លោក សម រ​ង្ស៊ី ស្តីបន្ទោស​មេ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​ហៅ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ថា​លក់​ឧត្តមគតិ​ខ្លួន​ដែល​ប្រជារាស្ត្រ​ខំ​ផ្តល់​សេចក្តី​ទុកចិត្ត ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MJ Cnrp France លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​ប្រទេស​បារាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ និង​បំណង​ច្បាស់លាស់​ក្នុង​ការ​សង្គ្រោះ​ជាតិ ពិសេស​នោះ​បុព្វហេតុ​ច្បាស់លាស់​ទើប​មានការ​គាំទ្រ​ពី​ប្រជារាស្ត្រ ។ 

លោក​បញ្ជាក់​ថា «​យើង​ត្រូវ​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​ប្រជារាស្ត្រ និង​ឧត្តមគតិ​ខ្លួន ។ ជាង​នេះ​ទៀត យើង​ត្រូវ​មាន​អ្នកដឹកនាំ​ត្រឹមត្រូវ​មិន​បែក​ខ្ចាយ ដូច​ជា​អ្នកដឹកនាំ​មួយ​ចំនួន​នោះ​ទេ​។ ដូច​ជា​សម័យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​នោះ យើង​មានការ​សោកស្តាយ ព្រោះ​អ្នកដឹកនាំ​លះបង់​ឧត្តម​គិត​ដើម​របស់​ខ្លួន​» ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​ថា កាល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ​បែរជា​មិន​គោរព​តាម​ឆន្ទៈ​រាស្ត្រ និង​បែរជា​ក្បត់​រាស្ត្រ​ទៅ​វិញ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដួច​ជា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ចនោះ​ទេ ទោះបីជា​គេ​ធ្វើបាប និង​បំបែកបំបាក់ តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បែកបាក់​នោះ​ទេ ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ទៀត​ថា គណបក្សកាន់អំណាច​បាន​ខិតខំ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ជួយ​សម្រួល​ដល់​គណបក្ស​តូច​ៗ​ដែល​ទើប​បង្កើត ។ ផ្ទុយ​ទៅ​វិញ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្លាច​ទេ ព្រោះថា​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ​មិន​ដូច​លើក​មុន​នោះ​ទេ ។

លោក សម រ​ង្ស៊ី លើក​ឡើង​ទៀត​ថា គណបក្សកាន់អំណាច​បាន​និង​កំពុង​ធ្វើបាប​គណបក្សប្រឆាំង ចំណែក​គណបក្ស​ផ្សេង​ៗ​ទៀត​គណបក្សកាន់អំណាច​មិន​ធ្វើ​ទេ ។ ជាង​នេះ​ទៀត គណបក្ស​នោះ​ថែម​ទាំង​បាន​ជួយ​ផ្តល់​និង​ផ្គត់ផ្គង់​ដល់​គណបក្ស​តូច​ៗ​ដែល​ទើប​បង្កើត​ថ្មី​ថែម​ទៀត សម្រាប់​វាយប្រហារ​មក​លើ​គណបក្សប្រឆាំង ។

ទោះជា​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី បាន​សម្តែង​សុទិដ្ឋិនិយម​ថា មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ប្រទេស​ជាតិ ។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា​ជា​ក្តី​សុបិន ព្រោះថា​ការ​បោះ​ឆ្នោត​មិន​ទាន់​មក​ដល់ ដូច្នេះ​មិន​ទាន់​អាច​ទស្សន៍​ទាយ​ជា​មុន​បាន​ទេ ។

ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​នៅឡើយ​ទេ ។ មានការ​កត់​សម្គាល់ថា ប្រធាន​គណបក្សប្រឆាំង​តែងតែ​រិះគន់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​ជា​រឿយ​ៗ ខណៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្លាប់​បាន​ដឹកនាំ​ប្រទេស ។ ពិសេស​ទៀត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​ធ្លាប់​បណ្តេញ​លោក​សម រ​ង្ស៊ី ចេញពី​បក្ស​ទៀត​ផង​កាល​គ្រា​ដំបូង ៕