អេក្រង់​ Retina របស់​ iPhone លែង​ខ្លាំង​ដូច​មុន​ទៀត​ហើយ

ក្រឡេក​ទៅ​ឆ្នាំ​ ២០១០ ​ឆ្នាំ​ដែល​ Steve Jobs ប្រកាស​ពី​ iPhone 4 ពេល​នោះ​បច្ចេកវិទ្យា​អេក្រង់​ Retina ត្រូវ​បាន​បង្ហាញ​រូបរាង​ឡើង​ ហើយ​​ពេល​នោះ​វា​ជា​អេក្រង់​ស្មាតហ្វូន​អាច​បង្ហាញ​រូបភាព​បាន​​មុត​ច្បាស់​ជាង​គេ។

 

អេក្រង់​ Retina របស់​ iPhone លែង​ខ្លាំង​ដូច​មុន​ទៀត​ហើយ

 

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អេក្រង់​លើ​​ទូរសព្ទ Android ​កំពូល​ៗ​បាន​ផ្ដួល​អេក្រង់​របស់​ iPhone ដើម្បី​ទទួល​បាន​​តំណែង​ជា​អេក្រង់​ស្មាតហ្វូន​​ល្អ​ផ្ដាច់​គេ។ អេក្រង់​លើ​ទូរសព្ទ​ Android តែង​វិវត្តន៍​ជានិច្ច ពី​កម្រិត​ 720p HD, បន្ទាប់​មក​ 1080p Full HD ក្រោយ​មក​ទៀត​ 1440p Quad HD និង​រហូត​ដល់​ 2160p Ultra HD។

 

ដោយ​ឡែក​អេក្រង់​របស់​ iPhone ជំនាន់​ចុង​ក្រោយ​ iPhone 6s និង​ 6s Plus នៅ​តែ​មិន​អាច​ចេញ​ឆ្ងាយ​ពី​​កម្រិត​ HD និង​ Full HD ដែល​មាន​ដង់ស៊ីតេ​រូបភាព ៣២៦​ ភីកសែល​/អ៊ីញ និង​ ៤០១ ភីកសែល​/អ៊ីញ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​សូម្បី​តែ​ទូរសព្ទ​ Motorola G4 តម្លៃ​ត្រឹម​ ២០០ ដុល្លារ (​ទីផ្សារ​បរទេស) មាន​បំពាក់​អេក្រង់​ដែល​មាន​កម្រិត​រូបភាព​ និង​ ដង់ស៊ីតេ​ដូច​​នឹង​ iPhone 6s Plus តម្លៃ​ក្បែរ​មួយ​ពាន់​ដុល្លារ​ដែរ។

 

​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Apple នឹង​អាប់ដេត​អេក្រង់​ iPhone ជំនាន់​ថ្មី​ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​នេះ។ អ្នក​ប្រើ​ប្រាស់​អាច​នឹង​ត្រូវ​រង់ចាំ​មួយ​ឆ្នាំ​​ដើម្បី​ឃើញ​ការ​វិវត្តន៍​ថ្មី​នៃ​អេក្រង់​ iPhone ពេល​ដែល​ iPhone 8 ចេញ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​បំពាក់​​អេក្រង់​ OLED៕​​

 

ចុច​អាន៖ កុំព្យូទ័រ​ដំបូង​របស់​ Apple លក់​បាន​តម្លៃជាង ៨០មឺុន ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing​