កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំពីរ (មានវីដេអូ)

«មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាស របស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនជាលើកទីប្រាំពីរ កាលពីយប់ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ ២០១៦។

បេក្ខជន ជ័យ មានលាភ ត្រូវបានចាកចេញពីកម្មវិធី បន្ទាប់ពីរូបគេទទួលបានពិន្ទុតិចជាងគេ ក្នុងការធ្វើបទបង្ហាញពី គម្រោងអាជីវកម្មរបស់ខ្លួន។

បេក្ខជនវ័យ ២៦ឆ្នាំ ដែលមកពីខេត្តកំពង់ធំរូបនេះបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាសោកស្តាយមែនទែន ព្រោះឱកាសមកដល់វគ្គនេះគឺមិនងាយនោះទេ ខ្ញុំសោកស្តាយខ្លាំងណាស់ ដែលមិនអាចបន្តទៅដល់វគ្គផ្តាច់ព្រ័ត្របាន»។

កាលពីសប្តាហ៍មុន កម្មវិធីតម្រូវឲ្យបេក្ខជនដែលនៅសល់ចំនួន ៤ រូបធ្វើគម្រោងអាជីវកម្មមួយដែលកំណត់ដើមទុន ចំនួន១លានរៀល។ បេក្ខជនត្រូវរៀនរៀបចំធ្វើគម្រោងអាជីវកម្មដែលខ្លួនគិតថាសមនឹងទុនដែលបានកំណត់ និងមានផែនការច្បាស់លាស់មុននឹងបើកអាជីវកម្មមួយពិតប្រាកដ។

គណៈកម្មាការចំនួន៥រូបដែលជាអ្នកជំនួញ មានបទពិសោធន៍ជាច្រើនឆ្នាំបានដាក់ពិន្ទុ ហើយបោះឆ្នោតដល់បេក្ខជននៅពេលដែលពួកគេធ្វើបទបង្ហាញ។

សមាភាពគណៈកម្មការទាំង៥រូប ដែលបានចូលរួមដាក់ពិន្ទុដល់បេក្ខជនក្នុងកម្មវិធីមុខរបរខ្ញុំកាលពីសប្តាហ៍មុន សុទ្ធសឹងតែជាអ្នកជំនួញធំៗ មកពីស្ថាប័ន និងក្រុមហ៊ុនល្បីៗ។

នៅសប្តាហ៍នេះវិញ គឺជាសប្តាហ៍ទី៩ ហើយក៏ជាសប្តាហ៍ចុងក្រោយនៃកម្មវិធីមុខរបរខ្ញុំរដូវកាលទីពីររបស់ភីអិនអិនផងដែរ។

កម្មវិធីតម្រូវឲ្យបេក្ខជនដែលនៅ សល់ចំនួន៣រូបចុងក្រោយ គឺបេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និងបេក្ខនារី កែវ សិរីរត្នន៍ ធ្វើការនៅក្នុងភោជនីយដ្ឋានដោយធ្វើជាចុងភៅ និងអ្នករត់តុ។ ក្រៅពីនោះ ពួកគេទាំងបីនាក់ ក៏នឹងធ្វើបទបង្ហាញនៅក្នុងសាកលវិទ្យាល័យមួយផងដែរក្រោមប្រធានបទ៖ «ហេតុអ្វីខ្ញុំជាបេក្ខជនដែលសក្តិសមនឹងឈ្នះក្នុងកម្មវិធីមុខរបរខ្ញុំរដូវកាលទី២ និងទទួលបានទឹកប្រាក់២០លានរៀល?»

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី ០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ៨ ដល់ម៉ោង ៨ និង៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការប្រកួតប្រជែងពិតប្រាកដមួយ ទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយ បេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នាចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២០លានរៀល៕ 

ទស្សនាវីដេអូខ្លីនៃការជម្រុះបេក្ខជន ជ័យ មានលាភ សូមចុច ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload