​ច្រកចូលព្រលានយន្តហោះ​​ថ្មីបើកស្អែកនេះ

រាជធានី​ភ្នំពេញ ៖ ផ្លូវ ឬ​ច្រកចូល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ នឹង​​បើក​ឱ្យដំណើរការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​សីហា​ ២០១៦ នេះ​ទៅ បន្ទាប់​ពី​ស្ថា​នី​យ​អ្នកដំណើរ​ថ្មី​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​កន្លង​មក ដែល​ច្រកចូល​ចាស់​ មាន​លក្ខណៈ​តូច​ចង្អៀត​នោះ។

យោងសេចក្តី​ជូនដំណឹង​របស់​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣០ ​សីហា​ ២០១៦​នេះ​​ទៅ ច្រកចូល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ត្រូវ​បិទ​និង​បើកឱ្យ​ប្រើប្រាស់​ច្រកចូល​ថ្មី​ ដែល​មាន​ចម្ងាយ​៣០០​ម៉ែត្រ ​ពី​ច្រក​ចូល​ចាស់ សំដៅ​ទៅ​រង្វង់​មូល​ចោម​ចៅ រួច​បត់​ចូល​ព្រ​លាន​យន្តហោះ​តែ​ម្តង ។

គួរ​​រំលឹក​ថា ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​​អ្នកដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ពេល​កន្លង​មក លោក​ឧបនាយក រដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន មាន​ប្រសាសន៍ថា ស្ថា​នី​យចេញដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ទ្វេ​ដង​ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​៥​លាន​នាក់ ក្នុង​១​ឆ្នាំ និង​សម្រាប់​សមត្ថភាព​បម្រើ​តម្រូវការ​ទេសចរ​ពី​៥​ទៅ​៨​ឆ្នាំទៅ​មុខ​ទៀត ហើយ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ចំណោម​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ។​

លោកបណ្ឌិត​សភាចា​រ្យបាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ានព្រោះថា យើង​មានសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តជាតិ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ៕