លោក កឹម សុខា បញ្ជាក់ថា គោលដៅ​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ​ធ្វើយ៉ាងណា​ឈ្នះ​ឲ្យ​បាន ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​គោលដៅ​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ធ្វើយ៉ាងណា​ឈ្នះ​ឲ្យ​បានការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខនេះ​។ លោក កឹម សុខា បាន​បន្ថែមថា លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ក៏​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ​នៅ​ឆ្នាំ​២០១៨​ផងដែរ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​មានប្រៀប​ឈ្នះ​ពីនេះ​ទៅ​។​

ថ្លែង​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ក្រុមការងារ និង​គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ​ខេត្ត នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​សូម​សម្ដែង​ការកោតសរសើរ និង​ផ្ដាំផ្ញើ​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ថា គោលដៅ​យើង​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ធ្វើយ៉ាងណា​ឈ្នះ​ឲ្យ​បានការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​។ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ឲ្យ​បាន​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់មូលដ្ឋាន​របស់​យើង សូម​ពុះពារ ជំនះ​រាល់​ឧបសគ្គ​ទាំងឡាយ ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ដែរថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​តែងតែ​ផ្តល់​ជា​កម្លាំង​ទឹកចិត្ត គំនិត​យោបល់ មធ្យោបាយ​គាំទ្រ​ដល់​សកម្មភាព​មូលដ្ឋាន​របស់​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ដែល​នេះ​ជា​ចំណែក​មួយ​ចូលរួម​ជំរុញ​នាវា​សង្គ្រោះ​ជាតិ​បោះពួយ​ទៅមុខ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​ខ្មែរ​និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​តម្រង់ទិស​ទៅមុខ​ដោយ​មិន​ស្តាប់​ពាក្យ​ញុះញង់​បំបែកបំបាក់​ឲ្យ​បែរ​បង្វែរ​ទិសដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​៕

14100293_1443598105657484_6595760618640126899_n 14051682_1443598102324151_6205050205387767931_n