សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​នៅ​ខេត្ត​ត្បូងឃ្មុំ កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ចាប់​កូន​ត្រី​ល្អិតៗ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​បឹង​ក្រចាប់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការទប់ស្កាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ក្រចាប់ កាន់តែ​ហិនហោច​ទៅៗ​ជាមិនខាន​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ឃុំ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ឃុំ​ជី​រោទ៍​២ ហាក់ដូច​ជាមាន​ភាពយឺត​យ៉ាវ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល បើទោះបី​ពួកគាត់​បាន​រាយការណ៍​ជា​បន្តបន្ទាប់​ក៏ដោយ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ស្បៃ​ម៉ុង​ខុសច្បាប់​ចាប់​កូន​ត្រី​តូចៗ​នៅក្នុង​បឹង​ក្រចាប់ រាប់​តោន​ទៅ​លក់​ឲ្យ​ម៉ូយ​របស់​ពួកគេ​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​បាន​ផ្អាក​ភ្លាមៗ​នៅពេល​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ចុះទៅ​បង្ក្រាប ប៉ុន្តែ​នៅពេល​មន្ត្រីរដ្ឋបាល​ជល​ផល​ត្រឡប់​ទៅវិញ​បទល្មើស​កើតឡើង​ដដែល ដោយសារតែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស​។ បច្ចុប្បន្ន​មាន​បទល្មើស​លូ​ស្បៃ​ម៉ុង​ជាច្រើន​វង់​មាន​ប្រវែង​បណ្ដោយ​ពី​១០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ ឬ​លើសពីនេះ​ត្រូវបាន​គេ​ពង្រាយ​ក្នុង​បឹង​ក្រចាប់​ដើម្បី​ចាប់យក​កូន​ត្រី​ល្អិតៗ​នៅក្នុង​រដូវ​បិទ​នេសាទ ហើយ​មន្ត្រី​ជំនាញ​មិនសូវ​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។​

ដោយសារតែ​ព្រួយបារម្ភ​ចំពោះ​ការ​ហិនហោច​នៃ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ក្រចាប់​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​បឹង​ក្រចាប់​ជាបន្ទាន់​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បឹង​ក្រចាប់​នៅ​រដូវ​ទឹក​ឡើង​មាន​ទំហំ​៦​ទៅ​៧​គីឡូម៉ែត្រ​ក្រឡា ហើយ​រដូវ​ទឹក​ស្រក​មាន​ទំហំ​ពី​១០​ទៅ​២០​ហិកតា ផល​ត្រី​នៅក្នុង​បឹង​នោះ​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​គ្រប់គ្រាន់​ប្រសិនបើ​គ្មាន​បទល្មើស​ដូច​សព្វថ្ងៃ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​បាន​ទាន់ពេលវេលា​តាមរយៈ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​៕

DSCN0010លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ c5b58d8b-dbb5-4894-a206-1f8fa0645678