ទី៤ ដែល​កម្មវិធី​នេះ​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត និង​លើក​កម្ពស់​សហគមន៍ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គាត់​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ថែម​ទាំង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​នាំ​មក​នូវ​ភាព​ល្អ​ប្រសើរ​ដល់​សង្គម​ជាតិ​ជា​និរន្តរ និង​មាន​ប្រសិទ្ធភាព។

 

ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

 

យើង​បន្ត​ធ្វើ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ភាព​សកម្ម​ក្នុង​កិច្ចការ​សង្គម​ក្នុង​តំបន់​អាស៊ី។ យើង​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​ឲ្យ​ជីវិត​នៅ​ក្នុង​សហគមន៍​ដែល​យើង​កំពុង​មាន​ប្រតិបត្តិការ​ឲ្យ​មាន​ភាព​រីក​ចម្រើន។ នៅ​ជុំវិញ​តំបន់​អាស៊ី យើង​ព្យាយាម​អនុវត្ត​គម្រោង​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម។ ឆ្នាំ២០១៥ បន្ថែម​ពី​លើ​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ធនាគារ មេយប៊ែង ប្រមាណ​ជាង ២៣ ០០០នាក់ ទូទាំង​ពិភព​លោក បាន​ចំហាយ​ពេល​លើស​ពី ១២០ ០០០ម៉ោង ផ្ដល់​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួកគេ​ ដើម្បី​ពង្រឹង​សហគមន៍​តាម​រយៈ​កម្មវិធី​សហគមន៍​ផ្សេងៗ។ ធនាគារ មេយប៊ែង កម្ពុជា ក៏​ជា​ចំណែក​មួយ​នៃ​ភាព​ជោគជ័យ​ទាំង​នេះ​ផង​ដែរ”។

 

លោកស្រី ស៊ីនត្សៀ លីវ នាយិកា​ប្រតិបត្តិ​របស់​ធនាគារ ​មេយប៊ែង បាន​ឲ្យ​ដឹង​ថា៖ “នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​អាច​បន្ត​កម្មវិធី​ឧបត្ថម្ភ​ដល់​សិស្ស ដើម្បី​ផ្ដល់​ឲ្យ​សហគមន៍​តាម​រយៈ​គោលដៅ​វិនិយោគ​សង្គម និង​ការ​ស្ម័គ្រ​ចិត្ត។ ដៃគូ​រយៈពេល​វែង​របស់​យើង​បាន​ជំរុញ​ឲ្យ​យើង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ដែល​យើង​កំពុង​មាន​ប្រតិបត្តិការ។ ធនាគារ មេយប៊ែង តែង​រីករាយ​ជួយ​ដល់​សហគមន៍ ហើយ​តម្លៃ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹងមាំ​រហូត​ដល់​សព្វ​ថ្ងៃ។ យើង​ក៏​សូម​អរគុណ​ដល់​បុគ្គលិក និង​អង្គការ PIO ដែល​បាន​ជួយ​ឲ្យ​កម្មវិធី​នេះ​ជោគជ័យ”។

 

លោកស្រី នួន ភិមាន ស្ថាបនិក​អង្គការ PIOបាន​ថ្លែង​ថា៖ “គ្មាន​នរណា​ម្នាក់​ចង់​ធ្វើការ​លើ​គំនរ​សំរាម​នោះ​ទេ ហើយ​គ្មាន​នរណា​ម្នាក់​ចង់​គេង​នៅ​តាម​ដង​ផ្លូវ​នោះ​ដែរ។ ខ្ញុំ​ដឹង​ថា​អង្គការ PIO កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​កុមារ​ក្រីក្រ​សប្បាយ​រីករាយ​នៅ​សាលា​រៀន​ និង​សើច​សប្បាយ​ជាមួយ​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត។ សាលា PIO មាន​ថ្នាក់​ចាប់​តាំង​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​៦ ហើយ​សម្រាប់​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ សិស្ស​ទាំង​អស់​ត្រូវ​បាន​ចុះ​ឈ្មោះ​ឲ្យ​រៀន​នៅ​សាលា​រដ្ឋ និង​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ PIO។ PIO ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ទាំងអស់​រហូត​ដល់​ពួកគាត់​បញ្ចប់​ការ​សិក្សា ហើយ​យើង​ក៏​ជួយ​រក​ការងារ​ឲ្យ​ពួកគាត់​នៅ​ពេល​គាត់​បញ្ចប់​ការ​សិក្សា។ បើ​ពួកគាត់​ចង់​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ PIO នឹង​ជួយ​ស្វែង​រក​អ្នក​ឧបត្ថម្ភ​ឲ្យ​ពួកគាត់​រហូត​ដល់​បញ្ចប់​សាកល​វិទ្យាល័យ។ សម្រាប់​សិស្ស​នារី យើង​ក៏​អាច​ចុះ​ឈ្មោះ​ឲ្យ​ពួកគាត់​ចូល​រៀន​ថ្នាក់​ជំនាញ​វិជ្ជាជីវៈ​នៅ PIOផង​ដែរ”។

 

ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

 

លោក​ស្រី​បាន​បន្ត​ថា៖ “ការ​ចូលរួម​ចំណែក​របស់​ធនាគារ មេយប៊ែង រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ បាន​ផ្លាស់​ប្ដូរ​ជីវិត​ក្មេងៗ​ជា​ច្រើន។ បុគ្គលិក​ធនាគារ មេយប៊ែង បាន​ដើរ​តួ​យ៉ាង​ល្អ​ក្នុង​ការ​ដឹកនាំ លើក​ទឹក​ចិត្ត និង​ជំរុញ​កុមារ​ដែល​ជា​បទ​ពិសោធន៍​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ពួកគេ”។

 

ការ​សហការ​របស់​ធនាគារ មេយប៊ែង ជាមួយ​អង្គការ PIO ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​ក្នុង​កម្មវិធី​ស្ម័គ្រ​ចិត្ត​របស់​បុគ្គលិក​របស់​យើង​ដែល​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ។ ការ​បន្ត​ចូលរួម​ពី​បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​ធនាគារ មេយប៊ែង បង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​របស់​កម្មវីធី​ទំនួល​ខុស​ត្រូវ​កិច្ចការ​សង្គម​តាម​រយៈ​កម្មវិធី និង​គំនិត​ផ្ដួចផ្ដើម​ដែល​មាន​ភាព​ជា​និរន្ត។ បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​ធនាគារ​ មេយប៊ែង បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​កុមារ​នៅ​អង្គការ PIO យ៉ាង​ទៀង​ទាត់​ដោយ​ផ្ដល់​កម្មវិធី​បង្រៀន​អប់រំ​ជា​មូលដ្ឋាន​ជាមួយ​នឹង​គោលដៅ​សំខាន់ គឺ​ជួយ​ឲ្យ​ពួកគាត់​មាន​ជំនាញ​ច្បាស់​លាស់​លើ​អ្វី​ដែល​គាត់​កំពុង​សិក្សា និង​សម្រេច​បាន​នូវ​ការងារ​ដែល​គាត់​ប៉ង​ប្រាថ្នា។ មេយប៊ែងជឿជាក់​ថា​ការ​សិក្សា គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ជួយ​ធ្វើ​ឲ្យ​ជីវិត​កុមារ​ទាំងអស់​ល្អ​ប្រសើរ និង​ជា​កម្លាំង​ដែល​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​មនុស្ស និង​សហគមន៍​របស់​ពួក​គាត់។ ធនាគារ មេយប៊ែង ក៏​ជឿជាក់​ថា​ការ​វិនិយោគ​ទៅ​លើ​ការ​អប់រំ នឹង​ជួយ​សម្រេច​នូវ​និរន្តរភាព​ដែល​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​នៅ​ក្នុង​សហគមន៍​រីក​ចម្រើន។

 

តាម​រយៈ​កម្មវិធី​នេះ ធនាគារ មេយប៊ែង មាន​ការ​ទទួល​ស្គាល់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ធនាគារ មេយប៊ែង កម្ពុជា ទទួល​បាន​ពាន​រង្វាន់​កម្មវិធី​កិច្ចការ​សង្គម​ល្អ​ផ្ដាច់​គេ​ឆ្នាំ​២០១២ និង​ពាន​រង្វាន់​កម្មវិធី​កិច្ចការ​សង្គម​ផ្នែក​អប់រំ​ឆ្នាំ​២០១៤ នៅ​សម្ព័ន្ធ​ធនាគារ មេយប៊ែង។ នៅ​កម្ពុជា ធនាគារ មេយប៊ែង បាន​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឆ្នើម​ផ្នែក​កិច្ចការ​សង្គម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​ពាន​រង្វាន់​ធនាគារ​ឈាន​មុខ​លើ​ផ្នែក​កិច្ចការ​សង្គម​ក្នុង​ឆ្នាំ​២០១៥ ដែល​ផ្ដល់​ជូន​ដោយ Global &Banking Financial Review។

 

លោកស្រី នួន ភិមាន ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​តួនាទី​ដែល​គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​សហគមន៍​ផង​ដែរ។ លោកស្រី​ជា​ម្ចាស់​ពាន​រង្វាន់ CNN Heroes ឆ្នាំ​២០០៨ និង​ថ្មីៗ​នេះ​គាត់​បាន​ទទួល​ពាន​រង្វាន់​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​ពី Canadian Multicultural Council-Asian ក៏​ដូចជា​មេដាយ​កិត្តិយស​ពី​លោក​ជំទាវ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​ជា​ស្ត្រី​ទី​មួយ​នៃ​ប្រទេស​កម្ពុជា។ ថ្មីៗ​នេះ​ដែរ លោក​ស្រី ភិមាន បាន​ទទួល​ពាន​រង្វាន់ The Children Nobel Prize ពី​ម្ចាស់ក្សត្រី​ប្រទេស​ស៊ុយអែត៕

 

ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

 

ធនាគារ មេយប៊ែង បន្ត​ឧបត្ថម្ភ​សិស្ស​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO

 

អត្ថបទ៖ ពាណិជ្ជកម្ម