​គូស្វាមីភរិយា គង់ សុជាតិ និង ជា វិបុល រៀបការជិត៤ឆ្នាំទៅពិនិត្យនៅបរទេស២ដង អត់មានកូន តែមកមានកូនដូចបំណង ក្រោយជួបគ្រូពេទ្យកម្ពុជា

(ភ្នំពេញ)៖ គូភរិយាស្វាមីធ្វើដំណើរជាមួយភាពជោគជ័យ ក្នុងវិថីសិល្បៈពិធីការិនី អ្នកស្រី គង់ សុជាតិ និង ពិធីករ លោក ជា វិបុល បានចេញមុខប្រកាសរួមគ្នា ទាំងភាពរីករាយថា ពួកគាត់មានកូនដូចបំណងហើយ ដែលគិតមកដល់ថ្ងៃនេះ កូនក្នុងផ្ទៃរបស់អ្នកស្រី មានអាយុ១៨សប្តាហ៍ និង៦ថ្ងៃហើយ។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ រួមទាំងស្ត្រីមានផ្ទៃពោះផងដែរ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយដែលរៀបចំឡើងនៅមន្ទីរ សម្រាកព្យាបាលកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ពិធីការិនី គង់ សុជាតិ និងលោក ជា វិបុល បានថ្លែងទាំងមិនលាក់លៀម ជាមួយនឹងទឹកមុខញញឹម រីករាយថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពួកគាត់តែប្រាថ្នាចង់បានកូន ប៉ុន្តែទោះខិតខំតាមបែបធម្មជាតិ

យ៉ាងណាក៏មិនបានសោះ រហូតដល់ធ្លាប់ចេញទៅបរទេស ជួបពិភាក្សាជាមួយគ្រូពេទ្យបរទេស ចំនួន២លើកផងដែរប៉ុន្តែនៅតែមិនបាន លទ្ធផលទៀត។

អ្នកស្រី គង់ សុជាតិ បានឲ្យទៀតថា ដោយសារភាពល្បីល្បាញ របស់មន្ទីរសម្រាកព្យាបាលកម្ពុជា អំពីការព្យាបាលការលំបាក មានកូននេះ និងដោយមានការជំរុញ ពីមិត្តភក្តិផងដែរនោះ អ្នកស្រីបានសម្រេចចិត្តមកពិគ្រោះយោបល់ ជាមួយ អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង ដែលជានាយកគ្រប់គ្រងផ្នែក បច្ចេកទេសនៃមន្ទីរសម្រាកព្យាបាលកម្ពុជា ដោយអ្នកស្រីវេជ្ជបណ្ឌិត បានផ្តល់ការលើកទឹកចិត្ត ឲ្យពួកគាត់ព្យាយាមនៅជាមួយគ្នាឲ្យបានច្រើន (រួមភេទ) កាត់បន្ថយការងារ កាត់បន្ថយស្ត្រេស ជាដើមនោះនឹងទទួលបានឱកាស មានបុត្រដូចបំណងហើយ។

បន្ទាប់ពីទទួលបានការលើកទឹកចិត្តជារឿយៗ ពីអ្នកស្រីវេជ្ជបណ្ឌិត សុខទៀង និងមានការផ្តល់ថ្នាំជំនួយផងដែរនោះពិធីការិនីរូបនេះ និងស្វាមី បានសម្រេចចិត្តកាត់បន្ថយការងារមួយចំនួន និងបានចេញទៅដើរកម្សាន្ត នៅតំបន់បែកអឺរ៉ុប ប្រកបដោយភាពសប្បាយ រីករាយ។ ក្រោយត្រឡប់ពីដើរកម្សាន្តរួចមកស្រាប់តែអ្នកស្រីទៅពិនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យបានបញ្ជាក់ថា «អ្នកស្រីមានកូនហើយ!»។

អ្នកស្រី គង់ សុជាតិ បានថ្លែងថា «ខ្ញុំស្ទើរតែមិនជឿ នៅពេលដែលខ្ញុំពិនិត្យទឹកនោម ទើបពួកខ្ញុំទៅមន្ទីរពេទ្យពិនិត្យឈាម ទើបដឹងច្បាស់ ថា មានកូនពិតមែន។ ខ្ញុំពិតជារីករាយខ្លាំងមែនទែន»។

គូស្វាមីភរិយាដែលទើប តែទទួលមានកូនដូចបំណងនេះ បានឲ្យដឹងថា កូនក្នុងផ្ទៃរបស់អ្នកស្រី ជាកូនស្រី ហើយនឹងត្រូវសម្រាលនៅកំឡុង ពាក់កណ្តាល ខែមករា ឆ្នាំ២០១៧។

ជាមួយគ្នានេះ អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង នាយកគ្រប់គ្រងផ្នែកបច្ចេទេស នៃមន្ទីរសម្រាកព្យាបាលកម្ពុជា បានចូលរួមអបអរសាទរ ដល់អ្នកស្រី គង់ សុជាតិ និង លោក គង់ វិបុល ដែលទទួលបានបុត្រ តាមបំណងប្រាថ្នានេះ។

អ្នកស្រីវេជ្ជបណ្ឌិតក៏បានផ្តល់នូវដំបូន្មានល្អៗ និងបកស្រាយចម្ងល់ជាច្រើន ជូនស្ត្រីមានផ្ទៃពោះ រួមទាំងអ្នកស្រី គង់ សុជាតិ ផងដែរ ដោយជំរុញឲ្យថែរក្សាសុខភាព និងប្រុងប្រយ័ត្នក្នុងពេលមានផ្ទៃពោះក្នុងដំណាក់កាលប៉ុន្មានខែដំបូង ពិសេសត្រូវទៅពិនិត្យតាមដាន សុខភាព ឲ្យបានទៀតទាត់នៅមន្ទីរពេទ្យ ឬតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

លោក ហោ សំណាង ស្ថាបនិក និងជានាយកគ្រប់គ្រង មន្ទីរសម្រាកព្យាបាលកម្ពុជា បានធ្វើបទបង្ហាញជូនបងប្អូនស្ត្រីអំពីជីវប្រវត្តិ នៃការកកើតមន្ទីរសម្រាកព្យាបាលកម្ពុជា រួមទាំងសេវាកម្ម របស់មន្ទីរសម្រាកព្យាបាលកម្ពុជា។

លោក ហោ សំណាង បានបញ្ជាក់ថា ការបង្កើតនូវមន្ទីរសម្រាកព្យាបាលកម្ពុជានេះ ឡើងមិនមែនជារឿងចៃដន្យនោះទេគឺជាការប្តេជ្ញា តាំងចិត្តខ្ពស់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបបញ្ហាពិបាលមានកូនគ្រប់កម្រិត ដោយមិនចាំបាច់ចេញទៅបរទេសឡើយ
និងក៏ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលកម្ពុជាគឺជាមន្ទីរសំរាកព្យាបាលឈានមុខគេនៅកម្ពុជាក្នុងការនាំមកនូវបច្ចេកវិទ្យា បង្កកំណើតកូនក្នុងកែវ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការលំបាកក្នុងការមានកូនតាមធម្មជាតិ។ លោកបានបន្ថែមទៀតថា បើទោះជា មន្ទីរសំរាកព្យាបាលកម្ពុជា ទើបតែមានអាយុ២ឆ្នាំក៏ដោយ គិតមកត្រឹម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១៦ ខាងមុខនេះប៉ុន្តែអត្រា នែការជោគជ័យ ស្មើនឹងបណ្តាប្រទេសនៅក្នុងតំបន់ អឺរ៉ុប និងអាមេរិក។ ពោលប្រៀបបាននឹងការលើក Labo ពីអាមេរិក មកកម្ពុជា ទាំងមូលតែម្តង។ មន្ទីរសម្រាកព្យាបាលកម្ពុជា មានទីតាំងស្ថិតនៅខាងជើង របងបឋមសិក្សាដូនពេញ ទូរស័ព្ទ ០២៣ ២២២២ ៩៥។

លោក ហោ សំណាង បានឲ្យដឹងថាផងដែរថា ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ មានគូស្វាមី ភរិយាដែលពិបាកមានកូន បានប្រើប្រាស់សេវាបង្កកំណើតកូនក្នុងកែវ ចំនួន៤៧១នាក់ ដែលជាលទ្ធផលអ្នកទទួលបានកូនដូច បំណងចំនួន ៣១៦នាក់ស្មើនឹង៦៨ភាគរយ។ ក្រៅពីការបង្កកំណើតកូនក្នុងកែវ មន្ទីរសម្រាកព្យាបាលកម្ពុជា ក៏បានជួយអ្នកលំបាក មានកូនកម្រិតធម្យម និងស្រាលទទួល បានជោគជ័យ១០៤០នាក់ ហើយក្នុងនោះមាន៨៤០គ្រួសារបានសម្រាលរួចហើយ៕

 

ប្រភព៖ freshnewsasia


Related Posts