Cambodian Idol រដូវកាលទី២ បើកឆាកថ្មីភ្លាម ផ្ទុះកក្រើកពេញហ្វេសប៊ុក (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក CAMBODIAN IDOL រដូវកាលទី ២ បានមកដល់ជាថ្មីម្តងទៀតហើយ និងបានធ្វើឲ្យ Studio កម្មវិធីមួយនេះ ផ្ទុះកក្រើកពោរពេញដោយ ឈុតឆាកប្លែកៗនិងអស្ចារ្យ ជាមួយនឹងការបញ្ចេញសមត្ថភាព មិនធ្លាប់មាន ។

ការចាប់ផ្តើម នៅក្នុងសប្តាហ៍ដំបូង ជាមួយវគ្គ JUDGE AUDITION បានធ្វើឲ្យកម្មវិធីមួយនេះ មានភាពទាក់ទាញនិងកក្រើកជាខ្លាំង ដោយសារមានបេក្ខជន-បេក្ខនារី ជាច្រើន ជាមួយនឹងភាពប៉ិនប្រសប ដែលបានមកបញ្ចេញសមត្ថភាព ដើម្បីបន្តទៅវគ្គបន្ទាប់ទៀត តែអ្វីដែលសប្តាហ៍នេះ បានធ្វើឲ្យទស្សនិកជន មានភាពភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងនោះ គឺមានបេក្ខជន-បេក្ខនារី បានធ្វើឲ្យគណៈកម្មការ ទាំង៤រូប សើចស្ទើរតែនិយាយមិនចេញ ជាមួយភាពកំប្លុកកំប្លែង ដែលធ្វើឲ្យមានការ ចែករំលែកនៃឈុតឆាក របស់ពួកគេពាសពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក ។

ក្នុងនោះដែរ យើងបានឃើញមានវត្តមាន តារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុនរ៉ាត់ ហៅ ក្រឹម ដែលធ្លាប់តែធ្វើឲ្យអ្នកទាំងអស់គ្នា ផ្ទុះសំណើចជាមួយការសម្តែងជាសាច់រឿងកំប្លែង តែពេលនេះ លោក ក្រឹម លោកបានសម្តែងមកធ្វើការប្រឡងនូវសមត្ថភាព ច្រៀងចំរៀងវិញម្តង ឡាយឡំជាមួយនឹងថ្វីមាត់ បញ្ជើតបញ្ជើដល់គណៈកម្មការ ធ្វើឲ្យទស្សនិកជន សើចក្អាកក្អាយ មិនឈប់ក្នុងវគ្គនេះ។

ជាមួយគ្នានេះ ក៏មានបេក្ខនារី មួយរូបទៀតមានថាឈ្មោះ ថន ដាវ៉ាន់ ដែលបញ្ចេញវោហាស័ព្ទច្រើន រឹតតែបង្កើនបរិយាកាសឲ្យមានការសប្បាយថែមទៀតជាមួយសំដីនិងកាយវិការស់រវើក ដែលធ្វើឲ្យទស្សនិកជន និងគណៈកម្មការទាំងបួនរូប សើចរហូតដល់បិទមាត់មិនចង់ជិត។

គួរបញ្ជាក់ផងដែរថា បេក្ខនារី ថន ដាវ៉ាន់ ក៏ទទួលបានការកោតសរសើរផងដែរ ពីសំណាក់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៀតផង នូវសមត្ថភាពរបស់បេក្ខនារីម្នាក់នេះ ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload