​អ្នកដំណើរលុះព្រលឹង ខណៈម៉ាស៊ីនយន្តហោះផ្ទុះរហែកខ្ទេចខ្ទីក្នុងពេលហោះហើរ

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ហោះហើរពីទីក្រុង New Orleans ឆ្ពោះទៅកាន់ទីក្រុង Orlando រដ្ឋផ្លរីដា ត្រូវបានបង្វែរទិសដៅ ក្រោយមានបញ្ហាម៉ាស៊ីន ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ លោក Chris Mainz និយាយថា ជើងហោះហើរនេះ បានចុះចតនៅ Pensacola រដ្ឋផ្លរីដា កាលពីវេលាម៉ោង ៩ និង ៤០ នាទី ព្រឹកថ្ងៃអាទិត្យ ម្សិលមិញ (២៨ សីហា ២០១៦) ។

Mainz បានឲ្យដឹងទៀតថា ពុំមាននរណាម្នាក់រងរបួសនោះទេ ក្នុងចំណោមអ្នកដំណើរចំនួន ៩៩ នាក់ និងក្រុមសមាជិកអាកាសយានិក ៥ នាក់ ។

អ្នកដំណើរម្នាក់នៅលើយន្តហោះនោះ ដែលក៏ជាអ្នកប្រើប្រាស់ Twitter បានថតយកខណៈពេលដែលនាង និងអ្នកដំណើរដទៃទៀត ត្រូវតែពាក់ម៉ាស់អុកស៊ីហ្សែន ខណៈពេលយន្តហោះកំពុងហោះហើរ ។

នាងបានថតរូបភាពនៃហេតុការណ៍នេះជាច្រើនសន្លឹក ដែលបានបង្ហាញឲ្យឃើញដៃម៉ាស៊ីន Boeing ត្រូវបានរហែកទាំងស្រុង ។

អ្នកដំណើររូបនោះ បានប្រាប់អ្នកកាសែតថាៈ “គាត់បានឮសូរសម្លេងផ្ទះយ៉ងខ្លាំងមួយ ប៉ុន្តែ ហេតុការណ៍នេះ បន្ទាប់មកត្រូវបានគ្រប់គ្រង វាពិតគួរឲ្យខ្លាច” ។

គាត់បានបន្ថែមថា គ្រប់ៗគ្នាបានទះដៃអបអរសាទរ ចំពោះអ្នកបើកបរ ដែលអាចគ្រប់គ្រងចុះចតយន្តហោះដោយសុវត្ថិភាព ៕


Related Posts