កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៧

«មុខរបរខ្ញុំ» រដូវ​កាល​ទី​ពីរ ឬ My Place ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​បាត់​បង់​បេក្ខជន​ជា​លើក​ទី​៧ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៦ សីហា នេះ។

 

បេក្ខជន ជ័យ មានលាភ ត្រូវ​បាន​ចាក​ចេញ​ពី​កម្មវិធី​បន្ទាប់​ពី​រូប​គេ​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អាជីវកម្ម​របស់​ខ្លួន។ បេក្ខជនវ័យ ២៦ឆ្នាំ​ ដែល​មក​ពី​ខេត្ត​កំពង់ធំ​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​សោក​ស្តាយ​មែន​ទែន ព្រោះ​ឱកាស​មក​ដល់​វគ្គ​នេះ​គឺ​មិន​ងាយ​នោះ​ទេ ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែល​មិន​អាច​បន្ត​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន”។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៧

បេក្ខជន ជ័យ មានលាភ

 

សប្តាហ៍​មុន កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ដែល​នៅ​សល់​ចំនួន​៤​រូប​ធ្វើ​គម្រោង​អាជីវកម្ម​មួយ​ដែល​កំណត់​ដើម​ទុន​ចំនួន​១​លាន​រៀល។ បេក្ខជន​ត្រូវ​រៀន​រៀបចំ​ធ្វើ​គម្រោង​អាជីវកម្ម​ដែល​ខ្លួន​គិត​ថា​សម​នឹង​ទុន​ដែល​បាន​កំណត់ និង​មាន​ផែនការ​ច្បាស់​លាស់ មុន​នឹង​បើក​អាជីវកម្ម​មួយ​ពិត​ប្រាកដ។គណៈកម្មការ​ចំនួន​៥​រូប​ដែល​ជា​អ្នក​ជំនួញ​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​បាន​ដាក់​ពិន្ទុ ហើយ​បោះ​ឆ្នោត​ដល់​បេក្ខជន នៅ​ពេល​ពួក​គេ​ធ្វើ​បទ​បង្ហាញ។​ សមាសភាព​គណៈកម្មការ​ទាំង​៥រូប សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនួញ​ធំៗ​មក​ពី​ស្ថាប័ន និង​ក្រុមហ៊ុន​ល្បីៗ។

 

នៅ​សប្តាហ៍​នេះវិញ គឺ​ជា​សប្តាហ៍​ទី​៩ ហើយ​ក៏​ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី​មុខ​របរ​ខ្ញុំ​រដូវ​កាល​ទី​ពីរ របស់ PNN ផង​ដែរ។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ដែល​នៅ​សល់​ចំនួន​៣​រូប​ចុង​ក្រោយ គឺ​បេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និង​បេក្ខនារី កែវ សិរីរត្នន៍ ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដោយ​ធ្វើ​ជា​ចុង​ភៅ និង​អ្នក​រត់តុ។ ក្រៅ​ពី​នោះ ពួកគេ​ទាំង​៣​នាក់​ក៏​នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សាកល​វិទ្យាល័យ​មួយ​ផង​ដែរ​ក្រោម​ប្រធាន​បទ «ហេតុអ្វី​ខ្ញុំ​ជា​បេក្ខជន​ដែល​សក្តិសម​នឹង​ឈ្នះ​ក្នុង​កម្មវិធី​មុខ​របរ​ខ្ញុំ រដូវ​កាល​ទី​២ និង​ទទួល​បាន​ទឹក​ប្រាក់​២០​លាន​រៀល?»។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៧

 

«មុខ​របរ​ខ្ញុំ» ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី​៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​​​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម​ ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​​រង្វាន់​ទឹក​ប្រាក់​ចំនួន​២០​លាន​រៀល។

 

សូម​ទស្សនា​វីដេអូ​ខ្លី​នៃ​ការ​ជម្រុះ​បេក្ខជន ជ័យ មានលាភ

 

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៧

 

អត្ថបទ៖ ពាណិជ្ជកម្ម