មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​វ៉ា​លឺ គឺជា​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​វ៉ា​លឺ ឈ្មោះ ចំរើន ហេង​លី គឺជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ដ៏​ធំ​ក្នុងស្រុក​ស្នួល ហើយ​កន្លងមក​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ចំរើន ហេង​លី មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ចំណុច​ខាងក្រោយ​បន្ទាយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ស្នួល ហើយ​ឈ្មួញ​រូបនេះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​ដូចជា ធ្នង់​និង​នាងនួន​ទុក​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ បញ្ហា​នេះ​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ផងដែរ ព្រោះ​ឈ្មោះ ចំរើន ហេង​លី រកស៊ី​ជួញដូរ​ឈើ​ប្រណីត​យូរ​មកហើយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ប៉ះពាល់​ឬ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មោះ ចំរើន ហេង​លី បាន​ឲ្យ​ដឹងថា កូនប្រុស​របស់​មន្ត្រីនគរបាល​ការពារ​ព្រំដែន​រូបនេះ គឺជា​អ្នកចាត់ចែង​រឿង​ប្រមូល​ទិញ​ឈើ​ប្រណីត​ស្តុក​ទុក​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ខាងក្រោយ​ផ្សារ​ស្នួល បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មួយថ្ងៃៗ​មាន​អ្នកដឹកឈើ​យកមក​ដល់​ឃ្លាំង​របស់​ឈ្មោះ ចំរើន ហេង​លី ប្រមាណ​១០០​ទៅ​១៥០​គ្រឿង​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​នោះទេ​។ លោក ឡាយ ធុច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឈ្មោះ ចំរើន ហេង​លី និង​កូនប្រុស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​មានការ​សង្ស័យថា​ឈ្មោះ ចំរើន ហេង​លី អាចមាន​ទំនាក់ទំនង​ជាមួយ​លោក ទ្រី សុភ័ក្ដ្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ទើប​អាច​ប្រមូល​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ​ដឹក​មកពី​តំបន់​នានា​ដល់​ឃ្លាំង​នៅ​ខាងក្រោយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ស្នួល​។ ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​និង​បណ្ដាញ​របស់​ឈ្មោះ ចំរើន ហេង​លី ដឹក​ចេញពី​ស្រុក​ព្រៃ​ប្រសព្វ និង​ស្រុក​សំបូរ ដោយ​ឆ្លងកាត់​ស្នាក់ការ​ត្រួតពិនិត្យ​រប​ស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ជាច្រើន​ស្ថាប័ន ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​តួនាទី​របស់ខ្លួន​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មោះ ចំរើន ហេង​លី ដែលជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ក្លាយជា​ឈ្មួញ​ទិញ​ឈើ​ស្តុក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

d-snuol1-500x375 d-snuol2-500x375