គណបក្ស​យុវជន​កម្ពុជា​ព្រមាន​បាតុកម្ម​បើ​វៀតណាម​មិន​ឆ្លើយ​តប​ញត្តិ​ខ្លួន​រឿង​បញ្ហា​ព្រំដែន

គណបក្ស​យុវជន​កម្ពុជា​ព្រមាន​ធ្វើ​បាតុកម្ម បើ​រដ្ឋាភិបាល​វៀតណាម​មិន​ឆ្លើយ​តប​ញត្តិ​នឹង​ញត្តិ​របស់​ខ្លួន​ក្នុង​រយៈពេល​៣០​ថ្ងៃ ជុំវិញ​រឿង​បញ្ហា​ព្រំដែន ដែល​បក្ស​នេះ​ចោទ​ថា វៀតណាម​បាន​ធ្វើ​សកម្មភាព​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ សរសេរ​លើ​ហ្វេសប៊ុក(Facebook) របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៩ សីហា ថា លោក​បាន​យក​ញត្តិ​របស់​ខ្លួន ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម​នៅ​ព្រឹក​នេះ ប៉ុន្តែ​ញត្តិ​នោះ​មិន​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ណា​ម្នាក់​មក​ទទួល​ទេ ក្រោម​ហេតុផល​ថា មន្ត្រី​ស្ថានទូត​រវល់​ប្រជុំ​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​ចំការមន តំណាង​ដោយ​អភិបាល​រង​ខណ្ឌ លោក កែវ សំណាង សន្យា​ថា យក​ញត្តិ​នោះ​ដាក់​ជូន​ទូត​វៀតណាម​ជំនួស។

ខ្លឹម​សារ​៣​ចំណុច ដែល​លោក លោក ពេជ្រ ស្រស់ ទាមទារ​ដល់​រដ្ឋាភិបាល​វៀតណាម រួម​មាន​ទាមទារ​ឲ្យ​​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​គោល​ជំហរ​ឱ្យ​ច្បាស់លាស់ ក្នុង​ការ​បញ្ឈប់​សកម្មភាព​រំលោភ បូរណភាព​ទឹកដី​កម្ពុជា។ ទី​២ ទាមទារ​ឲ្យ​រុះរើ​គ្រប់​សំណង់​ទាំងឡាយ​ណា ដែល​បាន​សាងសង់​នៅ​តំបន់​ហាមឃាត់​តាម​ព្រំដែន​កម្ពុជា-វៀតណាម គ្រប់​កន្លែង និង​លុប​ស្រះ​ដោយ​គ្មាន​លក្ខខណ្ឌ។ និង​ទី​៣ ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្មភាព​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម។

នៅ​ព្រឹក​ថ្ងៃ​នេះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម ប្រជុំ​ពិនិត្យ​រួម​គ្នា លើ​សេចក្ដី​ព្រាង​សេចក្ដី​ព្រាង​មួយ នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។