កម្ពុជា​កំពុង​ជំរុញ​ការ​ពង្រីក​ផលិតផល​ក្នុងស្រុក​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​,​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​រួម​គ្នា​ជាមួយ​ម្ចាស់​ឧស្សាហកម្ម​ក្នុងស្រុក​ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ផលិតផល​ខ្មែរ​បាន​ដាក់​លក់ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ទូលំទូលាយ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទំនិញ​នាំ​ចូល​ពី​បរទេស ។
ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អ្នក​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ​ជាមួយ​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ កាលពី​ថ្ងៃ​ទី​២៧ សីហា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កន្លង​មក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​អនុវត្ត​គោលនយោបាយ​លើក​ស្ទួយ​ផលិតផល​ខ្មែរ​ឱ្យ​មាន​លទ្ធភាព​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស ចាំបាច់​ត្រូវ​មានការ​ចូលរួម​គាំទ្រ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា ដូច​ជា អ្នក​ទទួល​ចែកចាយ​បន្ត ក្រុមហ៊ុន​ទំនិញ​នាំ​ចេញ ម្ចាស់​ផ្សារ​ទំនើប​ក្នុងស្រុក ម្ចាស់​សណ្ឋាគារ ម្ចាស់​បណ្ណាគារ ជា​ពិសេស ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់ ។

ទន្ទឹម​ជាមួយ​គ្នា​នេះ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ ផលិតផល​ខ្មែរ​ទាំងអស់​ក៏​ត្រូវ​មានគុណ​ភាព អនាម័យ​ខ្ពស់ និង​មានការ​វេច​ខ្ចប់​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស​ផង​ដែរ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ៖ « ផលិតផល​ខ្មែរ​ដែល​ចរាចរ​នៅ​លើ​ទីផ្សារ ត្រូវ​មានគុណ​ភាព និង​សុវត្ថិភាព​ប្រើប្រាស់​ខ្ពស់ ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ធានា​ថា ការ​ប្រើប្រាស់​ទំនិញ​ទាំងនោះ នឹង​មិន​មាន​គ្រោះថ្នាក់​ដល់​សុខភាព ។ ជាមួយ​គ្នា​នេះ ត្រូវ​មាន​សោភ័ណ​ភាព និង​ភាព​ទាក់ទាញ​លើ​ការ​វេច​ខ្ចប់ ដោយ​មាន​ស្លាក​សញ្ញា​ពាណិជ្ជ​នាម និង​ចុះបញ្ជី​ត្រឹមត្រូវ ដើម្បី​ធានា​ឱ្យ​មាន​ទំនុកចិត្ត និង​ការ​ទាក់ទាញ​ពី​អ្នក​ប្រើប្រាស់ ហើយ​មាន​តម្លៃ​សមរម្យ​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ផង​ដែរ ព្រោះថា ប្រសិនបើ​ទំនិញ​ក្នុងស្រុក​មាន​តម្លៃ​ខ្ពស់​ជាង​ទំនិញ​នាំ​ចូល អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់ ។ ទន្ទឹម​នឹង​នេះ អ្នក​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ចែកចាយ​បន្ត​មាន​ដូច​ជា ម្ចាស់​ផ្សារ​ទំនើប ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​បណ្ណាគារ និង​អ្នក​នាំ​ចេញ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ចូលរួម​ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ជំនួប​ពាណិជ្ជកម្ម​នានា » ។

លោកស្រី កែវ មុំ តំណាង​សហគ្រាស​ធុន​តូច​និង​មធ្យម បានឱ្យ​ដឹង​ថា ប្រសិនបើ​គ្រប់​ស្ថាប័ន​រួបរួម សហការ​គ្នា​ធ្វើការ​ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន ជួយ​ទិញ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ នឹង​ធ្វើ​ឱ្យ​ចរន្ត​សាច់ប្រាក់​បង្វិល ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំណូល​កើនឡើង​។ លោកស្រី​ថា ៖ « ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ យើង​សង្កេត​ឃើញ​ថា ផ្សារ​មួយ​ចំនួន​មានការ​ទទួលយក​លក់ និង​រៀបចំ​តាំង​ផលិតផល​បាន​ល្អ និង​មាន​កំណើន​ឡើង ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា យើង​នៅ​តែ​បន្ត​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ រួម​ទាំង​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្សារ​នានា​នៅ​ក្នុងស្រុក ជួយ​សម្របសម្រួល និង​លើក​ស្ទួយ​ធ្វើ​យ៉ាងណា ឱ្យ​ឧស្សាហ​កម្ម​ក្នុងស្រុក​ផ្សេង​ទៀត​ដែល​មិន​ទាន់​ដំណើរការ​ល្អ​នៅ​លើ​ទីផ្សារ ឱ្យ​ទទួល​បាន​ភាព​រីក​ចម្រើន​ផង​ដែរ » ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ឆ្លងកាត់​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នា​ពេល​កន្លង​មក សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ទូទៅ​មានការ​គាំទ្រ​ផលិតផល​ខ្មែរ​យ៉ាង​ខ្លាំង និង​មាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ហើយ​ពួក​គាត់​ក៏​បាន​ទិញ​ផលិតផល​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ៕