លោក កែប កត់ គឺជា​ខ្នងបង្អែក​សម្រាប់​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​តាម​ច្រករបៀង​ស្រុក​អូ​រយ៉ា​ដាវ​

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ​ច្រើន​ឆ្នាំ​មកហើយ ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ឈ្មួញ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មាន​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​ហើយក៏​មានការ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​ផងដែរ ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មិនអាច​ដឹកឈើ​ទៅដល់​គោលដៅ​បានឡើយ ហើយ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​ទាន់ហន់​ជាមិនខាន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត និង​បក្ខពួក​ឈ្មោះ ឆើត បាន​ប្រើប្រាស់​រថយន្ត​ឡង់​គ្រឺ​ស័​រ រថយន្ត​បា​ឡែ​ន និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តរតនគិរី ឆ្លងកាត់​ក្រុង​បាន​លុង ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មិន​ដឹកឈើ​ចេញ​តាម​ច្រក​នេះ​ទេ គឺ​ដឹក​ឆ្លងកាត់​ច្រករបៀង​នៅ​គោល​ស្ពានមុខ​ស្នាក់ការ​នគរបាល​វរ​ការពារ​ព្រំដែន​ច្រករបៀង​ភូមិ​ភិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​រូបនេះ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ទើប​អាច​បន្ត​ជំនួញ​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ឈ្មួញ​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មាន​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ម្នាក់​ជា​ខ្នងបង្អែក ហើយ​ជា​អ្នករត់​ការបើកផ្លូវ​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក កែប កត់ នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ទើប​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ម្តងណា​ឡើយ​។ អាចនិយាយបាន​ថា​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត និង​ឈ្មួញ​ធំៗ​មួយចំនួនទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ក៏ដូចជា​តាម​ច្រករបៀង​ភូមិ​ភិ ច្រករបៀង​ភ្នំ​ក្រហម​យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅពេល​យប់​៕

T-11-30-15-ff-full-300x296លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី khmeryouthnews_2016-08-28_07-30-31-660x500 khmeryouthnews_2016-08-28_07-31-50​ ​